• កសិករ​នៅ​ខេត្តក្រចេះ​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ហែ​ក្បួន​

    • ថ្ងៃចេញផ្សាយ ២៩-ឧសភា-២០១៤

    អ្នកភូមិ​ប្រហែល​២០០​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុនចម្ការកៅស៊ូ​វៀតណាម​មួយ​នៅក្នុង​ខេត្តក្រចេះ កាលពី​ម្សិលមិញ​ត្រូវបាន​រារាំង​មិន​ឲ្យ​ដើរ​ក្បួន​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ញត្តិ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។​​កសិករ​ដែល​ផ្ទះ​របស់​ពួកគាត់​នៅក្នុង​ស្រុក​ស្នួល ត្រូវបាន​អាជ្ញាធរ​ដុត​កាលពី​ដើមខែ​នេះ បាននិងកំពុង​តែ​ស្នាក់​នៅក្នុង​វត្ត​សាមគ្គី​រង្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ជាយ​រាជធានី​ភ្នំពេញ​។​នៅពេលដែល​ពួកគាត់​ព្យាយាម​ចេញពី​វត្ត ពួកគាត់​ជួប​នគរបាល​ប្រឆាំង​កុបកម្ម​ប្រហែល​៤០​នាក់ និង​សន្តិសុខ​ខណ្ឌ​២០​នាក់ ព្រមទាំង​លោក ហៀក ចាន់​លាង អភិបាលរង​ខណ្ឌមានជ័យ​។​​លោក ចាន់​លាង បាន​មានប្រសាសន៍ថា “​ខណៈដែល​ប្រទេស​របស់​យើង​មានការ​ស្ទះចរាចរណ៍​ច្រើន និង​ការរំខាន​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ យើង​មិនអាច​អនុញ្ញាត​ឲ្យ​អ្នក​ទាំងនេះ​ដើរ​ក្បួន​ឡើយ​”​។ លោក​បាន​បន្ថែមថា លោក​នឹង​នាំយក​ញត្តិ​ដែលមាន​ការទាមទារ​ប្រាំពីរ​ចំណុច​របស់​គ្រួសារ​ដែល​ត្រូវបាន​បណ្ដេញចេញ​នេះ​ប្រគល់ជូន​លោក ហ៊ុន សែន​។ លោក​បាន​មានប្រសាសន៍ថា “​នៅពេល​ខ្ញុំ​ទទួលបាន​ព័ត៌មាន ខ្ញុំ​នឹង​ឆ្លើយតប​ទៅ​អស់លោក​”​។​​ការទាមទារ​មួយ​ក្នុងចំណោម​ការទាមទារ​ប្រាំពីរ​ចំណុច​នេះ​គឺថា គេ​ត្រូវប្រគល់​ដី​ឲ្យ​កសិករ​វិញ​។លោក ងួន វិបុល តំណាង​ឲ្យ​អ្នកភូមិ​បាន​មានប្រសាសន៍ថា ប្រសិនបើ​ការទាមទារ​ទាំងនេះ​មិន​ត្រូវបាន​ដោះស្រាយ​ទេនោះ អ្នកភូមិ​នឹង​ដើរ​ក្បួន​ទៅកាន់​គេហដ្ឋាន​របស់លោក ហ៊ុន សែន ដោយ​មិន​ខ្វល់​នឹង​វត្តមាន​នគរបាល​ឡើយ​។ លោក វិបុល បាន​ឲ្យ​ដឹងថា “​ពួកគេ​បាន​បំផ្លាញ​ផ្ទះ និង​ផលដំណាំ​របស់​យើង​។ យើង​ទុកពេល​ឲ្យ​ពួកគេ​ប្រាំ​ថ្ងៃ ហើយ​ប្រសិនបើ​គ្មាន​ការឆ្លើយតប​ទេនោះ យើង​នឹង​ដើរ​ក្បួន​ទៅកាន់​គេហដ្ឋាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​”៕ដកស្រង់ចេញពីការសែតខេមបូឌា ដេលី (The Cambodia Daily Newspaper) ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤។​