• សកម្មជន​សិទ្ធិមនុស្ស និង​ដីធ្លី រង​ការបាញ់ប្រហារ​ពី​ជន​មិន​ស្គាល់​មុនពេល​មកដល់​រាជធានី​ភ្នំពេញ​

    • ថ្ងៃចេញផ្សាយ ២៤-មីនា-២០១៤

    នៅ​ម៉ោង ៨​យប់​ថ្ងៃ​សៅរ៍​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល ព្រះសង្ឃ សហគមន៍​ដីធ្លី និង​គ្រួសារ​រងគ្រោះ​ដោយសារ​ការបាញ់ប្រហារ​នៅ​ផ្លូវ​វ៉េងស្រេង ដែល​ធ្វើដំណើរ​ចេញពី​ស្រុក​ជីក្រែង ខេត្តសៀមរាប រង​ការបាញ់ប្រហារ​ពី​ជន​មិន​ស្គាល់មុខ នៅ​ដែល​ពួកគាត់​ធ្វើដំណើរ​តាម​រថយន្តក្រុង មកដល់​គល់ស្ពាន​ជ្រោយ​ចង្វាយ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​​ព្រះ​តេជគុណ លួ​ន សុ​វ៉ាត ដែល​រៀបចំ​កម្មវិធី​បុណ្យ​រំលឹក​ខួប​៥​ឆ្នាំ​នៃ​ការបណ្តេញចេញ​ដោយ​បង្ខំ នៅ​សហគមន៍​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប មាន​សង្ឃដីកា​ថា បន្ទាប់ពី​បញ្ចប់​ពិធីបុណ្យ នៅថ្ងៃនេះ ក្រុម​សហគមន៍​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ ព្រះសង្ឃ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ដោយសារ​ការបាញ់ប្រហារ​នៅ​ផ្លូវ​វ៉េងស្រេង ព្រមទាំង​គ្រួសារ​អ្នក​ជាប់ឃុំ​ទាំង​២១​នាក់ សរុប​ចំនួន ៤៥​នាក់ បានធ្វើ​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញ​វិញ​។ព្រះអង្គ​បន្តថា លុះ​មកដល់​ជាយ​រាជធានី​ភ្នំពេញ មាន​ជន​មិន​ស្គាល់មុខ​ពីរ​នាក់ ស្លៀក​សំលៀកបំពាក់​ឈុតខ្មៅ ជិះ​ម៉ូតូ​វីវ៉ា បាន​បើក​គៀង​រថយន្តក្រុង​ដែល​ពួកគាត់​ជិះ ហើយ​បាន​ជិះ​ម៉ូតូ​តាម​រហូតដល់​ស្ពាន​ជ្រោយចង្វារ និង​បាន​បាញ់​សំដៅ​មក​រថយន្ត​ចំនួន​មួយ​គ្រាប់​។​​ព្រះ​តេជគុណ លួ​ន សុ​វ៉ាត បន្តថា ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នេះ ពុំ​បណ្តាល​ឲ្យ​នរណាម្នាក់​រងរបួស​ឡើយ ហើយ​ជន​មិន​ស្គាល់មុខ​នោះ បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​។​​ករណីនេះ ព្រះអង្គ​ចាត់ទុកថា ជាការ​គំរាមកំហែង និង​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​មួយ ទៅលើ​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី ព្រះសង្ឃ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ដោយសារ​ការបាញ់ប្រហារ​នៅ​ផ្លូវ​វេ​ង​ស្រេង​។​​ទាក់ទង​នឹង​ករណី​នេះដែរ ប្រជា​សហគមន៍​បឹងកក់ បានដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ខណ្ឌដូនពេញ​រួចហើយ នៅ​ម៉ោង​ជិត​៩​យប់​នេះ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​​នៅក្នុង​រថយន្ត​នោះ មាន​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ បុរី​កីឡា ថ្មគោល ព្រះសង្ឃ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល គ្រួសារ​អ្នក​ជាប់ឃុំ​ទាំង​២១​នាក់ និង​គ្រួសារ​ជនរងគ្រោះ​ដោយសារ​ការបាញ់ប្រហារ​នៅ​ផ្លូវ​វ៉េងស្រេង​។​​ការបាញ់ប្រហារ​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ ជាង​១០០​នាក់ និង​អង្គការ​នានា នៅ​រាជធានី​ខេត្ត នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ប្រមូល​ផ្តុំគ្នា នៅ​ស្រុក​ជីក្រែង ខេត្ត​សៀម​រាម ធ្វើ​ពិធី​រំឭក​ខួប​៥​ឆ្នាំ​នៃ​ការបណ្ត​ញ​ចេញ​ទាំង​បង្ខំ រឿង​ជម្លោះដីធ្លី​ទំហំ​ជាង​៤​រយ​ហិកតា​។ បន្ទាប់ពី​បញ្ចប់​ពិធីបុណ្យ ពួកគាត់​បានចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​អំពាវនាវ​រួមគ្នា ឲ្យ​រដ្ឋាភិបាល ឈប់​យក​អាវុធ ជា​វិធានការ​ដោះស្រាយ​បញ្ហា ដើម្បី​ធានា​សិទ្ធិ​ពលរដ្ឋ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​៕ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) ចុះថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៤។