• ប៉ូលិស​រារាំង​សហគមន៍​ដីធ្លី​ប៉ុនប៉ង​ទៅ​បួងសួង​នៅមុខ​តុលាការ​កំពូល​

    • ថ្ងៃចេញផ្សាយ ៤-មីនា-២០១៤

    សហគមន៍​បឹងកក់ បុរី​កីឡា ថ្មគោល​ជាង ១០០​នាក់ ដែល​ចង់​ធ្វើដំណើរ​ទៅ​បួងសួង​បន់ស្រន់​នៅមុខ​តុលាការ​កំពូល ស្នើសុំ​ឲ្យ​ដោះលែង​បាតុករ និង​ពលរដ្ឋ ២១​នាក់​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នៅ​ខេត្តកំពង់ចាម​។​​ពលរដ្ឋ​សហគមន៍ និង​កម្លាំង​អាជ្ញាធរ​ទាំងនោះ បាន​ប៉ះទង្គិច​គ្នា​នៅក្បែរ​ព្រះបរមរាជវាំង នៅ​គ្រា​ដែល​អាជ្ញាធរ​ឆក់​ដណ្ដើមយក​ស្គរ និង​អាគុយ​របស់​អ្នកភូមិ ដើម្បី​បញ្ឈប់​ការតវ៉ា​របស់​ពួកគេ​។​​ពលរដ្ឋ​សហគមន៍​ដីធ្លី ២​នាក់ ក្នុងចំណោម​ជាង ១០០​នាក់ បាន​រងរបួស​នៅមុខ​សាលាខណ្ឌ​ដូនពេញ នៅ​ថ្ងៃទី​៣ មីនា នៅពេលដែល​ពួកគេ​ព្យាយាម​ទៅសុំ​ឲ្យ​អាជ្ញាធរ​ប្រគល់​ស្គរ និង​អាគុយ​ជា​សម្ភារៈ​សម្រាប់​ធ្វើបាតុកម្ម កូដកម្ម​មកវិញ បន្ទាប់ពី​អាជ្ញាធរ​បាន​ឆក់​ដណ្ដើម​យកទៅ​ទុក​។​​អ្នករបួស​នោះ​រួមមាន អ្នកស្រី ភួង សុភាព តំណាង​សហគមន៍​ថ្មគោល របួស​ឈាម​ច្រមុះ និង​អ្នកស្រី ចាន់ ធឿន តំណាង​សហគមន៍​បុរី​កីឡា ហើម​ស្មងជើង​។​​អ្នកស្រី ភួង សុភាព ប្រាប់​អ្នកកាសែត​ថា ពួកគាត់​ចង់បាន​សម្ភារៈ​មាន​ស្គរ និង​អាគុយ​ដែល​កម្លាំង​អាជ្ញាធរ​ចាប់យក​នោះ​ទៅវិញ តែ​កម្លាំងចម្រុះ​ដែលមាន​ឯកសណ្ឋាន​ឈុតខ្មៅ បាន​ស្ទុះ​ទៅ​វាយ​ពួកគាត់​បណ្ដេញចេញ​ពីមុខ​សាលាខណ្ឌ​ដូនពេញ​៖ «​ទាត់​ខ្ញុំ​ពីរ​បី​ជើង​ទៀត ម៉េច​តាម​មក​វាយ​ខ្ញុំ​ទៀត​។​ពួក​ខ្ញុំ​គ្រាន់​តែមាន​សុំ​ស្គរ​ទៅវិញ​ទេ អត់​មាន​ប្រតាយប្រតប់​អី​ជាមួយ​គាត់​ទេ​»​។​​ប្រធាន​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលាខណ្ឌ​ដូនពេញ លោក គឹម វត្ថាបដិសេធថា កម្លាំង​សន្តិសុខ​លោក​មិនបាន​វាយ​ទៅលើ​អ្នក​តវ៉ា​ទេ​។​​អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​មកពី​អង្គការ​លីកាដូ លោក អំ សំអាត បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការរារាំង​ក្រុម​សហគមន៍​ដីធ្លី​ដែលមាន​បំណង​ហែ​ក្បួន​ទៅសុំ​ឲ្យ​តុលាការ​កំពូល​ដោះលែង​មនុស្ស ២១​នាក់​ចេញពី​ពន្ធនាគារ​ដោយ​សន្តិវិធី​។​​លោក​ចាត់ទុកថា នេះ​ជាការ​បិទ​សិទ្ធិសេរីភាព​ធ្ងន់ធ្ងរ​របស់​ពលរដ្ឋ​៖ «​ការអនុវត្ត​របស់​អា​ជ្ញា​ធរ​គឺ​ផ្ទុយ​ពីបទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល ក៏ដូចជា​មិន​គោរព​រដ្ឋធម្មនុញ្ញ​ដែល​ប្រមុខ​រដ្ឋាភិបាល​ប្តេជ្ញា​ថា គោរព​សិទ្ធិ​ជួបជុំ ការប្រមូលផ្តុំ និង​ការតវ៉ា​ដោយ​សន្តិវិធី​»​។​​ពលរដ្ឋ​សហគមន៍​ដីធ្លី​ជាង ១០០​នាក់ បាន​ស្លៀកពាក់​ស និង​រៀបចំ​បាយសី​ជាច្រើន​ថ្នាក់ មាន​គ្រាប់​ធញ្ញជាតិ​ជាដ​ង្វា​យ និង​មាន​កាន់​ទៀន ធូប ផ្កា​ភ្ញី ដោយមាន​តែង​តួ​ជាតា​ដំបង​ដែក កាន់ដំបង​ដែលមាន​សរសេរថា «​ដំបង​យុត្តិធម៌​» ដោយមាន​ការ​វាយ​ស្គរ​បំពង​សំឡេង និង​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​បាតុករ និង​ពលរដ្ឋ ២១​នាក់​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្តកំពង់ចាម មាន​សេរីភាព​វិញ​។ ពួកគេ​ទាំង ២១​នាក់​នោះ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពីដើម​ខែមករា នៅពេលដែល​មានការ​បង្ក្រាប​ក្រុមអ្នកតវ៉ា​សុំ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ​៕ ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA)​ ចុះថ្ងៃទី០៣​ ខែមិនា ឆ្នាំ២០១៤។