• កម្លាំង​សមត្ថកិច្ច​រារាំង​ក្បួន​ដង្ហែ​កម្មករ​រោងចក្រ​អូ​សេ​អង់​ដែល​គ្រោង​មក​ក្រសួង​ការងារ​

    • ថ្ងៃចេញផ្សាយ ៥-មិថុនា-២០១៤

    កម្លាំង​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ រារាំង​កម្មករ​រោងចក្រ​អូ​សេ​អង់​ដែល​គ្រោង​ដង្ហែ​ក្បួន​មកសុំ​អន្តរាគមន៍​នៅ​ក្រសួង​ការងារ​ពាក់ព័ន្ធ​នឹង​ការទាមទារ​ប្រាក់​ឈ្នួល​អំឡុងពេល​ព្យួរការងារ​។​​នៅ​ម៉ោង​ជិត​៨​ព្រឹក​នេះ កម្មករ​ប្រមាណ​ជា​៤០០​នាក់ នៅ​រោងចក្រ​អូ​សេ​អង់ ស្ថិតនៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដង្ហែ​ក្បួន​ជា​លើក​ទី​២ មកកាន់​ក្រសួង​ការងារ​បន្ទាប់ពី​កិច្ចចរចា​ពហុភាគី​រវាង​ថៅកែ​រោងចក្រ កម្មករ និង​មន្ត្រី​ក្រសួង​ការងារ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​បាន​បរាជ័យ​។​​តំណាង​កម្មករ និង​ជា​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​អូ​សេ​អង់ លោក ឆេង ឈាន់ ប្រាប់​VOD​ឲ្យ​ដឹងថា ក្បួន​ដង្ហែ​របស់​កម្មករ​ត្រូវបាន​អាជ្ញាធរ រារាំង​ចំនួន​ពីរលើក​នៅ​ព្រឹក​នេះ នៅ​ចំណុច​មុខ​រោងចក្រ និង​ផ្លូវបំបែក​មហាវិថី សហព័ន្ធរុស្ស៊ី​។ លោក​ថា ក្រោយ​ការរារាំង​នេះ កម្មករ​បានសម្រេច​អង្គុយ​នៅនឹងកន្លែង​ដោយ​លើក​បដា​ទាមទារ ខណៈដែល​មន្ត្រី​ក្រសួង​ការងារ បាន​ចុះមក​សម្របសម្រួល​ឲ្យ​មាន​កិច្ចចរចា​ជាថ្មី​នៅ​ព្រឹក​នេះ និង​ប្រាប់​ឲ្យ​កម្មករ​រង់ចាំ​ដំណោះស្រាយ​។​ ​យ៉ាងណាក៏ដោយ រហូតមកទល់​ម៉ោង​ជិត​៩​ព្រឹក​នេះ គឺ​ពុំមាន​ហិង្សា​ណាមួយ​កើតឡើង​នោះទេ​។​​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​អូ​សេ​អង់​ហ្គា​មិន (Ocean Garment) ប្រមាណ​១៥០០​នាក់ បាន​ផ្តើមធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ កាលពី​ថ្ងៃទី​២៣ ខែឧសភា បន្ទាប់​ភាគី​រោងចក្រ ប្រកាស​ព្យួរការងារ​របស់​កម្ម​ករ ចាប់ពី​ថ្ងៃទី​២៦ ខែឧសភា ដល់​ថ្ងៃទី​២៦ ខែមិថុនា ដោយ​មិនបាន​ជូនដំណឹង​ក្នុងពេល​កំណត់​ត្រឹមត្រូវ​តាមច្បាប់ គ្រាន់តែ​អះអាង គ្មាន​អ្នកបញ្ជា​ទិញ និង​ផ្តល់ប្រាក់​១៥​ដុល្លារ​ម្នាក់ សម្រាប់​រយៈពេល​ព្យួរការងារ​នេះ​៕ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤។