• អ្នកភូមិ​ឡ​ពាង ព្រមាន​ធ្វើបាតុកម្ម​ធំ​នៅ​ដើម​ខែ​ក្រោយ ដើម្បីឲ្យ​តុលាការ​ដោះលែង​សកម្មជន​ដីធ្លី​ពីរ​នាក់​

    • ថ្ងៃចេញផ្សាយ ២៩-កក្កដា-២០១៤

    អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង ខេត្ត​កំពង់ឆ្នាំង ព្រមាន​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ នា​ដើម​ខែ​សីហា ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ដីធ្លី​ចំនួន​ពីរ​នាក់​ឲ្យមាន សេរីភាព​វិញ​។​​សកម្មជន​ដីធ្លី​ពីរ​នាក់ នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​បញ្ជូន​ទៅ​តុលាការខេត្ត​នេះ កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ខណៈ​ពួកគេ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន KDC របស់​លោកស្រី​ ជា ខេង ភរិយា​លោក ​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ។​​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ឡ​ពាង លោក ស្ងួន ញឿន ប្រាប់​VOD​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ពួកគាត់​កំពុង សហការ​ជាមួយ​សហគមន៍​ដីធ្លី​នៅ​ទូទាំង​២៤​ខេត្ត​/​ក្រុង ដើម្បី​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​នៅ​មុខ​តុលាការខេត្ត ដោយ​ទាមទារ ដោះលែង​សកម្មជន​ដីធ្លី​ចំនួន​ពីរ​នាក់​នោះ ព្រោះ​ពួកគេ មិន​មាន​កំហុស​ដូច​ការចោទប្រកាន់​នោះ​ទេ​។​​លោក ស្ងួន ញឿន ឲ្យដឹងទៀតថា ចាប់ពី​ថ្ងៃ​ទី​២១ ខែកក្កដា ដល់​២៩​ខែកក្កដា​នេះ សមត្ថកិច្ច​ប្រមាណ​ជាង​១០០​នាក់ នៅតែ​បន្ត​បិទ​ផ្លូវលំ ដែល​ចូល​ទៅ​ផ្ទះ​ពលរដ្ឋ ដោយ​គំរាម​មិន​ឲ្យ​ពួកគេ​ចេញ​ទៅណា​នោះទេ​។​​តំណាង​អ្នក​ឡ​ភូមិ​ពាង​ម្នាក់ទៀត អ្នកស្រី នាង បក់ ឲ្យដឹង​ដែរថា បើ​តុលាការ​មិន​ដោះលែង​សកម្មជន​ដីធ្លី​ពីរ​នាក់​នោះទេ ពួកគាត់​នឹង​នាំគ្នា​ទៅ​ធ្វើ​បាតុកម្ម​នៅ​មុខ​តុលាការ បើទោះជា​មាន​ការចាប់ខ្លួន​ពួកគាត់​ដាក់​ពន្ធនាគារ​បន្ថែមទៀត​ក៏ដោយ​។​VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​តុលាការ​ខេត្ត​កំពង់ឆ្នាំង លោក តេង រតនា បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​អ្នក​ផ្សេង​ទទួល​ទូរស័ព្ទ​ប្រាប់ថា ជាប់រវល់​។​​មន្ត្រី​ស៊ើបអង្កេត​នៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ចាន់ សុ​វ៉េ​ត មានប្រសាសន៍ថា តុលាការ​ឃុំខ្លួន​សកម្ម​ជន​ដីធ្លី​ពីរ​នាក់ និង​ចោទប្រកាន់​ពី​បទ​ហិង្សា និង​បំផ្លិតបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​នោះ​ជា​រឿង​អយុត្តិធម៌​។ លោក​ថា តុលាការ​គួរតែ​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក​ភស្តុតាង​ឲ្យ​ច្បាស់លាស់​មុន​និង ធ្វើការ​ចោទប្រកាន់ និង​ឃុំខ្លួន​សកម្មជន ទាំងនោះ​។​​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន KDC របស់​លោកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ជាមួយ​អ្នកភូមិ​ឡ​ពាង ភូមិ​សូរ​វង្ស ភូមិ​បឹងកក់ និង​ភូមិ​សំរោង បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០០៦ ។ ពលរដ្ឋ​អះអាងថា ពួកគាត់​បាន​ស្វែងរក​ដំណោះស្រាយ​ទៅ​អាជ្ញាធរ​គ្រប់​ថ្នាក់ និង​តុលាការ​ផងដែរ តែ​រហូតមកទល់​ពេលនេះ​នៅតែ​មិនមាន​ដំណោះស្រាយ​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៤។