• CCHR ផ្ញើលិខិត​សុំ​ឲ្យ​លោក ស ខេង ជួយ​ការពារ​សុវត្ថិភាព​ពលរដ្ឋ​៣​គ្រួសារ​ដែល​រង​ការ​គំរាម​

    • ថ្ងៃចេញផ្សាយ ៨-ឧសភា-២០១៤

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ី​.​ស៊ី​.​អេ​ច្ឆ​.​អ (CCHR) បាន​ផ្ញើលិខិត​មួយច្បាប់​ជូន លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៦ ឧសភា សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ ៣​គ្រួសារ ដែល​ត្រូវ​រង​ការគំរាមកំហែង និង​ប៉ុនប៉ង​ធ្វើឃាត​ជាច្រើនលើក​ពី​ក្រុម​ក្មេង​ទំនើង ដែល​យាម​ដី​ឲ្យ​ក្រុមហ៊ុន ឃុន សៀ​។​​កញ្ញា ឆាយ ឈុនលី ជា​អ្នកសម្របសម្រួល​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៨ ឧសភា ថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជួយ​សរសេរ និង​ផ្ញើលិខិត​សុំ​ជួយ​អន្តរាគមន៍ ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង នេះ ដោយសារ​មានការ​ប៉ុនប៉ង​មនុស្សឃាត ការប្រើ​អំពើហិង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ជនរងគ្រោះ​ជាច្រើនលើក ពី​ក្រុម​ក្មេង​ទំនើង តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច មិនបាន​ចាត់វិធានការ​ផ្លូវច្បាប់​ណាមួយ ដើម្បី​វែកមុខ​រក​ជនល្មើស​យក​មក​ផ្ដន្ទាទោស​ឡើយ​។​​លើសពីនេះ ជនរងគ្រោះ​ផ្ទាល់​តែងតែបាន​ដាក់ពាក្យ​បណ្ដឹង និង​សុំ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​ពួកគេ​ពុំបាន​អើពើ​អន្តរាគមន៍​ដោះស្រាយ និង​ការពារ​សុវត្ថិភាព​ជនរងគ្រោះ​ឡើយ​។​​កញ្ញា ឆាយ ឈុនលី​៖ «​និយាយ​រួម​គោលបំណង​គេ គឺ​ចង់​ឲ្យ​យើង​ជួយ​អន្តរាគមន៍ ព្រោះ​ក្រុមគ្រួសារ​និយាយថា រាល់​អំពើហិង្សា​ដែល​កើតឡើង​ដោយ​ក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុន ឃុន សៀ នោះ គឺ​ពួកគាត់​ប្រឹង​ប្រាប់​ទៅ​ប៉ូលិស​ផង អាជ្ញាធរ​មូលដ្ឋាន​ផង ប៉ុន្តែ​អត់​មាន​វិធានការ​អី​ទេ​។ កន្លងមក គាត់​បានដាក់​ពាក្យ​ប្ដឹងទៅ​តុលាការ​ច្រើនដង​ហើយ វា​មិនទាន់​ឃើញ​មាន​វិធានការ​អី​ទេ​»​។​​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​ជាទី​ប្រឹក្សា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍​ឲ្យ​ដឹងថា មកទល់​ថ្ងៃទី​៨ ឧសភា លោក​មិនទាន់​បានទទួល​លិខិត​នោះ​នៅឡើយ​ទេ​។​​ក្រុមគ្រួសារ​របស់ លោក លី ស្រ៊ា​ខេង និង​ប្រជាពលរដ្ឋ ២​គ្រួសារ​ទៀត មាន​ទីលំនៅ​ក្នុង​បរិវេណ​អគារ​សាលាសង្កាត់​បឹងកក់​១ និង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុង​ឆ្នាំ​២០១០ ទីស្តីការគណៈរដ្ឋមន្ត្រី​បានចេញ ស​.​ជ​.​ណ ឯកភាព​ទៅនឹង​សំណើ​របស់​អភិបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដោះដូរ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា និង​ទីស្នាក់ការ​សង្កាត់​បឹងកក់​១ ទៅ​ឲ្យ​ក្រុមហ៊ុន ឃុន សៀ អាហរ័ណ នីហរ័ណ​។ ប៉ុន្តែ មិនបាន​លើកឡើង​ពី​ក្រុមគ្រួសារ​ដែល​រស់នៅក្នុង​អគារ​សាលាសង្កាត់ និង​ទីស្នាក់ការ​គណបក្ស និង​អ្នកមាន​លំនៅឋាន​ជាប់​នោះទេ​។ ក្នុង​ខែមេសា ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​ចំនួន ៤​គ្រួសារ ក្នុងចំណោម ៧​គ្រួសារ ដែល​រង​ផលប៉ះពាល់ បាន​យល់ព្រម​ទទួល​សំណង​ចំនួន ១៥.០០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ ជា​ថ្នូរ​នឹង​ការចាកចេញ​ពី​លំនៅឋាន​ខ្លួន​។ប្រជាពលរដ្ឋ ៣​គ្រួសារ​ផ្សេងទៀត មិន​ព្រម​ទទួល​សំណង​នោះទេ​។ ជា​លទ្ធផល ក្រុមគ្រួសារ​ទាំង​៣ បាន​រង​ទទួល​ការ​គំរាម ការប៉ុនប៉ង​ធ្វើឃាត និង​ការបំផ្លាញ​ទ្រព្យសម្បត្តិ ពី​ក្រុម​អ្នកយាម​ដី​របស់​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​៕ ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤។