• អាជ្ញាធរ​ហាម​មិន​ឲ្យ​រៀបចំ​វេទិកាសាធារណៈ​ស្តីពី​ការកាប់​ឈើ​ខុសច្បាប់​

    • ថ្ងៃចេញផ្សាយ ១១-មិថុនា-២០១៤

    ក្រុមមន្ត្រី​ខេត្តព្រះវិហារ​បាន​រារាំង​សកម្មជន​ការពារ​បរិស្ថាន​ភ្លាមៗ​មិន​ឲ្យ​រៀបចំ​វេទិកាសាធារណៈ​ដូច​ការគ្រោងទុក​ទេ​កាលពី​ម្សិលមិញ ដោយ​ក្រុម​សកម្មជន​អះអាងថា ការរារាំង​នេះ​គឺជា​ហេតុផល​នយោបាយ ហើយ​មន្ត្រី​ទាំងនោះ​និយាយថា ក្រុម​នេះ​មិនបាន​ធ្វើតាម​នីតិវិធី​ត្រឹមត្រូវ​ឡើយ​។​​លោក សេង សុខ​ហេង អ្នកសម្របសម្រួល​បណ្ដា​ញក​សាង​សន្តិភាព​សហគមន៍​បាន​មានប្រសាសន៍ថា អភិបាលខេត្ត និង​អភិបាលស្រុក បាន​បិទ​វេទិកា​ដែល​រៀបចំឡើង​នៅ​ខាងក្រៅ​សាលាស្រុក​ជ័យ​សែន ដើម្បី​ពិភាក្សា​ពី​ការកាប់​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃ​ឡង់​។​​លោក សុខ​ហេង បាន​មានប្រសាសន៍ថា “​លោក ថោង សា​គឿន អភិបាលស្រុក​បានចេញ​មក​និយាយថា លោក​អភិបាលខេត្ត​បានចេញ​បញ្ជា​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​វេទិកាសាធារណៈ​នេះ​ទេ ពីព្រោះ​លោក​បារម្ភ​ថា វេទិកា​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ហេតុផល​នយោបាយ​”​។ លោក​បាន​បន្ថែមថា “ ខ្ញុំ​គិតថា វា​គ្រាន់តែ​ជា​លេស​របស់​ពួកគេ​ប៉ុណ្ណោះ ពីព្រោះ​ពួកគេ​ចង់​គេចវេះ​មិន​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ពីព្រោះ​ពួកគេ​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ដើម្បី​កាប់​ឈើ​”​។​​លោក សុខ​ហេង បាន​មានប្រសាសន៍ថា វេទិកា​នេះ​គឺ​ផ្ដោតលើ​ការសង្ស័យថា​មានការ​កាប់​ឈើ​ខុសច្បាប់ និង​ការជាប់​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន​ទ្រី​ភាព​ក្នុងការ​កាប់​ឈើ​នេះ​។ ប្រជាពលរដ្ឋ​ប្រហែល​៣០០​នាក់​ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួម​វេទិកា​នេះ​ទេ​។​​លោក ថោង សា​គឿន អភិបាលស្រុក​ជ័យ​សែន បាន​ទទួលស្គាល់ថា លោក​បាន​បិទ​វេទិកា​នេះ​មែន ប៉ុន្តែ​លោក​បាន​លើកឡើងថា វា​មិន​ទាក់ទង​នឹង​នយោបាយ​ទេ​។ លោក​បាន​មានប្រសាសន៍ថា “​ខ្ញុំ​មិន​និយាយថា យើង​ហាមឃាត់​មិន​ឲ្យ​រៀបចំ​វេទិកាសាធារណៈ​ដោយសារ​ហេតុផល​នយោបាយ​ឡើយ​។ ខ្ញុំ​បាន​និយាយថា លោក​អភិបាលខេត្ត​បាន​បញ្ជា​ឲ្យ​ហាមឃាត់​វេទិកា​នេះ ពីព្រោះ​មិនមាន​ការស្នើសុំ​ធ្វើ​ត្រឹមត្រូវ​ទេ​។​​លោក សា​គឿន បាន​មានប្រសាសន៍ថា ក្រុម​សកម្មជន​បានដាក់​សំណើសុំ​រៀបចំ​វេទិកា​រយៈពេល​មួយថ្ងៃ​មុន​តែប៉ុណ្ណោះ គឺ​មិនអាច​ទទួលយក​បានឡើយ​។ ប៉ុន្តែ​លោក សុខ​ហេង បាន​អះអាងថា ឯកសារ​ត្រូវបាន​ដាក់ជូន​ជាមុន​ត្រឹមត្រូវ​ហើយ ហើយ​វេទិកា​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អង្គារ​។​អ្នកស្រី ឈឹម សុខា តំណាង​សហគមន៍​ស្អាង ក្នុង​ខេត្តព្រះវិហារ បាន​មានប្រសាសន៍ថា អាជ្ញាធរ​មិន​អើពើ​នឹង​បទល្មើស​ព្រៃឈើ​ក្នុង​សហគមន៍​របស់​អ្នកស្រី​ឡើយ​។ អ្នកស្រី​បាន​និយាយថា “ យើង​សង្កេតឃើញថា យ៉ាងហោចណាស់​មាន​រថ​យន្ត​៣០​គ្រឿង​ដឹកឈើ​ចូលទៅក្នុង​ក្រុមហ៊ុន​ទ្រី​ភាព​។ យើង​មិន​បានឃើញ​អាជ្ញាធរ ឬ​ក្រុម​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ណា​រារាំង​សកម្មភាព​ទាំង​នេះឡើយ​”​។​​លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​នៅ​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​មានប្រសាសន៍ថា ការហាមឃាត់​មិន​ឲ្យ​រៀបចំ​វេទិកា​នេះ គឺជា​ការរំលោភ​សេរីភាព​នៃ​ការបញ្ចេញមតិ​ដោយ​សេរី​។ លោក​បាន​មានប្រសាសន៍ថា “ ខ្ញុំ​គិតថា វា​ជាការ​បំផ្លាញ​សេរីភាព​នៃ​ការបញ្ចេញមតិ​។ សកម្មជន​សហគមន៍​គ្រាន់តែ​ចង់​លើកឡើង​នូវ​កង្វល់​ពាក់ព័ន្ធ​ការកាប់បំផ្លាញ​ព្រៃឈើ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ការពារ​ព្រៃឈើ​តែប៉ុណ្ណោះ”​៕ដកស្រង់ចេញពីការសែតខេមបូ ឌាដេលី (The CambodiaDaily News) ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។​​