-
ប៉ូលិសដោះលែងលោក សុខ ឈុនអឿង
- ថ្ងៃចេញផ្សាយ ២១-មករា-២០១៤
នគរបាលរាជធានីភ្នំពេញ បានដោះលែងប្រធានស្ដីទីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក សុខ ឈុនអឿង វិញហើយ នៅព្រឹកថ្ងៃទី២០ ខែមករា។លោក សុខ ឈុនអឿង ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកាន់ការជំនួសលោក វន់ ពៅ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែមករា ខណៈលោកចូលរួមធ្វើពិធីបួងសួងនៅមុខព្រះអង្គដងកើ សូមឲ្យវត្ថុសក្ដិសិទ្ធិជួយបន្ទន់ចិត្តរដ្ឋាភិបាលឲ្យដោះលែងមនុស្ស ២៣នាក់ដែលជាប់ពន្ធនាគារត្រពាំងផ្លុង។លោក សុខ ឈុនអឿង មានប្រសាសន៍ថា ការចាប់ខ្លួនលោកទៅសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញ ជាទង្វើរំលោភសិទ្ធិមនុស្សនិងរដ្ឋធម្មនុញ្ញ។លោកបន្តថា ការឃាត់ខ្លួនលោករយៈពេលមួយយប់នេះ មិនត្រូវបានអាជ្ញាធរប្រាប់ថា មូលហេតុអ្វីឡើយ គ្រាន់តែប៉ូលិសប្រាប់ថា ធ្វើតាមបញ្ជាមេប៉ុណ្ណោះ។លោកបញ្ជាក់ថា ប៉ូលិសឲ្យលោកសន្យាលើចំណុចចំនួនបីរួមមាន ហាមមិនឲ្យធ្វើបាតុកម្មខុសច្បាប់ ហាមមិនឲ្យញុះញង់ឲ្យមានបាតុកម្ម ឬកូដកម្ម និងត្រូវរាយការណ៍ពីសកម្មភាពទាំងឡាយដែលខុសច្បាប់។ទោះយ៉ាងណាក៏ដោយ តំណាងអង្គការនិងសហជីពសរុបចំនួន ៨ គ្រោងដាក់ពាក្យទៅសាលារាជធានីភ្នំពេញ សុំច្បាប់ធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅថ្ងៃអាទិត្យ សប្ដាហ៍ក្រោយ ដើម្បីទាមទារដោះលែងអ្នកជាប់ឃុំនៅគុកត្រពាំងផ្លុង ២៣នាក់ និងទាមទាររកយុត្តិធម៌ឲ្យអ្នកស្លាប់ ៤នាក់ និងរបួសជិត ៤០នាក់ ក្នុងការបង្ក្រាបបាតុកម្មរបស់កងកម្លាំងរដ្ឋាភិបាលលើក្រុមកម្មករ កាលពីដើមខែមករា ឆ្នាំ២០១៤៕ ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤។