• សមត្ថកិច្ច​រារាំង​ស្ត្រី​បឹងកក់​ហែ​ក្បួន​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ​

    • ថ្ងៃចេញផ្សាយ ១០-មីនា-២០១៤

    បុរី​កីឡា និង​អ្នក​ភ្នំ​បាត អតីត​អ្នក​បឹងកក់ រួមទាំង​ព្រះសង្ឃ​ប្រមាណ ២០​អង្គ​ផង ត្រូវ​កងកម្លាំង​ប្រដាប់​ដោយ​ខែល និង​ដំបង​ជាច្រើន​រយ​នាក់ រារាំង​មិន​ឲ្យ​ពួកគាត់​បាន​យក​ញត្តិ​ទៅ​ដា​ក់នៅ​ក្រសួង​កិច្ចការនារី ឡើយ​។​​ចំណែក​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដែល​ទៅ​ទទួល​ញត្តិ​របស់​អ្នកភូមិ​ដោយផ្ទាល់ បាន​សន្យាថា​នឹង​យក​ញត្តិ​របស់​អ្នកភូមិ​ប្រគល់​ឲ្យ​ក្រសួង​កិច្ចការនារី វិញ​។​​ប្រជាពលរដ្ឋ​ដែល​ធ្លាប់មាន​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹងកក់ និង​បុរី​កីឡា ក្រោម​ស្លាក​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល សម្រេច​ដកថយ​មួយ​ជំហាន​វិញ ដើម្បី​បន្ធូរបន្ថយ​ភាព​ស្ថានការណ៍ និង​បញ្ចៀស​ហិង្សា​ក្រោយពី​ប្រឈមមុខ​ដាក់គ្នា​ដ៏​តានតឹង ជាមួយ​កងកម្លាំង​បង្ក្រាប​បាតុកម្ម​ជាច្រើន​រយ​នាក់​របស់​រដ្ឋាភិបាល អស់​រយៈពេល​ជាង ២​ម៉ោង​រួចមក នៅក្បែរ​ច្រកចូល​តំបន់​បឹងកក់​។​​នៅពេល​ក្បួន​របស់​អ្នកភូមិ ក្នុងនោះ​មាន​ព្រះសង្ឃ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ផង បាន​ចេញពី​តំបន់​បឹងកក់ ឆ្លងកាត់​ជិត​ដល់​មហាវិថី​ព្រះមុនីវង្ស​។ កងកម្លាំង​ប្រដាប់​ដោយ​ខែល និង​ដំបង ដែល​បញ្ជា​ដោយផ្ទាល់​ពី លោក ភួង ម៉ា​ល័យ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រមូលផ្ដុំ​ជា​បន្តបន្ទាប់​ជាច្រើន​រយ​នាក់ រារាំង​មិនអោយ​ពួកគេ​យក​ញត្តិ​ដាក់​នៅ​ក្រសួង​កិច្ចការនារី ឡើយ​។​​លោកស្រី ទេព វ​ន្នី តំណាង​ស្ត្រី​បឹងកក់ ឲ្យ​ដឹង​ក្រោយ​ការប្រឈមមុខគ្នា​ថា ការប្រើប្រាស់​កម្លាំង​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ប្រឆាំង​ក្រុម​ស្ត្រី​អ្នកតស៊ូ​មតិ ដើម្បី​សេរីភាព គឺជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា រដ្ឋាភិបាល​ពិតជា​ខកខាន​ក្នុងការ​អនុវត្ត​សេចក្ដីថ្លែងការណ៍​ជាស​កល ស្ដីពី​សិទ្ធិមនុស្ស​។ លោកស្រី​ចាត់ទុកថា នេះ​ជាការ​អាម៉ាស់​នៅលើ​ឆាក​អន្តរជាតិ ដែល​រដ្ឋាភិបាល​ធ្លាប់បាន​សន្យា​ក្នុង​ការគោរព​សិទ្ធិ​ស្ត្រី និង​សិទ្ធិ​កុមារ និង​សន្ធិសញ្ញា​ដ៏​សន្ធឹកសន្ធាប់​ទៀត​។ក៏ប៉ុន្តែ បញ្ហា​នេះ​ត្រូវបាន​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រកឃើញថា រដ្ឋាភិបាល​នៅតែ​បំពារបំពាន​មិន​កោតញញើត​ម្ដង​ហើយ​ម្ដងទៀត​។​«​សំឡេង​»​ញត្តិ​របស់​អ្នកភូមិ ក្រៅពី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គប្បី​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​ហើយ​នោះ បានស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ដោះលែង​អ្នក​កំពុង​ជាប់ឃុំ​ទាំង ២១​នាក់ ដោយ​គ្មាន​លក្ខខណ្ឌ​ថែមទៀត​។​​ឆ្លើយតប​បញ្ហា​នេះ នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក យ៉ាន យ៉ា​ដា ដែល​បានទទួល​ញត្តិ​ដោយផ្ទាល់​ពី​សហគមន៍​បឹងកក់ សន្យា​នៅ​ចំពោះមុខ​អ្នកភូមិ​ថា ថ្វីបើ​ក្រុមអ្នកតវ៉ា​មិនបាន​យក​ញត្តិ​ទៅដោយ​ផ្ទាល់ ក៏ប៉ុន្តែ​សំណើ​នេះ​នឹង​បាន​ដល់ដៃ​ក្រសួង​កិច្ចការនារី ដូច​អ្វីដែល​ពួកគាត់​រំពឹងទុក​ដូច្នេះ​ដែរ​។​«​សំឡេង​»​យ៉ាងណា ការប្រឈមមុខ​ដាក់គ្នា​រវាង​ប្រជាពលរដ្ឋ និង​ក្រុម​សមត្ថកិច្ច​របស់​រដ្ឋាភិបាល កាលពី​ព្រឹក​ថ្ងៃទី​៨ មីនា ពុំ​បណ្ដាល​ឲ្យ​មាន​ហិង្សា​ផ្ទុះឡើង​ទេ​។ ចំណែក​ក្រុម​អ្នក​ហែ​ក្បួន បានសម្រេច​ចិត្ត​រំសាយ​ក្បួន​វិញ ដោយ​យល់ឃើញថា ក្នុង​សហគមន៍​នៅមាន​ពិធី​ជាច្រើន​ទៀត​ដែល​ត្រូវ​រៀបចំ​ក្នុង​ទិវា​សិទ្ធិនារី​នេះ​។​​ក្រៅពីនេះ អង្គការ​សង្គម​ស៊ីវិល​ចំនួន​ពីរ គឺ​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ (NGO-CEDAW) និង​គណៈកម្មាធិការ​ស្ត្រី​កម្ពុជា (CAMBO) បានចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា នៅ​ថ្ងៃទី​៨ មីនា​។ សង្គម​ស៊ីវិល​ទាំង​នោះបាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការប្រើប្រាស់​ហិង្សា​ប្រឆាំង​លើ​ស្ត្រីភេទ​។ក្នុងន័យនេះ សង្គម​ស៊ីវិល​លើកឡើងថា ព្រោះតែ​ការប្រើ​កម្លាំងប្រដាប់អាវុធ ទើប​បណ្ដាល​ឲ្យ​បាតុកម្មអហិង្សា​កាលពីដើមឆ្នាំ​២០១៤ មាន​ស្លាប់ របួស និង​បាត់​ខ្លួន​ជាច្រើន​នាក់​។​​ភ្ជាប់​នឹង​បញ្ហា​នេះ មន្ត្រី​រដ្ឋាភិបាល​ធ្លាប់បាន​អះអាង​រួចហើយ​ថា យន្តការ​នោះ គឺជា​ការទប់ស្កាត់​ចំពោះ​ការធ្វើ​បាតុកម្ម​ពុំមាន​ច្បាប់ទម្លាប់​ប៉ុណ្ណោះ​។ ហើយ​ជាពិសេស ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ​។​​លោក អំ សំអាត មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) ដែល​ឃ្លាំមើល​ការជួបជុំ​នៅ​ថ្ងៃទី​៨ មីនា បង្ហាញ​ការសោកស្ដាយ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ដែល​ទប់ស្កាត់​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ បាន​ប្រមូលផ្ដុំ​ដើម្បី​សម្ដែង​មតិ​។ លោក​អះអាងថា នេះ​ជា​ដំណើរ​ថយក្រោយ​នៃ​ការអនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​។​«​សំឡេង​»​ពាក្យស្លោក​ជាច្រើន​ផ្ទាំង​នៅតាម​ក្រសួង មន្ទីរ និង​ទីសាធារណៈ​ផង ដែលមាន​ខ្លឹមសារ​បង្ហាញ​ចំពោះ​ការលើក​ស្ទុយ​តម្លៃ​ស្ត្រី​ក្នុង​ទិវា​សិទ្ធិនារី​។ យ៉ាងណា បញ្ហា​នេះ​ត្រូវបាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ការជួបជុំ​នៅ​ថ្ងៃទី​៨ មីនា រិះគន់ថា នេះ​ជា​មធ្យោបាយ​លើកទឹកចិត្ត​ផ្នែក​ខាងក្រៅ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​បម្រាម​នៃ​ការជួបជុំ​សម្ដែង​មតិ​វិញ ត្រូវបាន​រដ្ឋាភិបាល​រឹតត្បិត​ដោយ​កងកម្លាំងប្រដាប់អាវុធ ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​៕ ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី០៨​ ខែមិនា ឆ្នាំ២០១៤។