• កងរាជអាវុធហត្ថ​រារាំង​ព្រះសង្ឃ​មិន​ឲ្យ​ហែ​ក្បួន​ទៅកាន់​វិទ្យា​សា្ថ​ន​ពុទ្ធសាសនបណ្ឌិត្យ​

    • ថ្ងៃចេញផ្សាយ ៤-មិថុនា-២០១៤

    កាលពី​ម្សិលមិញ អ្នក​តវ៉ា​ជាង​១០០​នាក់​រួមទាំង​ព្រះសង្ឃ​ប្រហែល​៦០​អង្គ​ផង​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួង​ធម្មការ​និង​សាសនា​ដើម្បី​តវ៉ា​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ថា មានការ​លក់​ដី​នៅក្នុង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ទៅ​ឲ្យ​កាស៊ីណូ​ណាហ្គា​វើ​ល​ក្បែរ​នោះ​។​​លោក សេង សុ​មុនី អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​បានធ្វើ​សន្និសីទកាសែត​កាលពីដើម​សប្តាហ៍​នេះ បដិសេធ​ការសន្និដ្ឋាន​ដែលថា ការ​វាយកម្ទេច​ខ្លោងទ្វារ​មុខ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​គឺជា​ដំណាក់កាល​ទី​១​នៃ​គម្រោង​ដើម្បី​ប្រែក្លាយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ទៅជា​កន្លែង​ចត​យានយន្ត​របស់​កាស៊ីណូ​និង​សណ្ឋាគារ​។​​ដោយ​គ្មាន​ការជឿជាក់ កាលពី​ម្សិលមិញ ក្រុមអ្នកតវ៉ា​បាន​ហែ​ក្បួន​តាម​តីរវិថី​ព្រះស៊ីសុវត្ថិ​ឆ្ពោះទៅ​វិទ្យា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ដើម្បី​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​មានការ​ធានាថា ដី​នេះ​ពិតជា​ត្រូវបាន​ការពារ​។ ប៉ុន្តែ អ្នក​តវ៉ា​ទាំងនោះ​ត្រូវបាន​រារាំង​មិន​ឲ្យ​បន្តដំណើរ​របស់ខ្លួន​ដោយសារ​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន​២០០​នាក់​បានដាក់រ​បាំងបិទ​ផ្លូវ​។​​នៅ​កន្លែង​ដាក់​របាំង​នោះ ព្រះ​តេជគុណ ប៊ុត ប៊ុន​ទិញ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ដែល​ឥត​សំចៃមាត់​បាន​មាន​សង្ឃដីកា​ថា ប្រសិនបើ​ដី​នេះ​ត្រូវបាន​ដោះដូរ​ឬ​លក់​មែន​នោះ វា​ស្មើនឹង​ការ​ក្បត់ប្រជាជន​ខ្មែរ​។ ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​មុនពេល​ប្រគល់​ញត្តិ​ទៅ​លោក សេង សុ​មុនី ថា “​យើង​ចង់ឃើញ​មុខ​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ដែល​ក្បត់ជាតិ​យើង​”​។​​លោក សេង សុ​មុនី បានបញ្ជាក់​ឡើងវិញ​ថា ការសង់​របង​ក្នុងពេល​ថ្មីៗ​នេះ​នៅក្នុង​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នោះ​គឺ​ដើម្បី​រៀបចំ​បណ្តាញ​អគ្គិសនី​របស់​កាស៊ីណូ​ណាហ្គា​វើ​ល​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​នេះ​នឹង​ធានា​សាងសង់​ខ្លោងទ្វារ​មុខ​នេះ​ឡើងវិញ​នៅពេល​ស្ថាបនា​ផ្លូវ​ក្រោម​ដី​រួចរាល់​។ លោក​បាន​មានប្រសាសន៍ថា “[​វិទ្យា​សា្ថ​ន​ពុទ្ធសាសនបណ្ឌិត្យ​] មិនមែន​សម្រាប់​លក់​ឬ​ជួល​ឡើយ​។ វា​មិន​ដូច​ការចោទប្រកាន់​ទេ​”​។​​វេលា​ព្រឹក​ថ្ងៃនោះ លោក សេង សុ​មុនី បានមក​ជួប​សមណ​សិស្ស​ប្រហែល​២០០​អង្គ​ដែល​បាន​សិក្សា​នៅ​ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត ហើយ​បាន​សុំ​កុំ​ឲ្យ​ព្រះសង្ឃ​និមន្ត​ចូលរួម​ការតវ៉ា​នៅពេល​រសៀល​និង​ការហែក្បួន​លើក​ទី​២ ដែល​គ្រោង​ធ្វើ​នៅថ្ងៃនេះ​។​​ព្រះតេ​ជ​គុណ សុខ ពិសិដ្ឋ ព្រះជន្ម​១៧​វស្សា បាន​មាន​សង្ឃដីកា​ថា “​ឯកឧត្តម សេង សុ​មុនី បាន​និយាយ​ទៅកាន់​ព្រះសង្ឃ​២០០​អង្គ​នៅ​ម៉ោង​៧ និង​៤០​នាទី​ព្រឹក ហើយ​បានទូល​កុំ​ឲ្យ​ទៅ​ចូលរួម​ការតវ៉ា​របស់​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​”​។​​ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​ថា “​យើង​បារម្ភ​ពី​ការដែល​អាច​បាត់បង់​ដី​នោះ ប៉ុន្តែ​វិទ្យាស្ថា​ន​ពុទ្ធសាសនបណ្ឌិត្យ​មិនបាន​បាត់បង់​ទេ​”​។ ព្រះអង្គ​បន្ថែមថា ព្រះអង្គ​ជឿ​លើ​ការពន្យល់​របស់លោក សេង សុ​មុនី ហើយ​គិតថា ការរារាំង​ការហែក្បួន​កាលពី​ម្សិលមិញ​មិន​ឲ្យ​ទៅកាន់​កន្លែង​នោះ​គឺជា​ការសម្រេចចិត្ត​ត្រឹមត្រូវ​។ ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​ថា “​ព្រះសង្ឃ​គឺជា​អ្នក​ដែល​ត្រូវ​ប្រព្រឹត្ត​តាម​ធម៌​វិន័យ​ព្រះពុទ្ធ​”​។​​ព្រះ​តេជគុណ យឹម ហឿន ព្រះជន្ម​២៥​វស្សា ជា​សមណ​សិស្ស​មួយអង្គ​ទៀត​មិន​យល់ស្រប​ដូច្នេះ​ឡើយ​។ ព្រះអង្គ​មាន​សង្ឃដីកា​ថា “​ក្រសួង​គ្មាន​សិទ្ធិ​ទូល​ព្រះសង្ឃ​មិន​ឲ្យ​និមន្ត​ចូលរួម​ការតវ៉ា ឬ​ហាមឃាត់​ព្រះសង្ឃ​មិន​ឲ្យ​និមន្ត​ចូលរួម​ឡើយ ពីព្រោះ​ព្រះសង្ឃ​មានការ​បារម្ភ ហើយ​គ្រាន់តែ​ចង់​ដាក់​ញត្តិ​ដើម្បី​សុំ​ការពន្យល់​តែប៉ុណ្ណោះ​។ អាត្មា​គិតថា ពួកគេ​បាន​លក់​ដី​នេះហើយ​”៕ ដកស្រង់ចេញពីការសែតខេមបូ ឌាលដេលី (The Cambodia Daily News) ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។