• អាជ្ញាធរ​រារាំង​ក្បួន​ដង្ហែ​បក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យចូល​ក្រុង​កំពង់ចាម​

    • ថ្ងៃចេញផ្សាយ ៥-ឧសភា-២០១៤

    មេបក្ស​សង្គ្រោះ​ជាតិ បាន​ជួបជុំ​អ្នកគាំទ្រ​របស់ខ្លួន​ជាច្រើន​ពាន់​នាក់​នៅ​ខេត្តកំពង់ចាម ដើម្បី​ដង្ហែ​ក្បួន​ឃោសនាការ​បោះឆ្នោតក្រុមប្រឹក្សា​ខេត្ត​ក្រុង ស្រុក​ខណ្ឌ នៅ​ថ្ងៃទី​៤ ឧសភា​។​​បន្ទាប់ពី​ការ​ថ្លែង​សារ​នយោបាយ​ចប់​នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធាន​គណបក្ស​លោក កឹម សុខា ក៏បាន​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​គោលដៅ​បម្រុង​ចូលទៅក្នុង​បរិវេណ​ទី​រួម​ខេត្តកំពង់ចាម ដើម្បី​ជួប​ជាមួយ​អ្នកគាំទ្រ​បក្ស​របស់ខ្លួន​។ ប៉ុន្តែ​ក្បួន​ត្រូវបាន​រារាំង​ពី​សំណាក់​អាជ្ញាធរ​ដែលមាន​សមត្ថ​កិច្ច​នៅ​គ្រប់​ច្រក​ទាំងអស់​។ការមិន​អនុញ្ញាតឱ្យ​បក្ស​សង្គ្រោះ​ជាតិ ហែ​ក្បួន​ចូល​នោះ ដោយ​អាជ្ញាធរ​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​សុំ​ការអនុញ្ញាត​ជាមុន ដែល​វា​ខុស​ទៅនឹង​នីតិវិធី​ច្បាប់​។​​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍​ដោយ​ហៅ​ការរារាំង​ក្បួន​ដង្ហែ​របស់​បក្ស​សង្គ្រោះ​ជាតិ មិន​ឱ្យចូល​បរិវេណ​ខេត្ត ឬ​ក្រុង​កំពង់ចាម នោះ​ថា គឺជា​ការប្រកាស​សមរ​ភូមិ​ប្រយុទ្ធ​ជាមួយ​ប្រជាពលរដ្ឋ ដោយ​យក​កម្លាំង​សមត្ថកិច្ច​ដែល​នៅ​ថ្នាក់ក្រោម​មក​ធ្វើជា​ខែល​ដើម្បី​រារាំង​ទឹកចិត្ត​ប្រជាពលរដ្ឋ​នោះ​។​​លោក កឹម សុខា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា អាជ្ញាធរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​បង្ហាញ​ឱ្យ​មតិ​ជាតិ​និង​អន្តរជាតិ​ឃើញថា ប្រយុទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​ឬ​? ដោយសារ​គ្រាន់តែ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​សោះ​ប្រើ​សុទ្ធតែ​កម្លាំងប្រដាប់អាវុធ សុទ្ធតែ​កាំភ្លើង​ធំ​កាំភ្លើង​តូច​អី​ទាំងអស់​។ រូបភាព​គឺជា​សមរភូមិ​ប្រយុទ្ធ ប៉ុន្តែ​សមរភូមិ​ហ្នឹង​ឃើញថា វា​អយុត្តិធម៌ សមរភូមិ​ខាង​កម្លាំងប្រដាប់អាវុធ​របស់​រដ្ឋាភិបាល យក​កម្លាំងប្រដាប់អាវុធ​មក​ប្រឆាំងនឹង​ប្រជាពលរដ្ឋ​ខ្លួនឯង​»​។​​លោក​បន្ថែមទៀតថា ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ គ្រប់​បក្សនយោបាយ​ទាំងអស់​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ឃោសនា​អំពី​បក្ស​ខ្លួន លើកលែងតែ​នៅក្នុង​តំបន់​ណា​ដែល​អសន្តិសុខ ហើយ​បម្រាម​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​មិនបាន​អនុញ្ញាត​ឱ្យមាន​ហែ​ក្បួន​ឃោសនា​នោះ គឺ​វា​ខុស​ទៅនឹង​ច្បាប់បោះឆ្នោត​។​​លោក​បញ្ជាក់ថា លោក​មិនបាន​ខឹង​ការរារាំង​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​ទាំងនោះ​ឡើយ ពីព្រោះ​ពួកគាត់​ទាំងនោះ​ធ្វើ​ទៅតាម​ការបញ្ជា​របស់​ថ្នាក់លើ​តែប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ ក្បួន​ដង្ហែ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​មិនអាច​ចូលក្នុង​បរិវេណ​ទី​រួម​ខេត្តកំពង់ចាម បាន​ដដែល ដោយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ឱ្យមាន​ការបញ្ឈប់​ការចង់​ចូលទៅក្នុង​បរិវេណ​ខេត្ត ដោយ​ខ្លាច​ការបង្ហូរ​ឈាម​ណាមួយ​កើតឡើង​។​​ឆ្លើយតប​ទៅនឹង​ការលើកឡើង​នេះ អភិបាលរង​ខេត្តកំពង់ចាម លោក ជឹម លាវ មានប្រសាសន៍ថា អាជ្ញាធរខេត្ត​មិនបាន​រារាំង​ក្បួន​ដង្ហែ​បក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យចូល​បរិវេណ​ខេត្ត​នោះទេ ប៉ុន្តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ដាក់ពាក្យ​ស្នើសុំ​មក​អាជ្ញាធរខេត្ត​ដើម្បី​ហែ​ក្បួន​ឃោសនា ហើយ​លោក​បញ្ជាក់ថា វា​ជា​រឿង​ខុស​ទៅនឹង​នីតិវិធី និង​ខុស​ទៅនឹង​បម្រាម​របស់ គ​.​ជ​.​ប​។​​លោក ជឹម លាវ​៖ «​សួនច្បារ​គឺ​ក្រុង​មិនឱ្យ​ធ្វើ​ដោយសារតែ​វា​មាន​ផ្លូវ​តូចចង្អៀត ហើយ​ឡាន​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ដល់​រាប់រយ​គ្រឿង មនុស្ស​មានតែ ៥​ពាន់​នាក់​នៅ​ផ្លូវ​សួនច្បារ​។ ការហាមឃាត់​របស់ គ​.​ជ​.​ប គឺ​មិន​អនុញ្ញាតឱ្យ​យក​កន្លែង​សួនច្បារ​ហ្នុ​ង ឬ​ទីធ្លា​សាធារណៈ​ណាមួយ​ធ្វើ​កន្លែង​ឃោសនា​ទេ អ៊ីចឹង​ក្រុង​ក៏​មិន​អនុញ្ញាតឱ្យ​ដែរ រីឯ​ការ​ឃាត់ឃាំង​មិនឱ្យ​ចូល​ក្រុង​ហ្នឹង គឺ​ដោយសារតែ​គាត់​មានច្បាប់​ទម្លាប់​ចូល​ក្រុង​ដើម្បី​អី​ផង​»​។​​លោក​បន្ថែមទៀតថា ការឃោសនា​របស់​បក្ស​សង្គ្រោះ​ជាតិ អាចធ្វើ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការប្រកបមុខរបរ​រ​បស់​ប្រជាពលរដ្ឋ​ទៀតផង​។ លោក​បញ្ជាក់ថា ជាការ​ល្អប្រសើរ​គណបក្ស​សង្គ្រោះ​ជាតិ គប្បី​សហការ​ជាមួយ​អាជ្ញាធរខេត្ត​នៅពេល​ចង់​ធ្វើ​អ្វីមួយ មិនមែន​ធ្វើ​តាមតែ​ចិត្ត​នោះទេ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា បានស្នើ​សុំ​មក​អាជ្ញាធរខេត្ត និង​ក្រុង​កំពង់ចាម ជាច្រើនលើក​មកហើយ ប៉ុន្តែ​នៅតែ​មិនមាន​ការអនុញ្ញាត​ដដែល​។​​មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) នៅ​ខេត្តកំពង់ចាម លោក នាង សាវ៉ាត យល់ថា សកម្មភាព​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តកំពង់ចាម ជាច្រើន​រយ​នាក់​ដែល​បានដាក់​ពង្រាយ​នៅក្នុង​ក្រុង​ផង និង​មាន​ការឃាត់​រថយន្ត​ដឹក​អ្នកដំណើរ​របស់​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​មិនមែនជា​រក្សា​សន្តិសុខ​នោះឡើយ ផ្ទុយទៅវិញ គឺ​ក្នុង​គោលបំណង​ដើម្បី​រារាំង​ការ​ដង្ហែ​ក្បួន​របស់​បក្ស​សង្គ្រោះ​ជាតិ មិន​ឱ្យចូល​ក្រុង​កំពង់ចាម តែម្ដង​។លោក​បន្ថែមទៀតថា សកម្មភាព​បែបនេះ​កាន់តែ​សបញ្ជាក់​ថា លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​ធ្លាក់ចុះ​ទៅវិញ​។​​លោក នាង សាវ៉ាត​៖ «​បើ​យើង​ប្រៀបធៀប​ទៅនឹង​ការឃោសនា​កាលពី​បោះឆ្នោត​រដ្ឋសភា​មក​ឥឡូវនេះ យើង​ឃើញថា ប្រជាធិបតេយ្យ​ហ្នឹង​ឃើញថា​មានការ​ធ្លាក់ចុះ សិទ្ធិ​បញ្ចេញមតិ​ហ្នឹង​មានការ​ធ្លាក់ចុះ សិទ្ធិ​ជួបជុំ​ហ្នឹង​មានការ​ធ្លាក់ចុះ​ខ្លាំង​មែនទែន​»​។​​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅតែ​បន្ត​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា រហូតដល់​ថ្ងៃ​កំណត់​។​​បន្ត​ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ​​បន្ទាប់ពី​ជួបជុំ​អ្នកគាំទ្រ និង​ការព្យាយាម​ចូល​ហែ​ក្បួន​ឃោសនាបោះឆ្នោត​នៅ​ក្រុង​កំពង់ចាម មិនបាន​សម្រេច មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បន្ត​យុទ្ធនា​ការហែក្បួន​ឃោសនា​នេះ​នៅ​រាជធានី​ភ្នំពេញ​។ ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី០៥ ខែឧសភាឆ្នាំ២០១៤។