• ប្រជាជន​១២​គ្រួសារ​ដែលមាន​វិវាទ​ដីធ្លី​នៅ​ខេត្តកំពត​អះអាងថា ក្រុមហ៊ុន​សំណង់​មួយ​បំភិតបំភ័យ​ខ្លួន​

    • ថ្ងៃចេញផ្សាយ ៨-មិថុនា-២០១៤

    ​កាលពី​ម្សិលមិញ អ្នកភូមិ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា អ្នកភូមិ​ចំនួន​១២​គ្រួសារ​ដែលមាន​វិវាទ​ដីធ្លី​ក្នុង​ខេត្តកំពត បាននាំគ្នា​រារាំង​ក្រុមហ៊ុន​សំណង់​មួយ​កាលពី​ថ្ងៃ​ពុធ​មិន​ឲ្យ​ចាក់ដី​បំពេញ​ទីវាល​ដែល​ពួកគាត់​អះអាងថា ជា​កម្មសិទ្ធិ​របស់ខ្លួន​។​អ្នកភូមិ​ជាច្រើន​គ្រួសារ​នេះ​បាន​លើកឡើងថា ក្រុមហ៊ុន​បានចាប់ផ្ដើម​ទន្ទ្រាន​យក​ដី​របស់​ពួកគាត់​នៅក្នុង​ឆ្នាំ​២០១១​នៅពេល​ពួកគេ​បាន​ទិញ​ដី​នៅក្បែរៗ​នោះ​។​​ចាប់តាំងពី​ពេលនោះ​មក អ្នកភូមិ​ទាំង​១២​គ្រួសារ​នេះ​ដែល​បដិសេធ​មិន​ព្រម​លក់​ដី​របស់ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន វណ្ណ វណ្ណា នៅក្នុង​ស្រុក​កំពង់ត្រឡាច បាន​និយាយថា ពួកគាត់​បាន​ជួប​ការលំបាក​នៅក្នុង​ការផ្ដល់​ភ័ស្តុតាង​ដែល​បញ្ជាក់ថា ដី​នេះ​ជា​របស់​ពួកគាត់​ដោយ​ស្របច្បាប់​។​​អ្នកភូមិ​ម្នាក់​ឈ្មោះ កង ហាវ អាយុ​៦៨​ឆ្នាំ​បាន​និយាយថា ” យើង​បានរស់នៅ ហើយ​រង់ចាំ​មន្ទីរ​សុរិយោដី​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​មក​ឲ្យ​យើង ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​ឮថា ក្រុមហ៊ុន​បានក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​លើដី​របស់ខ្ញុំ​ហើយ​។​ក្រុមហ៊ុន​បាន​ព្យាយាម​យក​ដី​របស់ខ្ញុំ​ជា​យូរ​មកហើយ​។ ហើយ​នៅពេលណា​ដែល​ខ្ញុំ​ដាំ​ដើម​ដូង ពួកគេ​បានមក​ដកចេញ​ភ្លាម​”​។​​លោក យន់ ផល្លីអ្នកស៊ើប​អង្កេត​នៅ​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ពុធ រថយន្ត​ដឹក​ដី​មួយចំនួន​របស់​ក្រុមហ៊ុន​បាន​ទៅដល់ ប៉ុន្តែ​បាន​ត្រឡប់​ទៅវិញ បន្ទាប់ពី​អ្នកភូមិ​បាននាំគ្នា​បិទផ្លូវ​។​​លោក​បាន​មានប្រសាសន៍ថា ” ខ្ញុំ​បាន​ទៅ​សួរ​មេឃុំ ប៉ុន្តែ​គាត់​បាន​មានប្រសាសន៍ថា គាត់​មិនដឹង​ទេ ថា​តើ​ហេតុអ្វី​បានជា​ក្រុមហ៊ុន​ព្យាយាម​បង្ហាញ​ប្រាប់​ពលរដ្ឋ​ថា ខ្លួន​មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នោះ​”​។​​យោងតាម​លោក ផល្លី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន វណ្ណ វណ្ណា បាន​ព្យាយាម​ទិញ​ដី​ទំហំ​មួយ​ហិកតា​ពី​អ្នកភូមិ​ទាំង​១២​គ្រួសារ​នេះ​ក្នុងតម្លៃ​៤០.០០០​ដុល្លារ ប៉ុន្តែ​ពួកគាត់​បាន​បដិសេធ​មិន​លក់​ឲ្យ​ទេ​។​​លោក វុ​ធ វ​ឌ្ឍា​ណា ប្រធានការិយាល័យ​អន្តរ​វិស័យ​ខេត្តកំពត បាន​លើកឡើងថា ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​អភិវឌ្ឍ​ផ្នែក​ខ្លះ​នៃ​តំបន់​នោះ​ជាច្រើន​ឆ្នាំ​មកហើយ​។​​លោក​បាន​មានប្រសាសន៍ថា ក្រុមហ៊ុន វណ្ណ វណ្ណា ទទួលបាន​ការអនុញ្ញាត​ឲ្យ​អភិវឌ្ឍ​ជា​យូរ​មកហើយ ប៉ុន្តែ​ទាក់ទិន​នឹង​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន និង​អ្នកភូមិ​ទាំង​១២​គ្រួសារ​នោះ​វិញ ខ្ញុំ​មិនដឹង​ទេ ថា​តើ​ក្រុមហ៊ុន​មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឬ​អត់​នោះ​”​។​​យោងតាម​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​លីកាដូ បាន​ឲ្យ​ដឹងថា កាលពី​ខែមីនា ក្រុមហ៊ុន វណ្ណ វណ្ណាបានដាក់​ពាក្យ​ប្ដឹង​ដោយ​អះអាងថា គ្រួសារ​ទាំងនេះ​មាន​អាកប្បកិរិយា​ហិង្សា ហើយ​បាន​រារាំង​មិន​ឲ្យ​ខ្លួន​ធ្វើការ​អភិវឌ្ឍ​។កាលពី​ខែមេសា គ្រួសារ​ទាំងនេះ​បានដាក់​ពាក្យ​ប្ដឹង​បក​វិញ ដោយ​លើកឡើងថា ក្រុមហ៊ុន​បាន​ទន្ទ្រាន​យក​ដី​របស់​ពួកគាត់​ដោយ​ខុសច្បាប់​។​​លោក ហាវ បាន​និយាយថា ” ក្រុមហ៊ុន​កំពុងតែ​គំរាមកំហែង​យើង ដោយ​និយាយថា ប្រសិនបើ​យើង​មិន​ផ្ដល់​ដី​ទៅ​ឲ្យ​គេ​ទេ គេ​នឹង​ចាក់ដី​លើដី​របស់​យើង ទោះបីជា​យើង​រស់នៅ​ទីនេះ​ជា​យូរ​មកហើយ​ក៏ដោយ​”៕​ដកស្រង់ចេញពីការសែតខេម បូឌាដេលី (The Cambodia Daily Newspaper) ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤។