• "​រដ្ឋាភិបាល​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ស្ដីពី​សិទ្ធិ​ជួបជុំ​សម្ដែង​មតិ​របស់​ពលរដ្ឋ​"

    • ថ្ងៃចេញផ្សាយ ២៧-ឧសភា-២០១៤

    ពី​រដ្ឋធម្មនុញ្ញ ដោយ​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួបប្រជុំ​សម្ដែង​មតិ ហើយ​ថា សេរីភាព​ជួបប្រជុំ​កំពុងតែ​ត្រូវបាន​ព្យួរ​។​​ទាក់ទង​នឹង​បញ្ហា​នេះ អ្នកច្បាប់​បានលើកឡើង​ថា រដ្ឋាភិបាល​ឯក​បក្ស​បានធ្វើ​ដូច្នេះ​ដើម្បី​ការពារ​អំណាច​របស់ខ្លួន ដោយ​ភ័យខ្លាច​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​ដែល​លោក​ដឹកនាំ​ប្រទេស​កន្លងមក​មាន​បញ្ហា​ជាច្រើន​កើតឡើង​។​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ជាបន្ទាន់​នូវ​ការដាក់​បម្រាម និង​ទប់ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួបជុំគ្នា​សំដែង​មតិ ឬ​ធ្វើបាតុកម្ម​ផ្សេងៗ​នោះ​។​​កំណត់ត្រា​សង្ខេប​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានចាត់ទុក​ការហាម​ប្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួបជុំគ្នា​នេះ ថា​ជា​រឿង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ហើយ​បម្រាម​នេះ រដ្ឋាភិបាល​ធ្លាប់បាន​ប្រកាស​ដក​ហើយ​ក្ដី ក៏ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​នៅតែ​តឹងរ៉ឹង​ដដែល ទោះបីជា​សិទ្ធិសេរីភាព​ខាង​ការជួបប្រជុំ​ត្រូវបាន​លើកកម្ពស់ និង​ការពារ​ក្រោម​ច្បាប់​កម្ពុជា ក៏ដោយ​។​​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោក​មានការ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​បានសម្រេច​ចិត្ត​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​បែបនេះ​។ លោក​បញ្ជាក់ថា អ្វីដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​​មាត្រា ៤១ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​បញ្ចេញមតិ​របស់ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ការបោះពុម្ពផ្សាយ សេរីភាព​ខាង​ការប្រជុំ​។ ជន​ណាក៏ដោយ​មិនអាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នកដទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​ឡើយ​។​​មាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ​របស់​ប្រទេសជាតិ​។​​នៅក្នុង​កំណត់ត្រា​នេះ​បាន​បញ្ជាក់ថា បម្រាម​បច្ចុប្បន្ន​ទៅលើ​ការធ្វើ​បាតុកម្ម ការហែក្បួន និង​ការជួបប្រជុំ​ទាំងអស់​នៅ​ទីសាធារណៈ​ក៏ដោយ ដែល​នេះ​ជាការ​បង្កើត​ឲ្យ​មានការ​រឹតត្បិត​មួយ​សម្រាប់​ច្បាប់​ទាំងស្រុង និង​ជាការ​រឹតត្បិត​ហួសហេតុ​ពេក ពុំ​សម​ហេតុផល ព្រោះ​គ្មាន​ហេតុផល​ត្រូវបាន​លើកឡើង​ពី​កាលៈទេសៈ​ជាក់លាក់​នៃ​ករណី​នីមួយៗ​ទេ​។ បន្ថែម​ពីនេះ អ្វីដែល​ជាការ​ព្រួយបារម្ភ​ដ៏​ធំ​នោះ គឺ​សាលា​រាជធានី​ភ្នំពេញ បាន​ជួល​កងកម្លាំង​សន្តិសុខ​ឯកជន​ជា​លក្ខណៈ​ប្រព័ន្ធ ពុំបាន​ហ្វឹកហាត់​ត្រឹមត្រូវ ដើម្បី​បំបែក​បាតុកម្ម​ដោយ​បង្ខំ និង​ចាប់ខ្លួន​អ្នក​តវ៉ា ។​ល​។​ ​កង្វះ​មូលដ្ឋាន​ច្បាប់​ចំពោះ​ការហាម​ប្រាម និង​កង្វះ​ភាពប្រាកដប្រជា​លើ​ការអនុវត្ត​បម្រាម​នេះ បានធ្វើ​ឲ្យ​សិទ្ធិ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​ត្រូវបាន​អនុវត្ត​ក្នុង​លក្ខណៈ​ឆន្ទានុសិទ្ធិ​ទាំងស្រុង​។​ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បាន​រកឃើញ​ថា សិទ្ធិសេរីភាព​ខាង​ការជួបប្រជុំ​ត្រូវបាន​រដ្ឋាភិបាល​រឹតត្បិត​ចាប់តាំងពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៤ មកទល់ពេលនេះ ដោយ​បម្រាម​ការតវ៉ា ការប្រើ​អំពើហិង្សា​បង្ក្រាប​ក្រុមមនុស្ស ការបំភិតបំភ័យ​តាមរយៈ​ការឃុំខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស​ជា​បណ្ដោះអាសន្ន ការតម្រូវ​ឲ្យ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដែល​ចែងថា ពួកគេ​នឹង​បញ្ឈប់​នូវ​សកម្មភាព​នានា​របស់ខ្លួន​នៅមុន​ពេល​ដោះលែង​។ ការ​រឹតត្បិត​សិទ្ធិ​ជួបប្រជុំ​ដោយ​សន្តិវិធី​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​ផ្សេងៗ​ជាច្រើន​។​​ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ហួន ជុន​ឌី មានប្រសាសន៍ថា សកម្មភាព​របស់​រដ្ឋា​ភិ​បាល​បច្ចុប្បន្ន ហាក់​កំពុង​បំបិទ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា ដ្បិតតែ​កម្ពុជា មានច្បាប់​ស្ដីពី​បាតុកម្ម និង​សិទ្ធិ​ពលរដ្ឋ​គ្រប់រូប​ត្រូវបាន​ធានា​នៅក្នុង​រដ្ឋធម្មនុញ្ញ​ក្ដី​។​បញ្ហា​ចម្រូងចម្រាស​រវាង​ក្រុមអ្នកតវ៉ា រួមមាន​អ្នក​តវ៉ា​រឿង​ដីធ្លី និង​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត បានកើត​មាន​យ៉ាង​ផុសផុល​នៅក្រោយពេល​បោះឆ្នោត កាលពី​ថ្ងៃទី​២៨ កក្កដា ឆ្នាំ​២០១៣​។ ក៏ប៉ុន្តែ​សកម្មភាព​បង្ក្រាប និង​ហាមឃាត់​មិន​ឲ្យ​ធ្វើបាតុកម្ម​នេះ នៅក្រោយពេល​ថ្ងៃទី​៤ មករា ដែល​កម្លាំង​រដ្ឋាភិបាល​បាន​ទៅ​បោសសំអាត​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ក្រោយពេល​កងកម្លាំង​រដ្ឋាភិបាល​បង្ក្រាប​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់ ៥​នាក់ និង​ជាង ២០​នាក់​ទៀត​ចាប់​ដាក់គុក​។​​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ មន្ត្រី​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ុង បាន​ឲ្យ​ដឹងថា ការហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួបជុំគ្នា​នេះ នៅតែ​បន្ត​រហូតដល់​តុលា​ការបើក​ការស៊ើបអង្កេត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​ក្រុមបាតុករ​បាន​រារាំង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ កន្លងមក​បញ្ចប់​។​​ម្យ៉ាងវិញទៀត ការប្រើប្រាស់​កងកម្លាំង​ប្រដាប់អាវុធ​បង្ក្រាប​បាតុករ​នេះ ត្រូវបាន​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិ បាន​រិះគន់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ ដោយ​គេ​បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​បាន​ប្រើ​កម្លាំង​ហួសហេតុ​ក្នុងការ​ប្រើប្រាស់​ហិង្សា​ដាក់​ប្រជាពលរដ្ឋ ដូចជា​ការបាញ់ប្រហារ​ទៅលើ​ហ្វូង​បាតុករ​ដែលជា​កម្មករ​រោងចក្រ​ជាដើម​។​​ទាក់ទង​នឹង​ការប្រើប្រាស់​កងកម្លាំង​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​និស្សិត​សាលា​វ៉ាន់ដា កាលពី​ថ្ងៃទី​៧ មេសា ដោយ​អះអាងថា សភាពការណ៍​ផ្លូវ​វ៉េងស្រេង បណ្ដាល​ឲ្យ​ស្លាប់​កម្មករ​នោះ ដោយសារ​ការដឹកនាំរ​បស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ​។​​លោក ហ៊ុន សែន បន្ថែមថា កងកម្លាំង​ទាំងអស់​ត្រូវតែ​ការពា​រដ្ឋាភិបាល មិនមែន​ការ​បក្សប្រឆាំង​ទេ​។​​ទោះបីជា​យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ មានប្រសាសន៍ថា រដ្ឋាភិបាល​រារាំង​មិន​ឲ្យ​មានការ​ជួបជុំគ្នា​សម្ដែង​មតិ​នេះ ដោយ​រដ្ឋាភិបាល​ខ្លាច​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​លោក​ចុះចាញ់​អំណាច ហើយ​រដ្ឋាភិបាល​ធ្វើ​ដូច្នេះ ដើម្បី​ការពារ​អំណាច​របស់ខ្លួន​ទេ​។​​មាត្រា ៣១ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា កម្ពុជា​ទទួលស្គាល់ និង​គោរព​សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា និង​អនុសញ្ញា​នានា ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​តាមរយៈ​ការដាក់បញ្ចូល​សេចក្ដីប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ចូលទៅក្នុង​ច្បាប់​ជាតិ​។​​មាត្រា ២០ នៃ​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​ចែងថា មនុស្ស​គ្រប់រូប​មាន​សិទ្ធិសេរីភាព​ក្នុងការ​ប្រជុំ ឬ​បង្កើត​សមាគម​ដោយ​សន្តិវិធី​។ សិទ្ធិសេរីភាព​ជួបប្រជុំ​ដោយ​សន្តិវិធី​ក៏ត្រូវ​បាន​ធានា​ផងដែរ តាម​មាត្រា ២១ នៃ​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​។​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានផ្ដល់​អនុសាសន៍​មួយចំនួន​ទៅ​រដ្ឋាភិបាល រួមមាន​សុំ​ឲ្យ​និរាករណ៍​ជាបន្ទាន់ និង​ជា​ផ្លូវការ នូវ​បម្រាម​លើ​ការជួបប្រជុំ​គ្រប់យ៉ាង ការហែក្បួន និង​ការធ្វើ​បាតុកម្ម​នានា បញ្ឈប់​ការឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ដោយ​ខុសច្បាប់​លើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី និង​ត្រូវ​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់ឃុំ ដោយសារ​ចូលរួម​នៅក្នុង​សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី បញ្ឈប់​ការអនុវត្ត​ការបង្ខិតបង្ខំ​ចំពោះ​អ្នកការពារ​សិទ្ធិមនុស្ស និង​ពលរដ្ឋ​ដែល​គ្រាន់តែ​អនុវត្ត​សិទ្ធិសេរីភាព​ខាង​ការបញ្ចេញមតិ និង​ការជួបប្រជុំ​ជា​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មាន​លក្ខណៈ​រឹតត្បិត​លើ​សិទ្ធិ​របស់​ពួកគាត់ ដើម្បី​ជា​ថ្នូរ​នឹង​ការដោះលែង ឬ​រួច​ផុតពី​ការចោទប្រកាន់​នានា​។ ធានា​ឲ្យ​មន្ត្រី​សន្តិសុខ​ទទួលបាន​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ ហើយ​បញ្ឈប់​ការជួល​សន្តិសុខ​ឯកជន និង​ធានាថា ការ​រឹតត្បិត​លើ​សេរីភាព​ខាង​ការជួបប្រជុំ​ដោយ​សន្តិវិធី​មិនត្រូវ​បាន​ហាម​នៅពេល​អនាគត​៕​ ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៤។