• អង្គការ​លីកាដូ និង​អង្គការ​លើកលែងទោស​អន្តរជាតិ ថ្កោលទោស​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

    • ថ្ងៃចេញផ្សាយ ២៧-មករា-២០១៤

    អង្គការ​លីកាដូ និង​អង្គការ​លើកលែងទោស​អន្តរជាតិ នៅ​ថ្ងៃអាទិត្យ​ទី​២៦ ខែមករា​នេះ ចេញ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ ពាក់ព័ន្ធ​នឹង​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​​ពីរ​ថ្ងៃមុន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ស្ដីពី​កម្ពុជា ដែល​នឹង​ប្រព្រឹត្តិ​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៤​ខាងមុខ ក្រុមអ្នកច្បាប់​ការពារ និង​លើកស្ទួយ​សិទ្ធិមនុស្ស លីកាដូ និង​អង្គការ​លើកលែងទោស​អន្តរជាតិ អំពាវនាវ​ឲ្យ​រដ្ឋ​ដែលជា​សមាជិក​អង្គការសហប្រជាជាតិ​ជួយ​ដោះស្រាយ​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​​នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម ដែល​ផ្ញើ​ទៅកាន់​ក្រុមការងារ​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស កាលពី​ខែមិថុនា ឆ្នាំ​២០១៣ អង្គការ​លីកាដូ និង​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​រំលេច​ឲ្យ​ឃើញ​ពី​ភាព​យ៉ាប់យ៉ឺន​របស់​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣ និង​បានផ្ដល់​អនុសាសន៍​ជា​បន្តបន្ទាប់​។​​ចាប់តាំងពី​ដើមឆ្នាំ​២០១៤​មក បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយ​រួមបញ្ចូល​ទាំង​ការគំរាមកំហែង​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស​ផងដែរ​។ ការបង្ក្រាប​មួយ​បានធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​បួន​នាក់​ស្លាប់​, បាត់​ខ្លួន​២​នាក់ រាប់សិប​នាក់​រងរបួស និង​មនុស្ស​២៣​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់​ឃុំឃាំង​។​​សេចក្ដីថ្លែងការណ៍​អំពាវនាវ​ឲ្យ​ដោះលែង​ជាបន្ទាន់​នូវ​មនុ​ស្សទាំង​២៣​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២ និង​ទី​៣ ដើមខែ​មករា ឆ្នាំ​២០១៤​នេះ ហើយ​ថា ពួកគេ​ទាំង​២៣​នាក់ គួរតែ​ទទួលបាន​នូវ​ការព្យាបាល​យ៉ាង​ឆាប់រហ័ស​ពី​គ្រូពេទ្យ​របស់​ពួកគេ​។​​សេចក្ដីថ្លែងការណ៍​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ការប្រើប្រាស់​កម្លាំង​សន្តិសុខ បង្ក្រាប​លើ​បាតុករ និង​ការប្រមូលផ្ដុំ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ឲ្យ​បញ្ចប់​នូវ​ការប្រើប្រាស់​អាវុធ​ធុន​ស្រាល ដើម្បី​គ្រប់គ្រង​មហាជន អំពាវនាវ​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​លើ​ការប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ប្រឆាំងនឹង​បាតុករ ការទទួលខុសត្រូវ​ក្នុងការ​រំលោភ​លើ​សិទ្ធិមនុស្ស និង​ផ្ដល់​សំណង​ដល់​ជនរងគ្រោះ ព្រមទាំង​អំពាវនាវ​ឲ្យ​ដក​បម្រាម​លើ​ការប្រមូល​ផ្ដុំគ្នា ដែល​មិនមាន​មូលដ្ឋាន​ច្បាប់ ឲ្យ​បញ្ឈប់​ការរំលោភ និង​ចាប់ខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស​។​​កាលពី​ខែធ្នូ​ឆ្នាំ​២០១៣ កម្មករ​រោងចក្រ​បានធ្វើ​បាតុកម្ម​ទា​ម​ទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ​ក្នុង​មួយខែ ស្របពេល​ជាមួយនឹង​ការធ្វើ​បាតុកម្ម​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ប្រឆាំងនឹង​លទ្ធផល​ឆ្នោត ធ្វើ​ឲ្យ​អត្រា​នៃ​ការប្រមូល​ផ្ដុំគ្នា​កើនឡើង​ហួស​ពី​សព្វមួយដង​​ដកស្រង់​ចេញពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៤​។​