• នគរបាល​រារាំង​ការហែក្បួន​របស់​កម្មក​រ​រោងចក្រ​កាត់ដេរ​អូ​សេ​អង់​

    • ថ្ងៃចេញផ្សាយ ៤-មិថុនា-២០១៤

    ​យោងតាម​តំណាង​សហជីព​បាន​ឲ្យ​ដឹងថា កម្មករ​ដែល​ធ្វើ​កូដកម្ម​ប្រហែល​៨០០​នាក់ មកពី​រោងចក្រ​កាត់ដេរ​អូ​សេ​អង់ (Ocean) ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ត្រូវបាន​រារាំង​មិន​ឲ្យ​ធ្វើការ​តវ៉ា​នៅ​ខាងក្រៅ​ក្រសួង​ការងារ​កាលពី​ម្សិលមិញ ហើយ​ក្រោយមក​មានការ​ពិភាក្សារ​វាង​កម្មករ និង​ថៅកែ​រោងចក្រ តែ​មិន​ទទួលបាន​លទ្ធផល​ទេ​។​​រោងចក្រ​កាត់ដេរ​នេះ​បាន​ផ្អាក​ការងារ​ពីថ្ងៃ​ទី​២៦ ខែឧសភា ដល់​ថ្ងៃទី​២៦ ខែមិថុនា​បន្ទាប់ពី​លែងមាន​ការបញ្ជាទិញ​ពី​ក្រុមហ៊ុន​មួយចំនួន រួមមាន​ក្រុមហ៊ុន Gap ជាដើម ហើយ​កម្មករ​ទាមទារ​ប្រាក់ខែ​ពាក់កណ្ដាល​អំឡុង​រយៈពេល​នោះ​។ ថៅកែ​រោងចក្រ​បានផ្ដល់​ឲ្យ​តែ​១៥​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ខែ​ផ្អាក​ការងារ​នោះ​។​​ក្រុមកម្មករ​បានចាប់ផ្តើម​ចេញដំណើរ​ពី​រោងចក្រ​កាលពី​ម្សិលមិញ​នៅ​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​ព្រឹក មុនពេល​ត្រូវ​នគរបាល​រារាំង​ចម្ងាយ​តែ​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។​​លោក ហែម ដា​រិ​ទ្ធអភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​ក្រុមអ្នកតវ៉ា​ថា ” មិន​ឲ្យ​មាន​ការហែក្បួន​ទេ ដោយសារ​បញ្ហា​សន្តិសុខ​និង​ចរាចរណ៍​។ ហេតុ​ដូច្នេះហើយ យើង​សូម​ឲ្យ​បងប្អូន​ត្រឡប់​ទៅ​រោងចក្រ​របស់ខ្លួន​វិញ​”​។​​បន្ទាប់ពី​ការប្រឈមមុខ​ជាមួយ​នគរបាល​រយៈពេល​កន្លះ​ម៉ោង ក្រុមកម្មករ​បាន​ត្រឡប់​ទៅ​រោងចក្រ​វិញ ខណៈដែល​អ្នកតំណាង​បានធ្វើការ​ពិភាក្សា​ជាមួយ​ថៅកែ​រោងចក្រ ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​ឡើយ​។​​លោក ហួន វណ្ណា តំណាង​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា​បាន​មានប្រសាសន៍ថា ” យើង​កំពុង​រង់ចាំ​ការឆ្លើយតប​ពី​រោងចក្រ​ក្នុងការ​សម្រេច ថា​តើ​ត្រូវ​បើក​ប្រាក់ខែ​ឲ្យ​ពួកគេ​ប៉ុន្មាន​អំឡុង​ការផ្អាក​ការងារ​នោះ​។ ថៅកែ​រោងចក្រ​និយាយថា ពួកគេ​កំពុង​រង់ចាំ​ចម្លើយ​ពី​ចៅហ្វាយ​របស់ខ្លួន​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ដែរ​”​។​​ ដកស្រង់ចេញពីការសែតខេមបូ ឌាដេលី (The Cambodia Daily News) ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤។