• GMAC ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​មន្ត្រី CLEC ករណី​ថា​រោងចក្រ​មួយចំនួន​ចាក់សោរ​ទ្វារ បង្ខំ​កម្មករ​ធ្វើការ​ថែម​ម៉ោង​

    • ថ្ងៃចេញផ្សាយ ២៨-មីនា-២០១៤

    ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ទៅលើ​មន្ត្រី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) ប្រសិនបើ​មន្ត្រី​រូបនោះ មិន​បំភ្លឺ និង​កែតម្រូវ​ទៅលើ​អត្ថបទ​មួយ ដែល​ចោទ​រោងចក្រ​កាត់ដេរ​មួយចំនួន ថា​បាន​ចាក់សោ​ទ្វារ​រោងចក្រ បង្ខំ​ឲ្យ​កម្មករ​ធ្វើការ​បន្ថែម​ម៉ោង​។​​យោងតាម​លិខិត​របស់លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ចុះ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ ផ្ញើជូន​លោក យ៉េ​ង វិ​រៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​លើកឡើងថា នៅក្នុង​អត្ថបទ​ព័ត៌មាន​មួយ ចុះផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ លោក មឿ​ន តុលា ប្រធាន​ផ្នែក​ការងារ​របស់​មជ្ឈមណ្ឌល​នេះ បាន​ចោទប្រកាន់​ទៅលើ​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​មួយចំនួន ថា​បាន​ចាក់សោ​ទ្វារ​រោងចក្រ មិន​ឲ្យ​កម្មករ​ទៅផ្ទះ ដើម្បី​បង្ខំ​ពួកគាត់​ធ្វើការ​បន្ថែម​ម៉ោង ហើយ​បាន​យក​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ដាក់ពង្រាយ​តាម​រោងចក្រ​ដើម្បី​គម្រាម​កម្មករ​។​​លិខិត​ដដែល​បន្តថា ការចោទប្រកាន់​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា និង​ជា​ចេតនា​មួយ​ដើម្បី​ញុះញង់​ឲ្យ​កម្មករ​និ​យោ​ជិ​ក​ចូលរួម​ក្នុង​ការតវ៉ា​ទាមទារ​។​​លិខិត​របស់​ប្រធាន​សមាគម GMAC បានទាមទារ​ឲ្យ​លោក​មឿ​ន តុលា ឆ្លើយបំភ្លឺ និង​បង្ហាញ​ភស្តុតាង​ចំពោះ​ការចោទប្រកាន់​នេះ ហើយ​ប្រសិនបើ​ពុំមាន​ការឆ្លើយតប និង​កែតម្រូវ​ការចោទប្រកាន់​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេនោះ សមាគម នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។​​ទាក់ទង​នឹង​ករណីនេះ វី​អូ​ឌី មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី លោក មឿ​ន តុលា ប្រធាន​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​នេះ បានទេ​។ ចំណែក លោក យ៉េ​វ វិ​រៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បដិសេធ​អត្ថាធិប្បាយ​៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៤។