• អ្នកគាំទ្រ​វិទ្យុ​សំបុក​ឃ្មុំ ពីរ​នាក់​រងរបួស ក្នុងការ​បង្ក្រាប​របស់​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​

    • ថ្ងៃចេញផ្សាយ ៣១-មីនា-២០១៤

    បុរស​ពីរ​នាក់ ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង ១០០​នាក់ ដែលជា​អ្នកគាំទ្រ​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ រងរបួស​ក្បាល ខណៈដែល​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​ជា​ច្រើ​នាក់ វាយ​បំបែក​ពួកគេ​មិន​ឲ្យ​ប្រមូល​ផ្តុំគ្នា នៅក្បែរ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ជាថ្មី​ម្តងទៀត នៅ​ថ្ងៃ​ចន្ទ​នេះ សុំ​ដំឡើង​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​នៅតាម​ខេត្ត​។​​ប្រជាពលរដ្ឋ​មកពី​ខេត្តកណ្តាល អ្នកស្រី អើ​ង ង៉ោ ដែល​មក​ចូលរួម​បាតុកម្មអហិង្សា បាន​សម្តែង​ការខកចិត្ត​ចំពោះ​កម្លាំងចម្រុះ​រដ្ឋាភិបាល និង​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​ជាច្រើន​នាក់ ដែល​វាយ​បំបែក​ក្រុមបាតុករ មិន​ឲ្យ​ដើរទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​។​​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក​ម៉ម សូណង់ដូ ថ្លែង​ទៅកាន់​អ្នកគាំទ្រ​លោក​ថា ការចូលរួម និង​ការសហការ របស់​ប្រជាពលរដ្ឋ ជា​ផល​វិជ្ជមាន​មួយ បង្ហាញ​ទៅកាន់​សហគមន៍​អន្តរជាតិ​។ លោក​ថា លោក​នឹង​បន្តធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន​ដំឡើង​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ ឲ្យ​បានសម្រេច​តាម​បំណង​របស់​ពលរដ្ឋ​។​​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត ឲ្យ​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ ធ្វើបាតុកម្ម​ណាមួយ​នៅថ្ងៃនេះ​ទេ​។​ប៉ុន្តែ ​លោក​ម៉ម សូណង់ដូ បញ្ជាក់ថា ការ​ជម្នះ​ធ្វើ​នេះ ជា​ឆន្ទៈ និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដែល​ចង់​មាន​ស្ថានីយទូរទស្សន៍ និង​វិទ្យុ​ឯករាជ្យ​។​​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស អង្គការ លីកាដូ លោក អំ សំអាត យល់ថា រូបភាព​កម្លាំងចម្រុះរ​ដ្ឋ​ស​ភិ​បាល និង​ក្រុម​សន្តិសុខ វាយ​បង្ក្រាប​ប្រជាពលរដ្ឋ​មិន​ឲ្យ​ជួបជុំ គឺជា​រំលោភ​រដ្ឋធម្មនុញ្ញ ហើយ​ធ្វើ​ឲ្យ​លិ​ទ្ធិ​ប្រជា​ធិ​បេ​តេ​យ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ​។​​កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៤ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​អ្នកគាំទ្រ ធ្លាប់បាន​ធ្វើបាតុកម្ម​ម្តង​រួចមកហើយ ដើម្បី​ទាមទារ​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​ទៅតាម​ខេត្ត នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ហែ​ក្បួន​ទៅមុន​ក្រសួង​ព័ត៌មាន ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បោក​គ្រាប់​បែកផ្សែង ទៅលើ​ក្រុម​ប្រជាពលរដ្ឋ ដើម្បី​បំបែក​ការតវ៉ា​របស់​ពួកគេ​នៅមុខ​ក្រសួង​ព័ត៌មាន ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​នាក់ រងរបួស​ធ្ងន់ និង​ស្រាល​៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៤។