• អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​រារាំង​លោក កឹម សុខា ជួប​ពលករ​ខ្មែរ​មកពី​ថៃ​

    • ថ្ងៃចេញផ្សាយ ២០-មិថុនា-២០១៤

    អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច បាន​រារាំង និង​បណ្ដេញ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​នាក់​ចេញពី​ខាងមុខ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​​ក្រុម​អាជ្ញាធរ​ចោទថា វត្តមាន​របស់​ក្រុមមន្ត្រី​គណបក្សប្រឆាំង ដែល​ដឹកនាំ​ដោយ លោក កឹម សុខា ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នោះ ជាការ​រំខាន​ដល់​ការងារ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​មាន​ចេតនា​កេងចំណេញ​ខាង​ផ្នែក​នយោបាយ​ពី​ពលករ​ខ្មែរ ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូនមក​កម្ពុជា វិញ​។​សំឡេង​ស៊ី​ផ្លេ​រថយន្ត និង​សូរ​កញ្ចែ​របស់​ប៉ូលិសចរាចរ បាន​បន្លឺឡើង​យ៉ាង​សន្ធាប់ ដើម្បី​បំបែក​ក្រុមការងារ​គណ​បក្ស​សង្គ្រោះ​ជាតិ មួយក្រុម ដែល​បាន​ព្យាយាម​ចូលទៅ​ជួប​ជាមួយ​ជន​ចំណាកស្រុក​ខ្មែរ​នៅខាងមុខ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​៖ «​សំឡេង​»​។​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បាន​ដឹកនាំ​សមាជិក​ព្រឹទ្ធសភា និង​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជាង ២០​នាក់​នោះ ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​១៩ មិថុនា ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជាមួយ​ពលករ​ខ្មែរ​បាន​បន្តិច​ប៉ុណ្ណោះ ក៏ត្រូវ​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​សមត្ថកិច្ច​រារាំង​៖ «​យើង​ចង់ដឹង​សុខទុក្ខ ប៉ុន្តែ​យើង​មិនបាន​ប្រាស្រ័យ​ទាក់ទង​ឲ្យ​បានល្អ​ប្រសើរ​ទេ ដោយមាន​ភាព​រញ៉េរញ៉ៃ ការវាយតម្លៃ​របស់ខ្ញុំ គឺ​សមត្ថកិច្ច​នៅ​ទីនោះ​គ្មាន​សមត្ថភាព​ក្នុង​រៀបរយ​សណ្ដាប់ធ្នាប់ គ្រាន់តែ​ពួកយើងខ្ញុំ​ចុះមក​ទីនេះ​ដើម្បី​បង្ហាញថា ទោះបី​យើង​នៅ​គណបក្ស​ណាក៏ដោយ ពេលណា​ខ្មែរ​មានទុក្ខ ខ្មែរ​មាន​លំបាក យើង​ត្រូវ​សាមគ្គី​គ្នា​ដើម្បី​ជួយ ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ មិនមែនជា​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ក៏ដោយ ក៏​យើង​អាច​ចូលរួមចំណែក​ក្នុងការ​សួរសុខទុក្ខ​»​។​លោក​បញ្ជាក់​បន្ថែមថា តំណាងរាស្ត្រ​ជាប់ឆ្នោត និង​សមាជិក​ព្រឹទ្ធសភា​ជាង ២០​រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ មានបំណង​ចុះសួរសុខទុក្ខ​នៃ​ការវិល​ត្រឡប់មកវិញ​របស់​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ ចង់​ពិនិត្យមើល​ពី​ស្ថានភាព​នៃ​ការចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា វិញ​របស់​អាជ្ញាធរ​ថៃ និង​ការដឹកជញ្ជូន​ពលករ​ខ្មែរ​ទៅ​ស្រុកកំណើត​វិញ​របស់​រដ្ឋាភិបាល​កម្ពុ​ជា​។​​ទន្ទឹមគ្នានេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​នាំទៅ​ជាមួយ​នូវ​ជំនួយ​មនុស្សធម៌ និង​ថ្នាំសង្កូវ ដើម្បី​ចែកជូន​ទៅ​ឲ្យ​ពលករ​ខ្មែរ ប៉ុន្តែ​បំណង​នេះ​ត្រូវបាន​ក្រុម​អាជ្ញាធរ​ចោទថា គណបក្ស​សង្គ្រោះ​ជាតិ ព្យាយាម​កេងចំណេញ​ខាង​ផ្នែក​នយោបាយ​ពី​ក្រុម​ពលករ​ខ្មែរ​។​​អភិបាលខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំ​សារឿ​ត មានប្រសាសន៍ថា អាជ្ញាធរខេត្ត​ស្នើ​ឲ្យ​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ អាចធ្វើ​ដំណើរ​តាម​រថយន្ត​ចូលទៅ​មើល​ទិដ្ឋភាព​ខាងក្នុង​បាន ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ចុះសួរសុខទុក្ខ​នោះឡើយ​។ មូលហេតុ​ដោយសារ​នៅខាងមុខ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នោះ ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន កំពុងមាន​សកម្មភាព​មមាញឹក​ជួយ​ពលករ​ខ្មែរ​ដែល​គេ​ចាប់បញ្ជូន​មកពី​ប្រទេស​ថៃ​។​​គិត​ត្រឹម​ថ្ងៃទី​១៨ មិថុនា ចំនួន​ពលករ​ខ្មែរ​ដែល​ថៃ ចាប់បញ្ជូន​មក​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កើនឡើង​រហូត​ទៅដល់​ជាង ២០​ម៉ឺន​នាក់​។ លោក គោ ស៊ុំ​សារឿ​ត បន្ថែមថា គណបក្ស​សង្គ្រោះ​ជាតិ ពួកគេ​ធ្វើជា​មិន​យល់​ពី​ស្ថានភាព​នេះឡើយ ប៉ុន្តែ​បែរជា​ចេតនា​ចង់​កេងចំណេញ​ផលប្រយោជន៍​នយោបាយ​ពី​ពលករ​ខ្មែរ​ទៅវិញ​៖ «​ខ្ញុំ​គិតថា គាត់​ចង់​ចំណេញ​នយោបាយ​ពលករ​មក​រាប់ម៉ឺន​រាប់សែន​នាក់ អ៊ីចឹង​អ្នកណាខ្លះ​ជួយ​ពលករ ព្រោះ​គេ​ឃើញជាក់ស្ដែង​មានតែ​អាជ្ញាធរ មន្ត្រីរាជការ កងកម្លាំង​សមត្ថកិច្ច ដូចជា កងរាជអាវុធហត្ថ ប៉ូលិស ទាហាន ជួយ​ធ្វើ​ទាំងអស់​»​។​​លោក​អភិបាលខេត្ត​យល់ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គួរ​នាំគ្នា​ធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​នៅតាម​ខេត្ត​ក្រុង​គោលដៅ ដែលមាន​ការដឹកជញ្ជូន​ពលករ​ទៅកាន់​ស្រុកកំណើត ប៉ុន្តែ​មិនគួរ​មក​កេងចំណេញ​ខាង​ផ្នែក​នយោបាយ​ពី​ពលករ​ខ្មែរ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នោះឡើយ​។​​ទោះ​យ៉ាងនេះ​ក្តី លោក កឹម សុខា ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ព្យាយាម​ចូលទៅ​ជួប​ពលករ​ខ្មែរ​ឲ្យ​បាន​នៅខាងមុខ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប៉ុន្តែ​នៅ​ប៉ុន្មាន​នាទី​ក្រោយមក លោក កឹម សុខា បាន​ប្ដូរ​ឥរិយាបថ​ដឹកនាំ​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ដកថយ​ទៅកាន់​ទី​រួម​ខេត្តបន្ទាយមានជ័យ វិញ​។​​ទាក់ទិន​បញ្ហា​នេះ អ្នកវិភាគ​បញ្ហា​សង្គម លោក កែម ឡី បាន​ប្រៀបប្រដូច​រដ្ឋាភិបាល និង​គណបក្សប្រឆាំង ក្លាយខ្លួន​ទៅជា​អ្នករត់​តាក់ស៊ី​នៅ​ផ្សារ​ថ្មី​។ ភាគី​ទាំងពីរ​នាំគ្នា​ដណ្ដើម​ម៉ូយ​គ្នា ដែល​បណ្ដាល​ឲ្យ​មានការ​បាត់បង់​របស់​របរ រងគ្រោះ​ដល់​ពលករ​ខ្មែរ​៖ «​តាមពិត​ប្រទេស​ដែល​អាសន្ន​មាន​បញ្ហា​ធំ​អ៊ីចឹង នាយករដ្ឋមន្ត្រី ប្រធាន​គណបក្សប្រឆាំង ប្រធាន​បណ្ដេញ អ៊ិន​.​ជី​.​អូ (Ngo) ត្រូវតែ​អង្គុយ​ជាមួយគ្នា ជជែក​គ្នា ហើយ​រក​យុត្តិសាស្ត្រ​ជួយ​ឲ្យ​មាន​និរន្តរភាព អាហ្នឹង​ជាគោលការណ៍​។ ទី​២ រក​យុទ្ធសាស្ត្រ​ហ្នឹង​មិនមែន​ដណ្ដើម​គ្នា​ដូច​អ្នករត់​តាក់ស៊ី​នៅ​ផ្សារ​ថ្មី​អ៊ីចឹង​ទេ គឺ​ត្រូវ​រៀបចំ​ថវិកា​យក​ធនធាន​ពី​ណា​មក​»​។​លោក​បន្តថា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ច្រើនសន្ធឹក​សន្ធាប់​នៅ​គ្រា​ខ្លួន​មាន​អាសន្ន​។ ជំនួយ​នេះ​ពលករ​ខ្មែរ​ទទួលបាន​ផលប្រយោជន៍​តិចតួច​បំផុត ប៉ុន្តែ​ផលប្រយោជន៍​ច្រើន​បាន​ទៅលើ​អ្នក​ជួយ ដូចជា មន្ត្រី​គ្រោះមហន្តរាយ និង​មន្ត្រី​កាកបាទក្រហម​។ លោក កែម ឡី សង្កត់ធ្ងន់ថា​៖«​យើង​ត្រូវ​គិត​ធ្វើ​ម៉េច​ឲ្យ​មាន​តម្លាភាព​ក្នុង​ការជួយ ហើយ​ចៀសវាង​ការ​កេងចំណេញ​នយោបាយ​ពីគ្នា​ទៅវិញទៅមក​»​។​​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង គេ​សង្កេតឃើញថា ពលករ​ខ្មែរ​ទាំង​នោះបាន​អំពាវនាវ​រក​ការជួយ​សង្គ្រោះ​បឋម នូវ​អ្វីដែល​ពួកគាត់​បាត់បង់ និង​ការ​ប្រឈម​នឹង​គ្រោះថ្នាក់ រួមទាំង​បញ្ហាលំបាក​ផ្សេងទៀត ដោយ​ពុំបាន​គិតពី​រឿង​នយោបាយ​នោះឡើយ​៕ ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤។