• សង្គម​ស៊ីវិល​បួងសួង​នៅ​ព្រះអង្គ​ដង​កើ​សុំ​ឲ្យ​ដោះលែង​មនុស្ស​២៣​នាក់​

    • ថ្ងៃចេញផ្សាយ ១២-កុម្ភៈ-២០១៤

    តំណាង​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល ជិត ២០០​ស្ថាប័ន បាន​ជួបជុំគ្នា​ធ្វើ​ពិធី​តាមបែប​ព្រះពុទ្ធសាសនា និង​បួងសួង​នៅ​ព្រះអង្គ​ដង​កើ ស្នើ​ឲ្យ​វត្ថុ​សក្ដិ​សិទ្ធិ​បន្ទន់ចិត្ត​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ឬ​តុលាការ ឲ្យ​ដោះលែង​មនុស្ស​ចំនួន ២៣​នាក់ ពី​ពន្ធនាគារ​ក្នុង​ខេត្តកំពង់ចាម​។ ការប្រមូលផ្តុំ​នេះ សមត្ថកិច្ច​ចម្រុះ​រដ្ឋាភិបាល មិនបាន​ពង្រាយ​កម្លាំង​រារាំង ឬ​បង្ក្រាប​ដោយ​ហិង្សា​ដូចពេលមុន​ទេ​។​​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល បណ្ដាញ​យុវជន ព្រះសង្ឃ សហគមន៍​ដីធ្លី និង​ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ បាន​បន្ត​ស្វែងរក​យុត្តិធម៌ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មនុស្ស​ចំនួន ២៣​នាក់​ពី​ពន្ធនាគារ តាមរយៈ​ធ្វើ​ពិធី​បន់ស្រន់ និង​តាមបែប​ព្រះពុទ្ធសាសនា​នៅ​ព្រះអង្គ​ដង​កើ ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែកុម្ភៈ​។​​នាយិកា​អង្គការ​សីល​កា អ្នកស្រី ធីតា ឃិះ មានប្រសាសន៍ថា សកម្មភាព​ស្វែងរក​យុត្តិធម៌​ដល់​អ្នក​ជាប់ឃុំ​ទាំង ២៣​នាក់ គឺ​តាមរយៈ​និមន្ត​ព្រះសង្ឃ​ចំនួន ២៣​អង្គ សូត្រមន្ត និង​ធ្វើ​ពិធីបួងសួង​ផ្សេងទៀត​នៅ​ព្រះអង្គ​ដង​កើ ពីមុខ​ព្រះបរមរាជវាំង​។ អ្នកស្រី​បន្តថា គោលបំណង​នៃ​ការធ្វើ​ពិធី​តាមបែប​ព្រះពុទ្ធសាសនា​នេះ គឺមាន​បំណង​បួងសួង​ស្នើសុំ​ឲ្យ​វត្ថុ​សក្ដិ​សិទ្ធិ ជួយ​បន្ទន់ចិត្ត​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឬ​តុលាការ ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង ២៣​នាក់ ឲ្យ​មាន​សេរីភាព ដោយ​គ្មាន​លក្ខខណ្ឌ​៖ «​យើង​ធ្វើ​ពិធី​ច្រើន​ផ្លូវ គឺ​ផ្លូវ​ងងឹត​ក៏​ធ្វើ ផ្លូវ​ភ្លឺ​ក៏​ធ្វើ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រាកដថា យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​។ មានជំនឿថា វត្ថុ​សក្ដិ​សិទ្ធិ​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​ពិភពលោក​យើង​ហ្នឹង ធ្វើយ៉ាងណា​ឲ្យ​មេដឹកនាំ​រដ្ឋាភិបាល និង​ប្រធាន​តុលាការ អនុវត្ត​ទៅតាម​ច្បាប់ និង​ផ្តល់​យុត្តិធម៌​ដល់​មនុ​ស្សទាំង ២៣​នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ​»​។​​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត និង​ជា​ប្រធាន​ក្រុម​មេធាវី​សមាគម​អាដហុក លោក ណៃ វ៉ង់​ដា ក៏បាន​ឲ្យ​ដឹង​ក្នុង​ពិធីបួងសួង ដោយ​រំពឹងថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​តុលាការ នឹង​ពិចារណា​ផ្តល់​យុត្តិធម៌ ឬ​ដោះលែង​មនុស្ស​ចំនួន ២៣​នាក់ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ព្រោះ​លោក​យល់ថា ថ្មីៗ​នេះ​សមត្ថកិច្ច​រដ្ឋាភិបាល បាន​បិទ​បញ្ចប់​ការស៊ើបអង្កេត​ព្រឹត្តិការណ៍​ផ្ទះ​អាវុធ ដែល​បានសម្លាប់​មនុស្ស និង​ចាប់ខ្លួន​មេដឹកនាំ​សមាគម សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ ទាំង ២៣​នាក់​នេះហើយ​៖ «​ឲ្យ​មន្ត្រី​តុលាការ និង​មន្ត្រី​រដ្ឋាភិបាល លោក​យល់​នូវ​យុត្តិធម៌ ហើយ​ធ្វើការ​ដោះលែង​មនុស្ស​ទាំង ២៣​នាក់​ពី​ពន្ធនាគារ​។ ហើយ​ឈប់​ប្រើ​អំពើហិង្សា និង​អំពើ​ព្រៃផ្សៃ​មកលើ​ពលរដ្ឋ​ខ្លួនឯង​»​។​​មនុស្ស​ទាំង ២៣​នាក់ ដែល​ជាប់​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង និង​មាត់​ឃ្មង់ ត្រូវបាន​កម្លាំងចម្រុះរ​ដ្ឋា​ភិ​បាល ចាប់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​ការប្រមូលផ្តុំ​ធ្វើបាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ របស់​ក្រុមកម្មករ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២ និង​ទី​៣ ខែមករា​។​​ភរិយា លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​កំពុង​ជាប់ឃុំ​ស្ថិតក្នុង​ចំណោម​មនុស្ស​ទាំង ២៣​នាក់ បាន​ឲ្យ​ដឹងថា ស្វាមី​របស់គាត់​ដែលមាន​ជំងឺ​ប្រចាំកាយ​មុនពេល​ត្រូវ​កម្លាំង​កងពលតូច​ពិសេស​ទ័ព​ឆត្រយោង​៩១១ វាយ​សំពង​លើ​រាងកាយ មុន​បញ្ជូនទៅ​ពន្ធនាគារ​នោះ ពេលនេះ​អាកា​រៈ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​។អ្នកស្រី​បន្តថា ស្វាមី​គាត់​ទំនងជា​ត្រូវស្លាប់​ក្នុង​ពន្ធនាគារ បើ​តុលាការ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ទេ​៖ «​ជំងឺ​រ៉ាំរ៉ៃ​របស់គាត់​ធ្ងន់ធ្ងរ គឺ​ជំងឺ​ក្រពះ និង​ពោះវៀន គឺ​រលាក​ធ្ងន់ធ្ងរ​មែនទែន​។ ហើយ​សព្វថ្ងៃនេះ គាត់​រាក និង​ក្អួតចង្អោរ​ខ្លាំង​ជា​រៀងរាល់ថ្ងៃ​។ ហើយ​អ្វីដែល​គាត់​ព្រួយបារម្ភ​នោះ គឺ​មួយរយៈ​ពេលមុន គឺ​គាត់​ឈឺ​ស្ពឹក​មួយ​ចំហៀង​ខ្លួន គាត់​ភ័យ​បារម្ភ​គាត់​ស្លាប់​មួយ​ចំហៀង​ខ្លួន​។ ដល់ពេល​ឥឡូវនេះ គាត់​ឈឺធ្ងន់ធ្ងរ​មែនទែន ហើយ​គាត់​ភ័យខ្លាច​ខ្លួន​គាត់​ស្លាប់​នៅក្នុង​ពន្ធនាគារ​»​។​​បញ្ហា​នេះដែរ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវ​ឌូ (CCAWDU) ថ្លែងថា បញ្ហា​អ្នក​ជាប់ឃុំ​ទាំង ២៣​នាក់ នឹង​អាចមាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​បន្តទៀត​នា​ថ្ងៃ​ខាងមុខ បើ​រដ្ឋាភិបាល ឬ​តុលាការ មិន​ព្រម​ដោះលែង​ទេនោះ​៖ «​បើ​យើង​យោងទៅលើ​អង្គហេតុ​ការប្រព្រឹត្ត ឬក៏​ផ្លូវច្បាប់ ជាពិសេស លោក វន់ ពៅ គឺ​ត្រូវ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ មានន័យថា សកម្មភាព​របស់គាត់​ប្រព្រឹត្ត​នៅពេលនោះ ដែល​ត្រូវ​នាយទាហាន​ចំនួន ៣​នាក់ និង​ក្រុមហ៊ុន​ចោទ​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​គាត់​បាន​ទៅ​ហាម​គេ​កុំ​ឲ្យ​វ៉ៃ​គ្នា តែ​ទៅ​ចោទប្រកាន់​គាត់​ថា ជា​អ្នក​ប្រើ​អំពើហិង្សា​។ អាហ្នឹង​វា​ខុស​ទាំងស្រុង​។ ឥឡូវ ក្រុមហ៊ុន​បាន​ដក​ពាក្យបណ្ដឹង​វិញ​ហើយ​»​។​​ពិធី​ប្រមូលផ្តុំ ឬ​ជួបជុំ​ធ្វើ​ពិធីបួងសួង​របស់​មន្ត្រី​សង្គម​ស៊ីវិល ព្រះសង្ឃ និង​ពលរដ្ឋ​នៅ​ព្រះអង្គ​ដង​កើ ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែកុម្ភៈ កម្លាំងប្រដាប់អាវុធ​ចម្រុះ​រដ្ឋាភិបាល មិនបាន​ពង្រាយ​កម្លាំង​រារាំង ឬ​បង្ក្រាប​រាប់រយ​នាក់​ដូចពេលមុន​ទេ​។ ប៉ុន្តែ មាន​ដាក់ពង្រាយ​កម្លាំង​បង្កប់​ស្លៀកពាក់​ស៊ីវិល និង​កម្លាំង​សន្តិសុខ​ប្រមាណ ១០​នាក់ រង់ចាំ​ឃ្លាំមើល​។​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ គ្រោង​នឹង​បើកសវនាការ​លើ​បណ្ដឹង​សុំ​នៅក្រៅ​មន្ទីរឃុំឃាំង​លើ​ជនជាប់ចោទ​ទាំង ២៣​នាក់​។ មនុស្ស​ទាំង ២៣​នាក់ ត្រូវ​តុលាការ​ចោទ​ពីបទ​បង្ក​ហិង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​កាត់ដេរ ក្នុងពេល​ជួបជុំ​ធ្វើបាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ កាលពីដើម​ខែមករា​៕ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី០៧​ខែកុម្ភៈ ឆ្នាំ២០១៤។