• អ្នកកាសែត​ម្នាក់​ត្រូវបាន​គំរាម​សម្លាប់​បន្ទាប់ពី​សរសេរ​អត្ថបទ​ពាក់ព័ន្ធ​ការកាប់​ឈើ​

    • ថ្ងៃចេញផ្សាយ ៤-មិថុនា-២០១៤

    ​ក្រុមមន្ត្រី​តុលាការ​បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា អ្នកកាសែត​ម្នាក់​បានដាក់​ពាក្យបណ្ដឹង​ទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់ ចោទប្រកាន់ថា ទាហាន​ម្នា​ក់បាន​គំរាម​សម្លាប់​គាត់​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​គាត់​បាន​សរសេរ​អត្ថបទ​ជាច្រើន​ភ្ជាប់​ទាហាន​រូបនេះ​ទៅនឹង​ការជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់​។ ទាំង​កងយោធពល​ខេមរភូមិន្ទ និង​សាលាដំបូង​ខេត្ត​បាន​លើកឡើងថា ពួកគេ​នឹង​ស៊ើបអង្កេត​ករណីនេះ​។​​លោក សាក់ រុំ អ្នកយកព័ត៌មាន​ឲ្យ​កាសែត​ការពិតជា​កាសែត​ក្នុងស្រុក នៅ​ស្រុក​ភ្នំក្រវាញ ដែល​លោក​ក៏បាន​សរសេរ​ព័ត៌មាន​ឲ្យ​កាសែត​នគរវត្ត​ផងដែរ បាន​មានប្រសាសន៍ថា លោក​បានដាក់​ពាក្យបណ្ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​។​​លោក សាក់ រុំ បាន​មានប្រសាសន៍ថា “នៅ​ម៉ោង​៨​និង​៥​នាទី​យប់​ថ្ងៃអាទិត្យ លោក​សួស ទូច និង​បុរស​បួន​នាក់​ទៀត​ស្លៀកពាក់​ស៊ីវិល​បានមក​ផ្ទះ​របស់ខ្ញុំ ហើយ​បាន​គំរាម​សម្លាប់​ខ្ញុំ ប្រសិនបើ​ខ្ញុំ​បន្ត​សរសេរ​អត្ថបទ​អំពី​ការជួញដូរ​ឈើ​ប្រណី​តរបស់​ពួកគេ​ទៀត​”​។​​លោក​បាន​មានប្រសាសន៍ថា ” លោក សួស ទូច បាន​ប្រាប់​ខ្ញុំ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​សេចក្ដីរាយការណ៍​របស់​ខ្ញុំ ពីព្រោះ​ពីមុន​ខ្ញុំ​ធ្លាប់​រាយការណ៍​ពី​សកម្មភាព​ជួញដូរ​ឈើ​ប្រណី​តរបស់​ពួកគេ និង​ចែករំលែក​អត្ថបទ​មួយចំនួន​ឲ្យ​កាសែត​នគរវត្ត​ផងដែរ​”​។ លោក​បាន​បន្ថែមថា​ទាហាន​រូបនេះ​មាន​កាំភ្លើង​ក្នុង​ដៃ​។​​លោក នាក់ សុវណ្ណ ក្រឡាបញ្ជី​របស់លោក តន់ សីហ​តេជះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បញ្ជាក់ថា ពួកគាត់​បានទទួល​ពាក្យបណ្ដឹង​នេះហើយ ហើយនឹង ” បញ្ជូន​ពាក្យបណ្ដឹង​នេះ​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដើម្បី​ស៊ើបអង្កេត​នៅ​ចុង​សប្ដាហ៍​នេះ​”​។​​លោក​បាន​បន្ថែមថា ” ពាក្យបណ្ដឹង​នេះ​ចោទប្រកាន់​ទាហាន​រូបនេះ​ពីបទ​ប្រមាថ​ជា​សាធារណៈ ដោយ​ធ្វើការ​គំរាម​សម្លាប់ ហើយ​ចូល​ក្នុងផ្ទះ​របស់ខ្ញុំ​ដោយ​គ្មាន​ការអនុញ្ញាត​”​។​​លោក សួស ទូច មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ ហើយ​ថ្នាក់លើ​របស់លោក​បាន​និយាយថា ពួកគេ​បានដឹង​ពី​ករណី​នេះហើយ និង​កំពុងធ្វើការ​ស៊ើបអង្កេត​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈុំ សេង​ហ៊​ន នាយសេនាធិការ​កងពល​តូច​អន្តរាគមន៍​លេខ​១៤ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​មានប្រសាសន៍ថា យើង​នឹង​សហការ​ជាមួយ​នគរបាល​ប្រសិនបើ​តុលាការ​កោះហៅ​គាត់​”​។​​លោក​បាន​បន្ថែមថា ” យើង​មិនដឹងថា តើ​គាត់​ជា​អ្នកជួញដូរ​ឈើ​ប្រណីត​មែន ឬ​មិនមែន​ឡើយ ប៉ុន្តែ​គាត់​មិនអាច​គំរាម​សម្លាប់​អ្នកកាសែត​ទេ​”​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គឹម សេង​ង៉ុ​ន មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១៤​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​មានប្រសាសន៍ថា លោក សួស ទូច នឹងត្រូវ​កោះហៅ​មក​សាកសួរ​នៅថ្ងៃនេះ​។​​លោក​បាន​មានប្រសាសន៍ថា ” ខ្ញុំ​នឹង​សាកសួរ​ពី​មូលហេតុ​ដែល​សេចក្តីរាយការណ៍​នោះ​ចោទប្រកាន់​គាត់ [​ពីបទ​ជួញដូរ​] និង​សួរ​គាត់​ពី​មូលហេតុ​ដែល​គាត់​មាន​កាំភ្លើង​” នៅពេល​គាត់​និយាយ​ជាមួយ​អ្នកយកព័ត៌មាន​។ ខ្ញុំ​នឹងមិន​លម្អៀង​ទេ​។ ប្រសិនបើ​គាត់​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន គាត់​ត្រូវ​ប្រឈមមុខ​ផ្លូវច្បាប់​”​។​​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​អាដហុក បាន​លើកឡើងថា ពួកគេ​ក៏​នឹង​ស៊ើបអង្កេត​ពាក្យបណ្ដឹង​នេះដែរ​។ លោក ហួង សុធា អ្នកសម្របសម្រួល​អង្គ​ការ​អាដហុក​ប្រចាំខេត្ត​នេះ​បាន​មានប្រសាសន៍ថា ” វា​ជាការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ពីព្រោះ​អ្នកកាសែត​ឬ​ប្រជាពលរដ្ឋ​គួរ​ត្រូវបាន​អនុញ្ញាត​ឲ្យ​រាយការណ៍​អំពី​ព័ត៌មាន​ពិត​”​។​​នៅ​ឆ្នាំនេះ​មាន​ករណី​គំរាម​អ្នកកាសែត​ជាច្រើន​ដែល​សរសេរ​អត្ថបទ​អំពី​ការកាប់​ឈើ​ខុសច្បាប់​។ កាលពី​ខែមេសា ក្លឹប​អ្នកកាសែត​កម្ពុជា​បានចេញ​សេចក្ដីថ្លែងការណ៍​សម្ដែង​កង្វល់​ជុំវិញ​ករណី​អ្នកកាសែត​បីនាក់​ក្នុង​ខេត្តព្រះវិហារ ពោធិ៍សាត់​និង​ខេត្តកំពង់ចាម ដែល​ត្រូវបាន​យាយី​នៅពេល​យក​ព័ត៌មាន​អំពី​ការកាប់​ឈើ​ខុសច្បាប់​៕​ ដកស្រង់ចេញពីការសែតខេមបូ ឌាដេលី (The Cambodia Daily News) ចុះថ្ងៃទី០៤ ខែមិថុនា​ ឆ្នាំ២០១៤។