• សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ក្រុមយុវជន ជួបជុំ​លើក​បដា នៅមុខ​ក្រសួងបរិស្ថាន នា​ថ្ងៃ​៥​មិថុនា​ទេ​

    • ថ្ងៃចេញផ្សាយ ៤-មិថុនា-២០១៤

    រាជធានី​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ បានសម្រេច​ថា មិន​អនុញ្ញាត​ឲ្យ​ក្រុមយុវជន ជួបជុំ លើក​បដា នៅមុខ​ក្រសួងបរិស្ថាន នា​ថ្ងៃទី​៥​មិថុនា ឆ្នាំ​២០១៤ ដើម្បី​ប្រារព្ធ​ទិវា​បរិស្ថាន ថ្ងៃ​៥​មិថុនា ឡើយ​។សាលា​រាជធានី តម្រូវ​ឲ្យ​ក្រុមយុវជន ដែល​ចង់​ជួបជុំ​នោះ គួរតែ​ទៅ​ចូលរួម​ប្រារព្ធ​ទិវា​បរិស្ថាន ថ្ងៃ​៥​មិថុនា ជាមួយនឹង​ក្រសួងបរិស្ថាន នៅ​ខេត្ត​កែប​។ នេះ​ជា​លទ្ធផល នៃ​កិច្ចប្រជុំ រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុមយុវជន កាលពី​រសៀល​ថ្ងៃទី​៣​មិថុនា​នេះ​។​​កិច្ចប្រជុំ​ពិភាក្សា​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​តំណាង​បណ្ដាញ​យុវជន​កម្ពុជា​គឺ​លោក ទឹម ម៉ាឡៃ ប្រធាន​ប​ណ្ថា​ញ​យុវជន​កម្ពុជា​។​​លោក ទឹម ម៉ាឡៃ ប្រធាន​បណ្តាញ​យុវជន​កម្ពុជា បាន​លើកឡើងថា ការ​ប្រារព្ធ​ទិវា​នេះ គឺ​ដើម្បីជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​លើ​ផលប៉ះពាល់ និង​ការបំផ្លាញ​បរិស្ថាន​ដែល​កំពុង​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ ក្នុងនោះ​និង​មាន​អ្នកចូលរួម​ប្រមាណ​៥​រយ​នាក់​ជួបជុំគ្នា​ដង្ហែ​ក្បួន ពីមុខ​ក្រសួងបរិស្ថាន ទៅមុខ​ក្រសួងកសិកម្ម​។​​លោក​ឃួ​ង ស្រេង មានប្រសាសន៍ថា សាលា​រាជធានី​ភ្នំពេញ​ក្នុងដំណាក់កាល​នេះ គឺ​មិនអនុញ្ញាត​ឲ្យ​មានការ​ដង្ហែ​ក្បួន​ឡើយ ហើយ​ការមិន​អនុញ្ញាត​នេះ​គឺ​មិនមែន​ជាការ​បំបិទ​សិទ្ធិសេរីភាព ឬ​ជា​រឿង​នយោបាយនោះទេ ហេតុផល​គឺ​ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ ការពារ​ការកកស្ទះ​ចរាចរ ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​។​​លោក ទឹម ម៉ា​ល័យ ប្រធាន​ប​ណ្ថា​ញ​យុវជន​កម្ពុជា បាន​ឲ្យ​ដឹង​ទៀតថា ក្រុមយុវជន​របស់លោក មិនទាន់​សម្រេច​បែបណា​នៅឡើយ​ទេ ជុំវិញ​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ​។ ក្រុមយុវជន នឹង​ជួបប្រជុំគ្នា មុននឹង​សម្រេច​ថា នៅតែ​បន្ត​ជួបជុំមុខក្រសួង​បរិស្ថាន នា​ព្រឹក​ថ្ងៃទី​៥​មិថុនា ឬក៏​ទៅ​ចូលរួម​ទិវា​បរិស្ថាន ជាមួយនឹង​ក្រសួងបរិស្ថាន នៅ​ខេត្ត​កែប នា​ថ្ងៃទី​៥​មិថុនា​។​​យោងតាម​លិខិត​ជូនដំណឹង​ដែល​បណ្ដាញ​យុវជន​កម្ពុជា ផ្ញើជូន​អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ ដឹងថា នៅ​ថ្ងៃទី​៥ មិថុនា ឆ្នាំ​២០១៤ បណ្ដាញ​យុវជន​កម្ពុជា សហការ​ជាមួយ​អង្គការ​ដៃគូ​មួយចំនួន និង​រៀបចំប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ខួប​លើក​ទី​៤២ ដោយមាន​ការជួប​ជុំគ្នា​នៅមុខ​ក្រសួងបរិស្ថាន ហើយ​ហែ​ក្បួន​ចេញទៅ​ក្រសួងកសិកម្ម ដោយ​លើក​បដា និង​លើកឡើង​ពី​ផលប៉ះពាល់​បរិស្ថាន រួមទាំង​កិច្ចការពារ​ព្រៃឈើ ជាដើម​៕​ ដកស្រង់ចេញពីទស្សាវដ្ដីសម្លេងសារព័ត៌មានសេរី ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤។