• ចាងហ្វាង​កាសែត​ក្នុងស្រុក​មួយ​ចោទ​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ​គំរាម​ចាប់ខ្លួន​

    • ថ្ងៃចេញផ្សាយ ១៦-កុម្ភៈ-២០១៤

    ចាងហ្វាង​កាសែត​ក្នុងស្រុក​មួយ​ឈ្មោះ បាយ័ន មានប្រសាសន៍ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​ស្រី​សន្ធរ បាន​គំរាម​រក​ចាប់ខ្លួន​លោក ប្រសិន​លោក​ហ៊ាន​ចូល​លើ​ទឹកដី​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ លោក​បញ្ជាក់ថា ការ​គំរាម​នេះ បន្ទាប់ពី​លោក​បាន​ចុះផ្សាយ​ពី​រឿង​ល្បែងស៊ីសង ពិសេស​កន្ទុយលេខ​យួន នៅ​ស្រុក​ស្រី​សន្ធរ កាន់តែ​កើនឡើង ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អាជ្ញាធរ​ស្រុក​ជាខ្លាំង​។​ចាងហ្វាង​កាសែត​ក្នុងស្រុក​មួយ​ឈ្មោះថា កាសែត​បាយ័ន លោក សៀង ប៊ុន​សុង បាន​មានប្រសាសន៍ថា កន្លងមកនេះ​លោក​ទទួលដំណឹង​ស្ដីពី​ការ​គំរាម​រូបលោក​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​ស្រី​សន្ធរ ក្រោយពី​ចុះផ្សាយ​បាន​ប្រហែល​មួយ​សប្ដាហ៍ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​បើក​ឲ្យ​មាន​ល្បែងស៊ីសង​តាម​មូលដ្ឋាន​។​​កាលពីដើម​ខែកុម្ភៈ កាសែត​បាយ័ន បាន​ចុះផ្សាយ​អំពី​សកម្មភាព​ល្បែងស៊ីសង ពិសេស​ល្បែង​កន្ទុយលេខ​យ៉ាង​អនាធិបតេយ្យ​លើ​ទឹកដី​ស្រុក​ស្រី​សន្ធរ ដោយ​មិនមាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ចុះទៅ​បង្ក្រាប​នោះទេ និង​មន្ត្រី​ខ្លះ​ជាប់​ពាក់ព័ន្ធ​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ការប្រព្រឹត្ត​ល្បែង​ទាំងនោះ​ទៀតផង​។​​លោក សៀង ប៊ុន​សុង​៖ «​ប្រហែលជា​មួយខែ​មុន ខ្ញុំ​កាសែត​បាយ័ន ខ្ញុំ​បាន​ចុះផ្សាយ​អំពី​ករណី​ល្បែង​កន្ទុយ​លេខឆ្នោត នៅក្នុង​ទឹកដី​ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ហើយ​ក្រោយមក​ថ្មីៗ​នេះ មាន​ព័ត៌មាន​លេចឮ​ពី​អ្នកកាសែត​មួយចំនួន​បាន​ប្រាប់​ខ្ញុំ​ថា ប្រសិន​ណា​ខ្ញុំ​មាន​វត្ត​មាននៅ​ទឹកដី​ស្រុក​ស្រី​សន្ធរ សមត្ថកិច្ច​ស្រុក​ស្រី​សន្ធរ នឹងធ្វើ​ការចាប់ខ្លួន​ខ្ញុំ​។ ហើយ​មកដល់ពេលនេះ ខ្ញុំ​កំពង់ចាម វត្តមាន​នៅក្នុង​ទឹកដី​ស្រុក​ស្រី​សន្ធរ​ដែរ ប៉ុន្តែ​មិនមាន​សមត្ថកិច្ច​ណាមួយ​មក​ធ្វើការ​ឃាត់ខ្លួន​ខ្ញុំ​នោះទេ​»​។​​លោក​បញ្ជាក់ថា បើទោះបីជា​មានការ​គំរាម​រូបលោក​បែបនេះ ក៏​លោក​មិនមាន​ការភ័យខ្លាច​នោះទេ ពីព្រោះ​អ្វីដែល​កាសែត​លោក​ចុះផ្សាយ​គឺ​រឿង​ពិត ប៉ុន្តែ​លោក​គ្រាន់តែ​ចង់បាន​យុត្តិធម៌​ប៉ុណ្ណោះ​។លោក​បន្ថែមថា កន្លងមក​រូបលោក​ដែលជា​ចាងហ្វាង​កាសែត និង​ម្ចាស់​គេហទំព័រ​បាយ័ន មាន​ទីស្នាក់ការ​នៅ​រាជធានី​ភ្នំពេញក៏​ធ្លាប់​មានការ​គំរាម និង​ការប៉ុនប៉ង​សម្លាប់​ជាច្រើនលើក​ច្រើនសារ​មកហើយ​។​​ឆ្លើយតប​នឹង​បញ្ហា​នេះ អធិការ​ស្រុក​ស្រី​សន្ធរ លោក ខេង ស្រេង បាន​បដិសេធ​ទាំងស្រុង​នូវ​អ្វីដែល​ចាងហ្វាង​កាសែត​បាយ័ន បានលើកឡើង​មកនេះ​។លោក​បញ្ជាក់ថា ខាង​លោក​និង​អាជ្ញាធរ​ស្រុក​ផ្សេងទៀត​មិន​ធ្លាប់បាន​ប្រើពាក្យ​គំរាម​ដល់​អ្នកកាសែត​ នោះ ឡើយ ហើយ​ចំពោះ​ករណី​ចាងហ្វាង​កាសែត​បាយ័ន​នេះ លោក​គ្រាន់តែ​ធ្លាប់​ទូរស័ព្ទ​ទៅប្រាប់​ថា ការចុះផ្សាយ​នូវ​ព័ត៌មាន​អ្វីមួយ គឺ​សុំ ឱ្យចុះផ្សាយ​ប្រកបទៅដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​អ្នកកាសែត ពោល​គឺមាន​ភស្តុតាង​ច្បាស់លាស់ ពីព្រោះ​លោក​យល់ថា ការចុះផ្សាយ​ព័ត៌មាន​របស់​កាសែត​បា​យ័ន នៅពេល​កន្លងមក​អំពី​ស្ថានភាព​ល្បែងស៊ីសង​នៅ​ស្រុក​ស្រី​សន្ធរ មិនមាន​ចំណាត់ការ​ពី​ខាង​អាជ្ញាធរ និង​បាន​ចុះផ្សាយ​ថា មាន​អាជ្ញាធរ​ស្រុក​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នៅ​ពី​ក្រោយខ្នង​អ្នកលេង​ល្បែង​ទាំងនោះ គឺជា​រឿង​មិន​ពិត​នោះទេ​។លោក​បន្ថែមថា ផ្ទុយ​ពីអ្វី​ដែល​កាសែត​នេះ​បាន​ចុះផ្សាយ ខាង​អាជ្ញាធរ​ស្រុក​តែងតែ​ចុះបង្ក្រាប​ករណី​ល្បែង​ទាំងនោះ​ជារឿយៗ ហើយក៏​មិនមាន​មន្ត្រី​ណាមួយ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ល្បែង​នោះដែរ​។​​លោក ខេង ស្រេង​៖ «​បង​ដឹង​ហើយ​ថា ប្រសិនបើ​គាត់​មិនបាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ទេ មាន​សមត្ថកិច្ច នគរបាល​ណា​ទៅ​ចាប់គាត់​ទីមួយ​។ ទី​ពីរ​ប្រសិនបើ​គាត់​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​វា​ទាល់​តែមាន​ដីកា​ចាប់ខ្លួនបាន​ចាប់គាត់​បាន​។អ៊ីចឹង​ប្រសិនបើ​គាត់​អត់​ខុស​ផង មានរឿង​អី​ទៅ​គំរាមកំហែង​ចាប់គាត់​? ឥឡូវ​ឱ្យ​គាត់​ចូលមក ឱ្យ​គាត់​នេះ​មក តើនរ​ណាមួយ​ទៅ​ចាប់គាត់ តើនរ​ណាមួយ​មាន​សិទ្ធិ​ចាប់គាត់​?»​។​​លោក​បញ្ជាក់ថា ក្នុងការ​ឃាត់ខ្លួន ឬ​ចាប់ខ្លួន​នរណាម្នាក់ គឺ​ទាល់​តែមាន​ដីកា​ពី​តុលាការ​ទើប​ធ្វើទៅបាន មិនមែន​ចេះតែ​ដើរ​គំរាម​គេ​នោះទេ​។​​វិទ្យុ​អាស៊ីសេរី មិនទាន់​អាច​ស្នើសុំ​ការបកស្រាយ​បន្ថែម​ពី​សំណាក់​អភិបាលស្រុក​ស្រី​ស្រី​សន្ធរ គឺ​លោក ហេង វ​ន្នី ចំពោះ​ការ​គំរាម​ចាងហ្វាង​កាសែត​នេះ​នៅឡើយ​ទេ នៅ​ថ្ងៃ​១៦ កុម្ភៈ​។​​កន្លងទៅ​ថ្មីៗ​នេះ អាជីព​ជា​អ្នកកាសែត​ត្រូវបាន​គេ​មើលឃើញថា មិនសូវ​ទទួលបាន​គាំពារ​ពី​សំណាក់​អាជ្ញាធរ​ឱ្យបាន​គ្រប់គ្រាន់​នោះឡើយ តួយ៉ាង​ដូចជា​ការ​វាយ​អ្នកយកព័ត៌មាន​អន្តរជាតិ អា​.​ហ្វែ​ស​.​ប៉េ (AFP) នៅ​រាជធានី​ភ្នំពេញ ការសម្លាប់​អ្នកកាសែត​ម្នា​ក់នៅ​ខេត្តកំពង់ឆ្នាំង ការគំរាមកំហែង និង​ប្រើ​អំពើហិង្សា​ពី​សំណាក់​មន្ត្រី​កងរាជអាវុធហត្ថ​លើ​អ្នកយកព័ត៌មាន​មនសិការ​ខ្មែរ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​១២ កុម្ភៈ ជាដើម​៕ ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤។