• អ្នកគាំទ្រ ស្រែក​ទ្រហោយំ បន្ទាប់ពី​តុលាការ​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​របស់​មនុស្ស​២១​នាក់​

    • ថ្ងៃចេញផ្សាយ ១២-កុម្ភៈ-២០១៤

    ប្រជាពលរដ្ឋ​មកពី​ហគ​មន៍​បឹងកក់ បុរី​កីឡា អ្នកភូមិ​ថ្មគោល និង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ប្រមាណ ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ប្រមូលផ្តុំ​នៅមុខ​សាលាឧទ្ធរណ៍​ដើម្បី​រង់ចាំ​ស្តាប់ ការសម្រេច​របស់​សាលាឧទ្ធរណ៍ លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ​២១​នាក់​។​​បន្ទាប់ពី​ដឹងថា​ចៅក្រម​សាលាឧទ្ធរណ៍ លោក ឃុន លាង​ម៉េង បដិសេធ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេ​ង សាវឿន ប្រធាន​បណ្តាញ​កសិករ លោក ចាន់ ពុទ្ធិ​ស័​ក្ត សកម្មជន​ដី​បឹងកក់​នោះ និង​កម្មករ​ផ្សេងទៀត​នោះ ក្រុម​អ្នកគាំទ្រ បាន​ខកចិត្ត​ជាខ្លាំង ចំពោះ​សេចក្តីសម្រេច​នេះ​។ ប្រជា​សហគមន៍​ដីធ្លី បាន​ទ្រហោ​រយំ បោក​ក្បាល​នឹង​ការ៉ូឡា និង​ស្រែក​ខ្លាំងៗ ថា <<​អយុត្តិធម៌​>> និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង​២១​នាក់​នោះ ឲ្យ​មាន​សេរីភាព​វិញ និង​គ្មាន​លក្ខខណ្ឌ​។​​ស្របពេល​នោះដែរ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ បាន​ព្រមាន​បូជា​ព្រះកាយ​នៅមុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​២១​នាក់​នោះ និង​ទាមទារ​ឲ្យ​បញ្ឈប់​ការប្រើ​ឥទ្ធិពល​នយោបាយ​ទៅលើ​តុលាការ «​នៅ​ទូទាំងប្រទេស​ខ្មែរ ទោះជា​ចាប់​អ្នកណា​ដាក់ពន្ធនាគារ ក៏​ជា​ញោម​អាត្មា​ដែរ ដូច្នេះ​បើ​សម្តេច មិន​ចង់ឃើញ​អាត្មា​បូជាជីវិត នៅមុខ​ផ្ទះ​សម្តេច ដោះលែង​គ្នា​អាត្មា​ប្រញាប់​មក អាត្មា​មិនមាន​ប្រពន្ធ​មានកូន​ច្រើន​ដូច​សម្តេច​ទេ មានតែ​ខ្លួនឯង​ម្នាក់ ដូច្នេះ​មិន​ខ្លាច​សម្លាប់​ជីវិត​ឲ្យ​សម្តេច​ឃើញ​ទេ អញ្ចឹង​ដោះលែង​គ្នា​អាត្មា​»​។​​ចំណែក ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ មានប្រសាសន៍ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍​នៅពេលនេះ អយុត្តិធម៌​សម្រាប់​ជនរងគ្រោះ​។ លោក​បន្តថា ក្រុម​សហជីព​នឹង​ពិចារណា ដាក់​បណ្តឹងទាស់​តុលាការ​កំពូល ហើយ​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ «​អញ្ចឹង​អ្វីដែល​យើង​ធ្វើ​បន្តទៀត គឺ​ដាក់​ឧទ្ធរណ៍​ទៅ​កំពូល​ក្នុង​រយៈពេល​១៥​ថ្ងៃ ដាក់​តាម​នីតិវិធី ដើម្បី​ឲ្យ​ចប់​។ ហើយ​បន្ទាប់មក គឺ​សហជីប យើង​នឹង​ប្រជុំគ្នា នឹង​រៀបចំ​វិធី​ម៉េច​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប្រហែល​ចាប់ពី​ថ្ងៃស្អែក​ទៅ យើង​នឹង​រៀប​ចំពេល​ដើម្បី​ប្រជុំគ្នា​។ អ្វីដែល​ប្រជុំ​ស្អែក ដែល​ប្រជុំ​ជជែក​គ្នា​ថា​តើ​ត្រូវធ្វើ​អ្វី​បន្តទៀត​នោះ ព្រោះ​បើ​យើង​សម្រេច​ថ្ងៃនេះ យើង​សម្រេច​មិនទាន់​បានទេ ព្រោះ​សហជីព​ម្សិលមិញ​បាន​ប្រជុំគ្នា​ហើយ​ថា រងចាំ​ថ្ងៃនេះ ហើយ​រងចាំ​មើល ការដោះស្រាយ​របស់​រដ្ឋា​ភិ​បាល បើ​មិន​បានទេ នឹង​ប្រជុំគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ធំ​»​។​​បច្ចុប្បន្ននេះ នៅសល់​សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ​ចំនួន​២១​នាក់​ទៀត កំពុង​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្តកំពង់ចាម បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កម្មករ និង​កងកម្លាំងប្រដាប់អាវុធ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង និង​នៅមុខ​រោងចក្រ​យ៉ាក​ជី​ង ខណៈដែល​ពួកគេ​ចូលរួម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ ដល់ក​ម្មករ​៕ ​ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤។