-
តុលាការខេត្តកំពង់ឆ្នាំងកោះហៅអ្នកមានជម្លោះដីធ្លីឃុំតាជេស៨នាក់បន្ថែម
- ថ្ងៃចេញផ្សាយ ៣១-កក្កដា-២០១៤
សាលាដំបូងខេត្តកំពង់ឆ្នាំង កោះហៅអ្នកមានជម្លោះដីធ្លីនៅឃុំតាជេស ៨នាក់បន្ថែមទៀត ឲ្យចូលបំភ្លឺនៅដើមខែក្រោយ តាមបណ្តឹងភរិយាមន្ត្រីមានអំណាចមួយរូបរបស់គណបក្សប្រជាជនកម្ពុជា ចោទពីបទប្រើហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទំងន់ទោស។តំណាងប្រជាពលរដ្ឋអ្នកភូមិឡពាង អ្នកស្រីអ៊ុំ សុភី ឲ្យVODដឹងនៅថ្ងៃពុធនេះថា តុលាការបានចេញដីការកោះហៅអ្នកភូមិឡពាង៨នាក់ថែមទៀត ឲ្យចូលបំភ្លឺនៅថ្ងៃទី០៥ ខែសីហាខាងមុខនេះ តាមដីកានេះចុះថ្ងៃទី២៥ខែកក្កដា ដោយចៅក្រមញូង ចន្ធី ។ អ្នកស្រីបន្តថា ក្នុងចំណោមអ្នក៨នាក់នេះរួមមានប្តីអ្នកស្រីផងដែរ ហើយថា ការកោះហៅនេះគឺជាការបំភិតបំភ័យប្រជាពលរដ្ឋរងគ្រោះ ស្លូតត្រង់ ខណៈតុលាការធ្វើការមិនយុត្តិធម៌ បំរើឲ្យតែអ្នកមានអំណាច បែរជាដាក់ទណ្ឌកម្មលើម្ចាស់ដីដែលមិនមានកំហុស ។ អ្នកស្រីរិះគន់ថា តុលាការនេះគឺជាតុលាការរបស់ក្រុមហ៊ុន KDC មិនមែនជាតុលាការឯករាជ្យទេ ព្រោះបណ្តឹងរបស់អ្នកភូមិដាក់ទៅច្រើនដងហើយ តុលាការមិនដែលអើពើ តែបែរជាឆាប់ចាត់ការបណ្តឹងរបស់ក្រុមហ៊ុនដែលគ្រាន់តែប្តឹងតាម ទូរស័ព្ទ។ពលរដ្ឋម្នាក់ទៀតដែលមានឈ្មោះក្នុងដីកា កោះលោក ហុង ដារ៉ូ រៀបរាប់ថា ប្រជាពលរដ្ឋរងគ្រោះមានផលលំបាកយ៉ាងខ្លាំងចាប់តាំងពីក្រុមហ៊ុនចូលទៅ អភិវឌ្ឍន៍ ហើយលោកបារម្ភថា ការកោះហៅរបស់តុលាការ មិនមែនហៅឲ្យចូលបំភ្លឺទេ គឺហៅទៅចាប់ដាក់ពន្ធនាគារ។ លោកបន្តថា នៅថ្ងៃទី០៥ ខែសីហានោះលោកនឹងទៅជាមួយប្រជាពលរដ្ឋជាង១០០នាក់ទៀត ។អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្ត កំពង់ឆ្នាំង លោក សំ ចាន់គា រិះគន់ថា តុលាការធ្វើការមិនមានភាពឯករាជ្យ លំអៀងទៅរកអ្នកមានលុយនិងអំណាច ខណៈបណ្តឹងរបស់ពលរដ្ឋរងគ្រោះជាច្រើនតុលការមិនចាត់ការ ។ លោកអំពាវនាវឲ្យក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ករណី បណ្តឹងរបស់អ្នកមានជម្លោះដីធ្លីនៅឃុំតាជេសនោះ ។ជម្លោះដីធ្លីរវាងអ្នកភូមិឡពាងនិងក្រុមហ៊ុនរបស់លោកស្រីជាខេង នេះ អូសបន្លាយជិត១០ឆ្នាំហើយ ដែលធ្វើឲ្យសកម្មជនដីធ្លីយ៉ាងតិច៨នាក់ត្រូវក្រុមហ៊ុនប្តឹងចាប់ ដាក់ពន្ធនាគារ នៅពេលដែលពួកគេចេញតវ៉ាការពារដីរបស់ខ្លួន ។ ទោះជាយ៉ាងណា ពលរដ្ឋមួយចំនួនដែលធ្លាប់តវ៉ា បានព្រមទទួលសំណងជាថ្នូរនឹងការប្រគល់ដីឲ្យក្រុមហ៊ុននេះ ខណៈដែលតំណាងអ្នកភូមិ ត្រូវបានចាប់ដាក់ពន្ធនាគារបន្តបន្ទាប់ ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៤។