• គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​លុបចោល វេទិកាសាធារណៈ​របស់​ខ្លួន នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​មានជ័យ​

    • ថ្ងៃចេញផ្សាយ ៩-មិថុនា-២០១៤

    ក្រោយពី​មានការ​រារាំង​ពី​សំណាក់​សមត្ថកិច្ច​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ចំណុច​ព្រៃ​ស្អា​ក គណបក្ស​សង្គ្រោះ​សម្រេច​លុបចោល​កម្មវិធី​វេទិកាសាធារណៈ​របស់ខ្លួន ដែល​គ្រោង​ធ្វើ​នៅ​ទីរួមស្រុក​អន្លង់វែង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។​​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ហុង សុខ​ហួរ ប្រាប់ VOD ឲ្យ​ដឹងថា ខាង​ក្រុមការងារ ក៏ដូចជា​ថ្នាក់ដឹកនាំ​របស់ខ្លួន សម្រេច​លុបចោល​វេទិកាសាធារណៈ​នេះ បន្ទាប់ពី​ឃើញ​មានការ​ដាក់ពង្រាយ​កម្លាំង​សមត្ថកិច្ច ដើម្បី​រារាំង​កម្មវិធី​នេះ​។ លោក​យល់ឃើញថា នេះ​ជាការ​គម្រាមកំហែង​ដល់​ប្រជាពលរដ្ឋ ហើយក៏​ជា​រូបភាព​មួយ​ដ៏​អាក្រក់​នៅក្នុង​លទ្ធិប្រជាធិបតេយ្យ​។​​តាម​អ្នករាយការណ៍​ព័ត៌មាន​របស់ VOD ដែល​ចុះ​ទៅយក​ព័ត៌មាន​នៅ​ស្រុក​អន្លង់វែង​ឲ្យ​ដឹងថា សមត្ថកិច្ច​ដែល​ដាក់ពង្រាយ​នៅតាម​ដងផ្លូវ​នៅ​ចំណុច​ព្រៃ​ស្អា​ក មាន​ប្រដាប់​ដោយ​អាវុធ ដំបងឆក់ និង​ខែល​។ លោក បាន​រាយការណ៍​បន្ថែម​ថា តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់ តំបន់​ព្រៃ​ស្អា​ក ឲ្យ​ដឹងថា នៅ​ចម្ងាយ​ប្រហែល​មួយរយ​ម៉ែត្រ​ពី កន្លែង​ដែល​សមត្ថកិច្ច​ឈរជើង​នោះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ ខ្លះ​មាន​កាន់ដំបង ខ្លះ​កាន់​វិទ្យុទាក់ទង ហើយ​លើ​ឡាន​របស់​ពួកគេ​មាន​ចាក់​មីក្រូ ដែល​ប្រជាពលរដ្ឋ​គិតថា ជាការ​រំខាន​ដល់​ការធ្វើដំណើរ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះទៅ​ស្រុក​អន្លង់វែង​នោះ​។ជាមួយគ្នា​នៅ​ស្រុក​អន្លង់វែង ក៏មាន​ប្រជាពលរដ្ឋ​ប្រមាណ​មួយរយ​នាក់ មាន​កាន់ដំបង និង ចាក់​មីក្រូ​នៅលើ​ឡាន ក្នុង​រូបភាព​ដូចគ្នា​នឹង​ប្រជាពលរដ្ឋ​ដែល​ឈរជើង​នៅ​កណ្ដាល​ព្រៃ​ស្អា​ក​នោះ​ផងដែរ​។​អ្នកយកព័ត៌មាន​VOD បាន​សាកសួរ​កម្លាំង​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​តំបន់​ព្រៃ​ស្អា​ក ពី​វត្តមាន​របស់​ប្រជាពលរដ្ឋ​ទាំងនោះ ប៉ុន្តែ​សមត្ថកិច្ច​ម្នាក់​លោក សឿន ហៃ បាន​ឲ្យ​ដឹងថា លោក​មិនដឹងថា ប្រជាពលរដ្ឋ​ទាំងនោះ​មកពី​ខាង​ណា និង​ក្នុង​គោលបំណង​អ្វី​ទេ​។​​លោកបូ សា​វី ក៏បាន​រាយការណ៍​ឲ្យ​ដឹង​បន្ថែមទៀតថា តាម​ព័ត៌មាន​ដែល​លោក​បាន​សាកសួរ​ពី​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ព្រៃ​ស្អា​ក ជា​អ្នក​ដកហូត ទូរស័ព្ទដៃ និង​អាយ​ផេ​ត របស់​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ប៉ុល ហំ និង​លោក​ អ៊ុជ ឆ​យ​យុទ្ធ​។​​តាម​គម្រោង ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី និង​លោក​ កឹម សុខា នឹង​ទៅធ្វើ​វេទិកាសាធារណៈ​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​នា​ព្រឹក​នេះ ហើយ​នៅពេល​ល្ងាច​លោក​នឹង​អញ្ជើញ​ទៅធ្វើ​វេទិកា​នៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​បន្តទៀត​៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤។