• តុលាការ​សម្រេច​ដោះលែង​អ្នក​ទាំង​២៣ ដោយ​កាត់​តម្រឹម​ទោស​នៅ​ថ្ងៃទី​៣០​ខែឧសភា​

    • ថ្ងៃចេញផ្សាយ ៣០-ឧសភា-២០១៤

    ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សម្រេច​ដោះលែង​លោក វន់ ពៅ និង​អ្នក​ទាំង​២២​ផ្សេងទៀត ដែល​បាន​ជាប់ពន្ធនាគារ​ជិត​៥​ខែ តាមរយៈ​ការ​កាត់​តម្រឹម​ទោស​ត្រឹម​ថ្ងៃទី​៣០​ខែឧសភា​។​​តុលាការ​ប្រកាសថា មនុស្ស​១០​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ហិង្សា​នៅ​រោងចក្រ​យ៉ាក​ជី​ង ត្រូវបាន​កាត់​ឲ្យ​ជាប់ទោស​ចន្លោះ​ពី​២,៥​ឆ្នាំទៅ​៤,៥​ឆ្នាំ​។​តែ​តុលាការ សម្រេច​អនុវត្ត​ទោស​ត្រឹម​ថ្ងៃទី​៣០​ខែឧសភា ដោយ​ព្យួរទោស​នៅ​សេសសល់​។​​ចំណែក​មនុស្ស​១៣​នាក់​ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង​វិញ តុលាការ​កាត់​ឲ្យ​ជាប់ទោស​ចន្លោះ​ពី​១​ឆ្នាំទៅ​៤​ឆ្នាំ តែ​តុលាការ​អនុវត្ត​ទោស​ត្រឹម​ថ្ងៃទី​៣០​ខែឧសភា​នេះ​។​​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មនុស្ស​២៣​នាក់ ផ្សេងទៀត ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ក្នុង​ហេតុការណ៍​ប៉ះទង្គិច​នៅមុខ​រោងចក្រ​យ៉ាក​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង កាលពី​ថ្ងៃទី​០២ និង​ទី​០៣ ខែមករា នៅពេល​កម្មករ​ទាមទា​រ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ​ក្នុង​មួយខែ​។ អ្នក​ទាំងអស់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​។​សវនាការ​កន្លងទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​ប្តូរ​បទ​ចោទ​លើ​លោក វន់ ពៅ ទៅជា​បទ​អ្នកផ្តើមគំនិត​ឲ្យ​មាន​ហិង្សា និង​មាន​ស្ថាន​ទម្ងន់ទោស និង​បង្ក​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​មាន​ស្ថាន​ទម្ងន់ទោស​។​​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​ករណី​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​៥​នាក់​ស្លាប់ ២៣​នាក់​ត្រូវ​ចាប់ខ្លួន និង​ជិត​៤០​នាក់​រងរបួស​៕​ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។