• សមត្ថកិច្ច​រារាំង​យុវជន​៩​នាក់​មិន​ឲ្យ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​

    • ថ្ងៃចេញផ្សាយ ២១-កុម្ភៈ-២០១៤

    ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកុម្ភៈ ដើម្បី​ផ្ញើ​សារ​ជូន​រដ្ឋាភិបាល ឲ្យ​គោរព​សិទ្ធិមនុស្ស និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​។ ក្នុង​ហេតុការណ៍​នោះ កងសន្តិសុខ​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ពលរដ្ឋ​ម្នាក់​ដែល​បង្ហាញ​ការគាំទ្រ​ចំពោះ​សកម្មភាព​ទាមទារ​សិទ្ធិ​របស់​ក្រុមយុវជន​។​​កម្លាំងចម្រុះ​រដ្ឋាភិបាល និង​កងសន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ប្រដាប់​ដោយ​ខែល និង​ដំបងឆក់​រាប់សិប​នាក់ ត្រូវគេ​ដាក់ពង្រាយ​នៅ​ជុំវិញ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកុម្ភៈ​។​​យុវជន ហេង សំណាង ជា​តំណាង​ឲ្យ​ក្រុមយុវជន​ខ្មែរ​មហានគរ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​បាន​រារាំង​ពួកគេ​ដែលមាន​គ្នា​ចំនួន ៩​នាក់ មិន​ឲ្យ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទេ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ​។ យុវជន​រូបនេះ​បន្ថែមថា បន្ទាប់ពី​សមត្ថកិច្ច​បា​ន​រារាំង ពួកគេ​ក៏បាន​ទៅ​ប្រមូល​ផ្តុំគ្នា​នៅមុខ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​ធ្វើ​សន្និសីទកាសែត​នៅ​ទីនោះ​។​​យុវជន ហេង សំណាង បញ្ជាក់ថា គោលបំណង​នៃ​ការជួបជុំ គឺ​ដើម្បី​ទាមទារ​សេរីភាព ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​បម្រាម​ជួបជុំ​សម្ដែង​មតិ ស្នើ​ឲ្យ​គោរព​សិទ្ធិមនុស្ស និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​គោរព​រដ្ឋធម្មនុញ្ញ ជាដើម​៖ «​យើង​ស្នើ​ទៅដល់​រាជរដ្ឋាភិបាល កុំ​ឲ្យ​គាត់​ប្រើ​អំពើហិង្សា​វាយ​បង្ក្រាប​ទៅលើ​ប្រជាពលរដ្ឋ ជាពិសេស ត្រូវតែ​ឲ្យ​តម្លៃ​ទៅលើ​យុវជន​និស្សិត​បញ្ញវន្ត ពីព្រោះ​ពួកគាត់​ចង់​ចូលរួម​សង្គមជាតិ ចង់​ចូលរួម​ប្រឆាំង​អំពើ​អយុត្តិធម៌ ប្រឆាំង​អំពើពុករលួយ និង​រួមចំណែក​ក្នុង​ការកសាង​ប្រទេសជាតិ​។ ដូច្នេះ សូម​សំណូមពរ​ទៅដល់​រាជរដ្ឋាភិបាល កុំ​ឲ្យ​មានការ​បង្ក្រាប និង​ការ​បំបិទ​សិទ្ធិ​ប្រជាពលរដ្ឋ ពិសេស​យុវជន​តែម្តង​»​។​​កញ្ញា ជី ជី ជា​សមាជិក​ក្រុមយុវជន​ខ្មែរ​មហានគរ​ម្នាក់ទៀត បាន​សម្ដែង​ការហួសចិត្ត ដែល​អាជ្ញាធរ​បាន​រារាំង​ពួកគេ​មិន​ឲ្យ​យក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្ដែង​មតិ​ដូច​មានចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​។ យុវតី​រូបនេះ​បានចាត់ទុក​ទង្វើ​របស់​សមត្ថកិច្ច​រដ្ឋាភិបាល ថា​បាន​រំលោភ​រដ្ឋធម្មនុញ្ញ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ចំ​ថ្ងៃ​ទិវា​យុត្តិធម៌​សង្គម​ពិភពលោក នា​ថ្ងៃទី​២០ ខែកុម្ភៈ​៖ «​ពួកយើងខ្ញុំ​ជា​យុវជន សូម​ប្រកាស​ផ្សព្វផ្សាយ​ស្មារតី​នៃ​យុត្តិធម៌​សង្គម ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។ ពួក​ខ្ញុំ​សូម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបចោល​ជាបន្ទាន់ នូវ​សេចក្តីប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ហាមប្រាម​ការជួបជុំ​លើសពី​ដប់​នាក់ ព្រមទាំង​ឲ្យ​ដោះលែង​ជាបន្ទាន់​មនុស្ស​ទាំង ២១​នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​»​។​​ការប្រមូលផ្តុំ​គ្នា​របស់​ក្រុមយុវជន​នៅមុខ​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ ក៏មាន​កម្មវិធី​លែង​ចាប​ជា​និមិត្តរូប​នៃ​ការទាមទារ​សេរីភាព​ថែមទៀត​។​​សកម្មភាព​រារាំង​រប​ស់​កងកម្លាំង​កងសន្តិសុខ​ខណ្ឌដូនពេញ ឈានដល់​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បាន​សម្ដែង​ការគាំទ្រ​សកម្មភាព​របស់​យុវជន បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដោយ​ចោទថា បង្ក​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ប៉ុន្តែ​ក្រោយមក បាន​ដោះលែង​វិញ​។​ ​កងកម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ បាន​ចោទ​សកម្មភាព​របស់​ក្រុមយុវជន​ទាំងនោះ​ថា មានបំណង​បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សង្គម ឬ​សណ្ដាប់ធ្នាប់​សាធារណៈ​។​​លោក អំ សំអាត ជា​មន្ត្រី​ស៊ើបអង្កេត​អង្គការ​លីកាដូ (Licadho) បាន​តាមឃ្លាំមើល​សកម្ម​ភាព​ប្រមូលផ្តុំ​របស់​ក្រុមយុវជន ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកុម្ភៈ​។ លោក​សោកស្ដាយ​ចំពោះ​ទង្វើ និង​សកម្មភាព​របស់​សមត្ថ​កិច្ច ឬ​កម្លាំង​សន្តិសុខ​សាលា​រាជធានី ដែល​បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ​៖«​ជាការ​ឲ្យ​សោកស្ដាយ​នូវពេលដែល​ចង់​បញ្ចេញមតិ​របស់​ក្រុមយុវជន​ទាំងអស់​ហ្នឹង​ត្រូវបាន​រារាំង​។ សូម្បីតែ​សួន​ប្រជាធិបតេយ្យ ដែល​គេ​ឲ្យ​រហស្សនាម​ថា កន្លែង​ប្រជាធិបតេយ្យ​ឥឡូវ​ហ្នឹង​ត្រូវបាន​បិទ​សិទ្ធិសេរីភាព​ទាំងស្រុង​ហើយ​។ ហើយ​មិនតែប៉ុណ្ណោះ មាន​ទាំង​ការចាប់ខ្លួន​ម្នាក់ និង​វាយ​ដោយ​ហិង្សា ហើយ​នាំខ្លួន​ទៅ​ខណ្ឌ​ឲ្យ​ធ្វើ​កិច្ចសន្យា ជា​ថ្នូរ​នឹង​ការដោះលែង​ថែមទៀត​»​។​​ទាក់ទិន​បញ្ហា​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃទី​៤ ខែមករា មកម្ល៉េះ ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីណែនាំ​មិន​អនុញ្ញាត​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ណាមួយ​ប្រមូល​ផ្តុំគ្នា ឬ​ជួបជុំ​សម្ដែង​មតិ​អ្វីមួយ​នៅតាម​ទីសាធារណៈ​ទេ នៅក្នុង​កាលៈទេសៈ​នេះ​។​​ទាក់ទិន​បញ្ហា​នេះដែរ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​សកម្មភាព​បង្ក្រាប និង​ចាប់ខ្លួន​មនុស្ស​ដែល​គ្មាន​កំហុស​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៤ ថា​បាន​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​​សមាគម​អាដហុក បានចាត់ទុក​សកម្មភាព​របស់​អាជ្ញាធរ​ខណ្ឌដូនពេញ ថា​បាន​ប្រើ​កម្លាំង​ក្រៅ​ក្របខ័ណ្ឌ ចាប់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ ភក្តី នៅ​ម្តុំ​ផ្សារ​ធំថ្មី ខណៈ​យុវជន​រូបនេះ​ជិះ​ម៉ូតូ​តាមមើល​សកម្មភាព​រប​ស់​ក្រុមយុវជន​ខ្មែរ​មហានគរ ដែលមាន​គ្នា​ចំនួន ៩​នាក់ ជួបជុំគ្នា​លែង​សត្វ​ចាប ដើម្បី​សុំ​សុខសន្តិភាព​នៅ​ថ្ងៃ​ទិវា​យុត្តិធម៌​សង្គម​ពិភពលោក នាទី​លាន​ប្រជាធិបតេយ្យ​៕ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤។