• តំណាង​សហជីព​បីនាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​

    • ថ្ងៃចេញផ្សាយ ១២-ឧសភា-២០១៤

    នគរបាល​ខេត្តកណ្តាល​បាន​ចាប់​តំណាង​សហជីព​បីនាក់​ទៀត​កាលពី​ថ្ងៃ​សុក្រ​ដោយសារ​មានការ​ចោទថា បាន​ញុះញង់​កម្មករ​រោងចក្រ​កាត់ដេរ​ឲ្យ​ធ្វើ​កូដកម្ម និង​តវ៉ា​នៅមុខ​រោងចក្រ​របស់​ពួកគេ​ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​មក​។​​ការចាប់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ចាប់ខ្លួន​តំណាង​ប្រាំមួយ​នាក់​របស់​សហជីព​មួយទៀត​កាលពី​សប្តាហ៍​មុន មុនពេល​មានការ​តវ៉ា​នៅ​រោងចក្រ​ស្បែកជើង វី​ង​ស្តារ នៅក្នុង​ខេត្តកំពង់ស្ពឺ ដែល​ជាប់ចោទ​ពីបទ​ញុះញង់​ឲ្យ​ធ្វើ​កូដកម្ម​ដូចគ្នា​ដែរ​។​ ការចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ការតវ៉ា​នៅក្នុង​វិស័យ​កាត់ដេរ​នេះ កើតមាន​ចំពេល​មាន​ពាក្យបណ្តឹង​ច្រើនឡើងៗ​ពី​ម្ចាស់​រោងចក្រ​ដែល​ចោទថា រដ្ឋាភិបាល​មិនបាន​ចាត់វិធានការ​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ខុសច្បាប់​របស់​សហជីព​។​​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​មានប្រសាសន៍ថា ការចាប់ខ្លួន​ថ្មី​នេះ​ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​រោងចក្រ ឃ្វី​ន មេ​ជើ អិ​ុ​ន​ដាស​ស្ទ្រៀ​ល (QuintMajorIndustrial) ដែលមាន​កម្មករ​រាប់រយ​នាក់​កំពុងធ្វើការ​តវ៉ា​ចាប់តាំងពី​ថ្ងៃទី​២៣ ខែមេសា​មក ដើម្បី​ទាមទារ​ឲ្យ​រោងចក្រ​ទទួលយក​កម្មករ​ដែល​ត្រូវ​បានបញ្ចប់​កិច្ចសន្យា​នាពេល​ថ្មីៗ​នេះ​ចំនួន​២៥​នាក់ ចូលធ្វើការ​វិញ​។លោក ចំរើន បាន​មានប្រសាសន៍ថា “​មាន​តំណាង​សហជីព​ប្រហែល​បីនាក់ ដែល​កំពុង​ញុះញង់​កម្មករ​ឲ្យ​តវ៉ា​”​។​​លោក​បាន​មានប្រសាសន៍​សំដៅ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដែលមាន​ភារកិច្ច​ដោះស្រាយ​ជម្លោះ​ការងារ​ថា “​តំណាង​សហជីព​ទាំងនេះ​មិន​ស្តាប់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ទេ ហើយ​បាន​បន្ត​ដុត​កង់ឡាន​ជា​រៀងរាល់ថ្ងៃ និង​បង្កបញ្ហា​”​។ លោក ចំរើន បាន​មានប្រសាសន៍ថា ” កម្មករ​ដែល​ទៅ​ធ្វើការ​ត្រូវបាន​គំរាមកំហែង​ដោយ​អ្នកធ្វើ​កូដកម្ម​ដែល​បណ្តាល​ឲ្យ​មានការ​វាយតប់​គ្នា ដូច្នេះ​វា​បាន​ក្លាយជា​បទល្មើស ហើយ​រោងចក្រ​បាន​ប្តឹង​។យើង​បាន​ចាប់ខ្លួន​ពួកគេ​បញ្ជូនទៅ​តុលាការ​រួចហើយ​”​។ ប៉ុន្តែ លោក​មិនបាន​ឆ្លើយ​សំណួរ​បន្ថែមទៀត​ទេ​។​​លោក អ៊ុក គឹម​សិទ្ធិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​បញ្ជាក់ថា រឿងក្តី​េ​នះ​បាន​មកដល់​តុលាការ​ហើយ ហើយ​បាន​បង្វែរ​សំណួរ​បន្ថែម​ទៅ​ចៅក្រម​ទទួលបន្ទុក​រឿងក្តី​នេះ​ដែល​លោក​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​មុនពេល​លោក​ដាក់​ទូរស័ព្ទ​ចុះ​។​​លោក ចាប ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល បាន​មានប្រសាសន៍ថា មនុស្ស​ទាំងបី​នាក់​គឺ ម៉ុក ម៉ាញ ប៊ី​វ ម៉ាន់​ណូ​រិ​ន និង សុខ វិ​ច្ឆ​រ៉ា បាន​មកដល់​ពន្ធនាគា​រ​កាលពី​ថ្ងៃ​សុក្រ​។​​លោក សុខ រ៉ាវុធ ប្រធាន​សម្ព័ន្ធ​សហជីព​សេរី​កម្មករ​ខ្មែរ​បាន​និយាយថា តំណាង​សហជីព​លោក​ទាំងបី​នាក់​នេះ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​តែមួយ​នៅ​ក្រសួងមហាផ្ទៃ កន្លែង​ដែល​ពួកគេ​ត្រូវបាន​កោះហៅ​ទៅ​សាកសួរ​អំពី​កូដកម្ម​នេះ​។លោក​បាន​ថ្កោលទោស​ការចាប់ខ្លួន​នេះ ហើយ​បាន​និយាយថា សហជីព​នឹង​ដឹកនាំ​ការហែក្បួន​តវ៉ា​នៅក្នុង​ទីក្រុង​ភ្នំពេញ ប្រសិនបើ​មិន​ដោះលែង​ពួកគេ​នៅពេល​ឆាប់ៗ​នេះ​ទេ​។​​គាត់​បាន​និយាយថា “​វា​អយុត្តិធម៌​ណាស់​សម្រាប់​តំណាង​របស់ខ្ញុំ ពីព្រោះ​ពួកគេ​បានធ្វើ​កូដកម្ម និង​ការតវ៉ា​អហិង្សា ហើយ​ពួកគេ​មិនបាន​ប្រើ​អំពើហិង្សា ឬ​បំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​ឡើយ​។ យើង​នឹងធ្វើ​លិខិត​មួយ​ទៅ​ក្រសួង​ការងារ​នៅ​ថ្ងៃ​អង្គារ ហើយ​ប្រសិនបើ​មិនមាន​ការឆ្លើយតប​ទេ យើង​នឹង​ហែ​ក្បួន​ទៅ​ក្រសួង​នេះ និង​ភូមិគ្រឹះ​របស់​នាយករដ្ឋមន្ត្រី​ដើម្បី​ស្នើសុំ​ឲ្យ​អន្តរាគមន៍​ដោះលែង​តំណាង​សហជីព​របស់​យើង​”​។​​លោក រ៉ាវុធ បាន​និយាយថា សហជីព​របស់លោក​បាន​បញ្ជូន​លិខិត​ទៅ​រោងចក្រ​នេះ​បួន​ថ្ងៃមុន​ពេលធ្វើ​កូដកម្ម ដែលមាន​ការតវ៉ា​ជាច្រើន រួមទាំង​ការបណ្តេញ​កម្មករ​២៥​នាក់​នៅពេល​ថ្មីៗ​នេះ​ដែល​លោក​ជឿថា ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅ​ជួយ​សហការី​របស់​ពួកគេ​ដើម្បី​នាំយក​ពាក្យបណ្តឹង​ទៅ​ឲ្យ​គណៈ​គ្រប់គ្រង​រោងចក្រ​។​​គាត់​បាន​និយាយថា នៅពេល​កូដកម្ម​បានចាប់ផ្តើម មន្ទីរ​ការងារ​ខេត្ត​បានរៀបចំ​កិច្ចប្រជុំ​ពីរលើក​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ ហើយ​រោងចក្រ​បានគេច​វេះ​ពី​កិច្ចប្រជុំ​ទាំងពីរ​លើក​នេះ មុនពេល​បញ្ជូន​រឿងនេះ​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។ នៅពេល​តុលាការខេត្ត​បង្គាប់​ឲ្យ​កម្មករ​ត្រឡប់​ទៅធ្វើ​ការ​វិញ​ត្រឹម​ថ្ងៃទី​២៨ ខែមេសា លោក រ៉ាវុធ បាន​និយាយថា លោក​បាន​ជំរុញ​ឲ្យ​ពួកគេ​ស្តាប់ ដើម្បី​ចៀសវាង​បញ្ហា​។ លោក​បាន​និយាយថា “​យើង​បាន​ប្រាប់​កម្មករ​ឲ្យ​ត្រឡប់​ទៅធ្វើ​ការ​វិញ ប៉ុន្តែ កម្មករ​មិន​ស្តាប់ ពីព្រោះ​ការទាមទារ​របស់​ពួកគេ​មិនទាន់បាន​ដោះស្រាយ​”​។​​កូដ​ករ​ម្នាក់​ឈ្មោះ ឈាន ថា​វី បាន​បញ្ជាក់ថា ពួកគេ​បាន​ដុត​កង់ឡាន​ពីរ​បី​ដង​ហើយ និង​បាន​បិទផ្លូវ​ជាតិ​លេខ​៤​ម្តង​ដើម្បី​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​ការទាមទារ​របស់​ពួកគេ​។ ឈាន ថា​វី បាន​និយាយថា ពួកគេ​មិនទាន់​សម្រេច​ថា ត្រូវ​បន្តធ្វើ​កូដកម្ម តវ៉ា ឬ​ប្តូរ​វិធីសាស្ត្រ​នោះទេ​។​​ការចាប់ខ្លួន​តំណាង​ទាំងបី​នាក់​នេះ​កើតមានឡើង​មិន​ដល់​មួយ​សប្តាហ៍​ផង បន្ទាប់ពី​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ចាប់ខ្លួន​តំណាង​សហជីព​ប្រាំមួយ​នាក់ ចំពោះ​ការជួយ​កម្មករ​រោងចក្រ​នៅ​ទីនោះ​ឲ្យ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​រោងចក្រ​បើកប្រាក់​ឈ្នួល​ដែល​មិនទាន់​បើក និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​។តំណាង​សហជីព​ទី​៧​ម្នាក់ទៀត​ដែល​នគរបាល​កំពុង​ស្វែងរក​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការធ្វើ​កូដកម្ម​ដូចគ្នានេះ កំពុង​រត់គេចខ្លួន​នៅឡើយ​។​​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែល​តំណាង​ឲ្យ​រោងចក្រ​នាំ​សម្លៀកបំពាក់​ចេញ​ប្រហែល​៥០០​នៅ​កម្ពុជា​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើតាម​ច្បាប់ និង​រក្សា​សណ្តាប់ធ្នាប់​នៅពេល​មានការ​ធ្វើ​កូដកម្ម​ជា​បន្តបន្ទាប់ ដែល​បាន​ក្លាយជា​ហិង្សា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​​តំណាង​សហជីព​ដែល​នៅ​ពីក្រោយ​ការធ្វើ​កូដកម្ម​មួយចំនួន​បាន​ថ្កោលទោស​ការចាប់ខ្លួន​នេះ និង​បាន​ចោទ​រដ្ឋាភិបាល​ថា បាន​ព្យាយាម​បំភិតបំភ័យ​ពួកគេ​មិន​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​ស្របច្បាប់​៕ដកស្រង់ចេញពីការសែតឌាបូឌា ដេលី (TheCambodia Dialy) ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤។