• អ្នកកាសែត​ជាតិ​និង​អន្តរជាតិ​រងរបួស​ដោ​យ​កម្លាំង​សន្តិសុខ​វាយ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​

    • ថ្ងៃចេញផ្សាយ ៥-ឧសភា-២០១៤

    ក្បួន​ដង្ហែ​ទី​១​បាន​ចេញពី​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ ហើយ​មកជួប​ក្បួន​មួយទៀត​នៅខាងមុខ​ស្ថានទូត​អាមេរិក និង​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្ពោះទៅ​ព្រះបរមរាជវាំង​។ក្នុង​ការហែក្បួន​នេះ អាជ្ញាធរ​បានដាក់​ពង្រាយ​កម្លាំងចម្រុះ ហើយ​បាន​វាយ​មនុស្ស​មួយចំនួន​ដែលមាន​ទាំង​ព្រះសង្ឃ និង​អ្នកកាសែត​ឲ្យ​របួស​។​​មន្ត្រី​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) បាន​ថ្កោលទោស​ចំពោះ​ការប្រើ​ហិង្សា​របស់​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល លើ​អ្នកកាសែត​ជាតិ អន្តរជាតិ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ព្រះសង្ឃ ឲ្យ​រងរបួស​ក្នុងពេលដែល​ចូលរួម​សង្កេតការណ៍ និង​ចូលរួម​ការហែក្បួន​ឃោសនាបោះឆ្នោត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពី​ថ្ងៃ​សុក្រ ម្សិលមិញ​។​​មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​បាន​ចុះទៅ​សង្កេតការណ៍​ដោយផ្ទាល់ បាន​មានប្រសាសន៍​កាលពី​យប់​មិញ​តាម​ទូរស័ព្ទ​ថា សកម្មភាព​របស់​អាជ្ញា​ធរ​នេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​៖ «​រឿងនេះ​យើង​មិនអាច​ទទួលយក​បានទេ​នូវ​ការប្រើប្រាស់​អំពើហិង្សា​ទៅលើ​អ្នក​ឃោសនាបោះឆ្នោត និង​ក្រុម​ដែល​ចូលរួម​ឃោសនាបោះឆ្នោត ពីព្រោះ​នេះ​ជា​សិទ្ធិសេរីភាព​របស់​គណ​បក្សនយោបាយ​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​សង្កេតឃើញ គឺ​ក្រុម​សន្តិសុខ​របស់​សាលាខណ្ឌ​ដូនពេញ នេះ គេ​តែង​ប្រើប្រាស់​អំពើហិង្សា​ដែល​ទង្វើ​នេះ គឺជា​ការរំលោភ​សិទ្ធិសេរីភាព​ធ្ងន់ធ្ងរ​»​។​​លោក អំ សំអាត បន្តថា ក្នុងចំណោម​អ្នករងរបួស​នោះ គឺមាន​ព្រះសង្ឃ​ព្រះនាម លួ​ន សូវ៉ាត និង​អ្នកកាសែត​មួយរូប​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (Voice of Democracy = VOD) នៃ​មជ្ឈមណ្ឌល​កម្ពុជា ដែល​បាន​ចុះ​ទៅយក​ព័ត៌មាន​ផ្ទាល់​នៅនឹងកន្លែង​៖ «​អង្គការ​លីកាដូ យើង​បានទទួល​ជនរងគ្រោះ​ផ្តល់​ការព្យាបាល​ដែល​រងរបួស​ក្បាល​។ មាន​អ្នកកាសែត​វី​អូ​ឌី មាន​ជនបរទេស​មួយទៀត​ដែល​ត្រូវបាន​វាយដំ និង​ព្រះតេជព្រះគុណ លួ​ន សូវ៉ាត ក៏ត្រូវ​រង​ការវាយដំ​ផងដែរ​»៕ ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤។