• សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​សៀមរាប​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​មានការ​គំរាម​

    • ថ្ងៃចេញផ្សាយ ៥-មីនា-២០១៤

    ក្នុងពេលដែល​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ក្រុង ស្រុក​ខណ្ឌ កាន់តែ​ខិតជិត​មកដល់​។​​អ្នកការពារ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​ហៅ​ការគំរាមកំហែង​នោះ ថា​ជា​អំពើ​ខុសច្បាប់​នៃ​ប្រទេស​កម្ពុជា​ផង និង​រំលោភ​ទៅលើ​សិទ្ធិមនុស្ស​ផង​។​​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ នៅ​ឃុំ​ស្វាយចេក ស្រុក​អង្គរធំ ខេត្តសៀមរាប កំពុងមាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយសារតែ​អនុប្រធាន​ភូមិ​ដែល​គាំទ្រ​គណបក្សកាន់អំណាច​តែង​គំរាមកំហែង​មកលើ​រូបគាត់​ជា​ញឹកញាប់​។​​សកម្មជន​គណបក្សប្រឆាំង​នៅក្នុង​ភូមិ​ព្រះ​គោ គឺ​លោក ស៊ាំ បាវ អាយុ ២៥​ឆ្នាំ​។គាត់​បាន​អះអាង កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៣ ខែមីនា ថា កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ កន្លងទៅ អនុប្រធាន​ភូមិ​ព្រះ​គោ ឈ្មោះ ពៅ សង បាន​គំរាមកំហែង និង​និយាយ​បញ្ឆិតបញ្ឆៀង​មិនឱ្យ​រូបលោក​ដើរ​លើផ្លូវ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ទេ​។​​លោក ស៊ាំ បាវ​៖ «​ខ្ញុំ​នៅផ្ទះ អត់​មាន​ឈ្លោះប្រកែក​អី​ទេ​! គេ​ស្អប់​ខ្ញុំ គេ​នៅ​ផឹកស្រា​ក្នុង​តូប​ទល់​មុខផ្ទះ របស់ខ្ញុំ គេ​ដៀមដាម​ថាឱ្យ​ខ្ញុំ គណបក្ស​របស់​វា​មិនដែល​ទៅធ្វើ​អី​បាន​។ បើ​វា​ល្អ​ម្ដេចក៏​មិន​ធ្វើ​ថ្នល់​ដើរទៅ​? គេ​ឈប់​ឱ្យ​ដើរ​ថ្នល់​របស់គេ​។ ខ្ញុំ​មានការ​ព្រួយបារម្ភ គឺ​គេ​ប្រមាថ គេ​ថា ប្រសិនបើជា​ដើមឈើ​វិញ គឺ​កាប់​ចោល​កុំឱ្យ​មានពូជ​»​។​​លោក ស៊ាំ បាវ បាន​បញ្ជាក់ថា អនុប្រធាន​ភូមិ​ព្រះ​គោ ឈ្មោះ ពៅ សង នោះ តែងតែ​គំរាមកំហែង​រូបលោក​ជា​ញឹកញាប់ ចាប់​តាំងតែ​ពី​ឃើញ​លោក​ចូលរួម​យ៉ាងសកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុងអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ កាលពី​ខែកក្កដា ឆ្នាំ​២០១៣ មក​។​​ទោះយ៉ាងណា​វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អនុប្រធាន​ភូមិ​ព្រះ​គោ និង​មេឃុំ​ស្វាយចេក ដើម្បី​សុំ​ការពន្យល់​ជុំវិញ​ការចោទប្រកាន់​នោះបាន​ថា​យ៉ាងណា​នៅឡើយ​។​​នៅ​ថ្ងៃ​ច័ន្ទ ទី​៣ ខែមីនា ក្រុម​ការពារ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល មាន​អង្គការ​លីកាដូ និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បានចាប់ផ្ដើម​ធ្វើ​កំណត់ហេតុ​ជាបឋម​ជុំវិញ​ករណី​គំរាមកំហែង​នោះ​។​​អ្នកស៊ើប​អង្កេត​របស់​អង្គការសិទ្ធិមនុស្ស​លីកាដូ លោក ចៅ ល័​ក្ខ​វណ្ណាបាន​មានប្រសាសន៍ថា ក្រុម​ការពារ​សិទ្ធិមនុស្ស​កំពុងធ្វើការ​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់ ដើម្បីឱ្យ​ប្រាកដថា តើ​អនុ​ប្រធានភូមិ​ព្រះ​គោ ឈ្មោះ ពៅ សង ពិតជា​បាន​គំរាមកំហែង​លើ​គណបក្សនយោបាយ​មែន ឬ​យ៉ាងណា​?​លោក ចៅ ល័​ក្ខ​វណ្ណា បាន​មានប្រសាសន៍​ទៀតថា ប្រសិនបើ​ក្រុម​អង្គការសិទ្ធិមនុស្ស​រក​ឃើញថា អនុប្រធាន​ភូមិ​ពិតជា​បាន​គំរាម​ទៅលើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មែន គឺ​វា​ជា​អំពើ​គំរាមកំហែង​ខុសច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បើ​គិត​ទៅលើ​សិទ្ធិមនុស្ស វា​ក៏​ជា​ករណី​គំរាមកំហែង​ផ្នែក​នយោបាយ​ផង​។​​លោក ចៅ ល័​ក្ខ​វណ្ណា​៖ «​វា​ផ្អែកទៅលើ​សិទ្ធិមនុស្ស​ផង ហើយ​និង​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ផង ការគំរាមកំហែង​ដែល​ធ្វើឡើង​ដោយ​ភាគី​ណាមួយ​ដែលមាន​អំណាច​ទៅលើ​ភាគី​ម្ខាង​ទៀត​ដែលមាន​ភាពទន់ខ្សោយ​ជាង វា​ជាការ​រំលោភ​សិទ្ធិមនុស្ស​»​។ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤។