• មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​បក្ស​សង្គ្រោះ​ជាតិ​រង​ការ​គំរាម​សម្លាប់​

    • ថ្ងៃចេញផ្សាយ ២២-មករា-២០១៤

    មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត និង​ជា​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​កំពង់ឆ្នាំង ទទួលរង​នូវ​ការ​គំរាម​សម្លាប់​ដោយ​ជន​មិន​ស្គាល់មុខ​តាមរយៈ​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា​។​​មន្ត្រី​រូបនេះ​កំពុងតែ​ស្វែងរក​ទីតាំង​មាន​សុវត្ថិភាព​ដើម្បី​លាក់ខ្លួន​បណ្ដោះអាសន្ន និង​មាន​គម្រោង​ប្ដឹងទៅ​ក្រុមប្រឹក្សា​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ទៅ​អង្គការក្រៅរដ្ឋាភិបាល​នានា ឲ្យ​ជួយ​អន្តរាគមន៍​ជុំវិញ​ករណីនេះ​។​​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត និង​ជា​សមាជិក​សកម្ម​១​រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ប្រចាំខេត្ត​កំពង់ឆ្នាំង លោក ដួង ច​ន្ដ្រា បានបញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៥ ខែមករា ថា រូបលោក​បានទទួល​ទូរស័ព្ទ​ពី​ជនអនាមិក​ម្នាក់​គំរាម​សម្លាប់​លោក ប្រសិនបើ​ហ៊ាន​ចេញមុខ​តវ៉ា ឬ​ចូលធ្វើ​បាតុកម្ម​អ្វី​បន្តទៀត​នោះ​។​​លោក ដួង ច​ន្ដ្រា មានប្រសាសន៍ថា ទូរស័ព្ទ​ដែលមាន​លេខ ០៨៨ ៣ ៥៧៦ ១៦១ បាន​ហៅ​មក​លោក​នៅ​ម៉ោង​ប្រហែលជា ១០​កន្លះ​ព្រឹក បាន​គំរាម​សម្លាប់​មកលើ​រូបលោក​នៅពេលនេះ គឺជា​រឿង​នយោបាយ ដោយ​លោក​អះអាងថា កន្លងមក​លោក​មិន​ដែលមាន​គំនុំ ឬ​ប្រព្រឹត្ត​អ្វី​ខុស​ក្នុង​រឿង​ផ្ទាល់ខ្លួន​ជាមួយនឹង​អ្នកដទៃ​ឡើយ​៖ «​គេ​តេ​ចូលមក (​ទូរស័ព្ទ​ចូលមក​) គេ​សួរថា អាត្រា​មែន​ហ្នឹង​? បាទ​! ខ្ញុំ​ហ្នឹងហើយ​។ម៉េច​ហើយ​គណបក្ស​អ្ហែង​? ពេលឮ​អ៊ីចឹង​ខ្ញុំ​ក៏​សួរ​ទៅវិញ​ថា លោក​នៅ​ខាង​ណា​?​គេ​ថា​មិនបាច់​សួរ​ទេ បើ​អ្ហែង​ចេញ​មុខជា​លើក​ទី​២ អញ​នឹង​កម្ទេចចោល​»​។​​វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ ០៨៨ ៣ ៥៧៦ ១៦១ ដែល​មន្ត្រី​គណបក្សប្រឆាំង​អះអាងថា ជនអនាមិក​បាន​ប្រើប្រាស់​លេខ​ទូរស័ព្ទ​នេះ ដើម្បី​គំរាមកំហែង​មកលើ​ខ្លួន ក៏ប៉ុន្តែ​មិនអាច​ទាក់ទង​បានទេ នៅ​ថ្ងៃទី​៥ ខែមករា​។​​យ៉ាងណា​ស្នងការរង​ខេត្តកំពង់ឆ្នាំង លោក លី វីរៈ បាន​មានប្រសាសន៍ថា ស្ថានភាព​សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង មាន​ភាពល្អប្រសើរ​ជាធម្មតា​។ លោក​បន្តថា ខាង​សមត្ថកិច្ច​នឹង​ចាត់វិធានការ​ស៊ើបអង្កេត ប្រសិនបើ​មាន​ពាក្យបណ្ដឹង ក៏ប៉ុន្តែ​ករណី​គំរាមកំហែង​ទៅលើ​មន្ត្រី​គណបក្សប្រឆាំង​នេះ លោក​នៅ​មិនទាន់​ទទួលបាន​ពាក្យបណ្ដឹង ឬ​ព័ត៌មាន​អ្វី​នៅឡើយ​ទេ​។​​ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី ចរិយា មានប្រសាសន៍ថា ករណី​គំរាម​សម្លាប់ គឺជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​បើ​ការគំរាមកំហែង​នោះ​គឺជា​ចេតនា​នយោបាយ គេ​អាច​ចាត់ទុកថា ជាការ​គំរាមកំហែង​ផ្នែក​នយោបាយ និង​លោភ​សិទ្ធិមនុស្ស​។ករណីនេះ​ទាមទារ​ឲ្យ​ជនរងគ្រោះ ឬ​អ្នក​ដែល​ទទួលរង​នូវ​ការ​គំរាម​នោះ​ធ្វើការ​ប្ដឹងផ្ដល់ ដើម្បី​ឲ្យ​សមត្ថកិច្ច​ដឹង​ច្បាស់​អំពី​ប្រវត្តិ​នៃ​ដំណើររឿង និង​តម្រុយ​ខ្លះៗ ក្នុងការ​ចាប់ផ្ដើម​ស៊ើបអង្កេត​ករណីនេះ​។​​លោក នី ចរិយា​៖ «​ខ្ញុំ​យល់ថា ទិដ្ឋភាព​ពី​ម្សិលមិញ​នេះ​ដែលមាន​ការបង្ក្រាប​ដោយ​ប្រើ​សុទ្ធតែ​យោធា​នេះ បង្ហាញថា សញ្ញា​ខាង​នយោបាយ​ទទួលរង​ការគំរាមកំហែង​ហើយ​ទៅលើ​គណបក្ស​ដែល​មិន​កាន់អំណាច​។ អ៊ីចឹង​ទេ អាចធ្វើ​ឲ្យ​ការធ្វើ​ឲ្យ​ការគំរាមកំហែង​ខាង​នយោបាយ ឬក៏​ហិង្សា​នយោបាយ​អាច​នឹង​កើតឡើង​ច្រើន​នៅតាម​មូលដ្ឋាន​បន្តទៅទៀត​ពី​សមត្ថកិច្ច​របស់​រដ្ឋ​ហ្នឹងឯង​»​។​​ទាក់ទង​នឹង​ករណី​គំរាមកំហែង​ទៅលើ​សកម្មជន និង​មន្ត្រី​គណបក្សប្រឆាំង​នេះ កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៣ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​ធ្លាប់​ទទួលរង​នូវ​ការ​គំរាម​បាញ់សម្លាប់ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook) ដែរ​។ រហូតមកដល់​ពេលនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​មិនទាន់​អាច​វែកមុខ​រក​ជនល្មើស​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស​បាន​នៅឡើយ​ទេ​៕ ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៤។