• មន្ត្រី​បក្សប្រឆាំង​៨​រូប​ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​

    • ថ្ងៃចេញផ្សាយ ២៣-កក្កដា-២០១៤

    ​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧​រូប និង​សកម្មជន​មួយរូប​ដែល​ជាប់​ពន្ធនាគារ​ព្រៃ​ស មួយអាទិត្យ​មកហើយ​នោះ ត្រូវបាន​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​ហើយ នៅ​ល្ងាច​ថ្ងៃទី​២២ កក្កដា​។ មាន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់ពាន់នាក់ ចេញ​ទៅ​ទទួល​ស្វាគមន៍​អ្នក​ទាំងនោះ​។​​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់ពាន់នាក់ បាន​ស្រែក​ជយឃោស និង​ស្វាគមន៍​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧​រូប និង​សកម្មជន​មួយរូប ដែល​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស​នៅវេលា​ម៉ោង ៤ និង ៤០​នាទី ល្ងាច​ថ្ងៃ​ទី​២២ កក្កដា​។​​រីឯ​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ចំនួន ៧​រូប និង​សកម្មជន​មួយរូប ដែល​បាន​ចេញពី​ពន្ធនាគារ​នោះ​វិញ សុទ្ធតែ​មាន​ទឹកមុខ​រីក​រាយ​នៅពេល​ដែល​ទទួល​បានកា​រ​ស្វាគមន៍​ពី​អ្នក គាំទ្រ​របស់​ខ្លួន​។ ក្ដីរំភើប​ពី​ការដោះលែង​នោះ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខ្លះ​ស្រែកយំ និង​ស្ទុះ​ទៅ​អោប​អ្នកតំណាងរាស្ត្រ​ទាំងនោះ​។​​អ្នក​តំណាងរាស្ត្រ​ជា​បុរស​ត្រូវ​បាន​គេ​រៀប​ចំ​ដោះ​លែង​តាម​ច្រកទ្វារ ពន្ធនាគារ ម​១ ដែល​នៅ​ច្រក​ខាងត្បូង​។ ដោយឡែក​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ជា​ស្ត្រី​តែ​ម្នាក់​គត់ ក្នុង​ចំណោម​អ្នកតំណាងរាស្ត្រ ដែល​ជាប់​ឃុំ​ទាំង ៧​រូប គឺ​អ្នកស្រី មូរ សុខ​ហួរ ត្រូវបាន​ដោះលែង​តាម​ច្រក​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ដែល​នៅ​ច្រក​ខាងជើង​។​​នៅក្នុង​ហ្វូង​អ្នកគាំទ្រ​កកកុញ​ដែល​រង់ចាំ​ទទួល​អ្នកស្រី​នៅ​ច្រក​ចេញ ពី​ពន្ធនាគារ អ្នកស្រី មូរ សុខ​ហួរ ថ្លែង​សារ​នយោបាយ​ថា ពេលនេះ​ជា​ពេល​ដែល​ខ្មែរ​ត្រូវ​រួម​សាមគ្គី​គ្នា​តែមួយ ហើយ​អ្នកស្រី​ហៅ​ការចរចា​នយោបាយ​រវាង​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២២ កក្កដា ថា ជា​ការចរចា​សម្រាប់​ជាតិ​ទាំងអស់គ្នា​។​​អ្នកស្រី​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​តស៊ូ​រហូតមកដល់​ពេលនេះ​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ដ៏​ស្មោះ​ដល់​បងប្អូន​បាន​តស៊ូ​យូរណាស់​មកហើយ ហើយ​បងប្អូន​ជា​អ្នករងគ្រោះ​។ ក៏ប៉ុន្តែ អ្វី​ដែល​បងប្អូន​ចង់​បាន ក៏ដូចជា​យើងខ្ញុំ​ជា​អ្នកតំណាងរាស្ត្រ​ចង់បាន​ដែរ គឺ​យុត្តិធម៌​។ ខ្ញុំ​មាន​ជំនឿ​ច្បាស់​ណាស់​ថា យើង​នឹង​កសាង​ឱ្យ​ប្រទេស​ជាតិ​យើង​ក្លាយជា​ប្រទេស​មួយ​ដែល​មាន លទ្ធិប្រជាធិបតេយ្យ​សិទ្ធិសេរីភាព គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ស្មើគ្នា​។ ខ្ញុំ​មាន​ជំនឿ ហើយ​ខ្ញុំ​រឹតតែ​មាន​កម្លាំង​ខ្លាំង​ទៅទៀត នៅ​ក្នុង​ការបម្រើ​បងប្អូន​ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ​»​។​​ក្នុង​ដំណើរ​ដែល​មើលទៅ​នៅតែ​ក្លាហាន ឆ្ពោះ​ទៅ​ចូលរួម​ជាមួយ​ក្រុម​អ្នកតំណាងរាស្ត្រ​ផ្សេងទៀត​ដែល​នៅ​ច្រក ម្ខាង​ទៀត​នោះ អ្នកស្រី​បាន​ស្រែកច្រៀង​ចម្រៀង​ស្នេហា​ជាតិ គឺ​បទ "​ជនជាតិ​ខ្មែរ​កើត​នៅលើ​ដី​ខ្មែរ​"​។​​ទាក់ទង​នឹង​ការដោះលែង​នេះ​ដែរ មេធាវី​ការពារ​ក្ដី​ឱ្យ​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ដែល​ជាប់​ឃុំ ទាំងនោះ​បញ្ជាក់ថា ពួក​លោក​មិន​បាន​ទទួល ឬ​ឃើញ​ដីកា​របស់​តុលាការ​ទេ​។ ក៏ប៉ុន្តែ លោក​ពួក​បញ្ជាក់ថា នៅ​ពេល​ដោះលែង​នោះ គឺ​មាន​លិខិត​បង្គាប់​ពី​ខាង​ពន្ធនាគារ​ឱ្យ​ដោះលែង ដោយយោង​តាម​ដីកា​របស់​តុលាការ​។​​ដោយឡែក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែងថា ការដោះលែង​អ្នកតំណាងរាស្ត្រ​ទាំងនោះ គឺជា​ការដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​តុលាការ​។ ក៏ប៉ុន្តែ លោក​មានប្រសាសន៍​ទៀត​ថា ការដោះលែង​នោះ​ក៏​ជា​ចំណែក​មួយ​ពី​លទ្ធផល​នៃ​កិច្ច​ចរចា​រួម​រវាង​គណបក្ស សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​៕​ដងស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤។