• យុវជន​បក្ស​សង្គ្រោះ​ជាតិ​៣​នាក់​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃ​ស​

    • ថ្ងៃចេញផ្សាយ ៤-សីហា-២០១៤

    យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​រូប ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ដើម្បី​រង់ចាំ​ស៊ើបអង្កេត​។ ពួកគេ​ត្រូវ​ចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា​។​​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល ចាត់ទុក​ករណី​នេះ​ថា ជា​សម្ពាធ​នយោបាយ​ទៅលើ​គណបក្សប្រឆាំង​ពី​សំណាក់​គណបក្ស​កាន់អំណាច ដើម្បី​ចាប់បង្ខំ​គណបក្ស​នេះ​អោយ​ទទួលយក​កិច្ចព្រមព្រៀង​ចូល​សភា​។​​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​បី​រូប​នោះ ត្រូវ​ចោទប្រកាន់​ពី​បទ​ចោទ​មួយចំនួន ក្នុងនោះ​មាន​បទ​ចូលរួម​កុបកម្ម បទ​ហិង្សា​ដោយ​ចេតនា និង​ប្រមាថ​មន្ត្រីរាជការ​។​​លោក​មេធាវី សំ សុខ​គង់ មានប្រសាសន៍ថា ដោយសារ​ចៅក្រម​កាន់​សំណុំរឿង​ពុំ​មាន​វត្តមាន​នៅ​តុលាការ ទើប​មាន​ការសម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន រង់ចាំ​ចៅក្រម​កាន់​សំណុំរឿង គឺ​លោក កែវ មុនី ស៊ើបអង្កេត​នៅ​ដើម​សប្ដាហ៍​ក្រោយ​។ លោក​មេធាវី សំ សុគ​ង់ បញ្ជាក់ថា ក្រុម​មេធាវី​បាន​ព្យាយាម​សុំ​អោយ​អ្នក​ទាំង ៣​នាក់ បាន​នៅ​ក្រៅ​ឃុំ​ដែរ ប៉ុន្តែ​ត្រូវ​ព្រះរាជអាជ្ញា​បដិសេធ​។ លោក សុគ​ង់ កត់សម្គាល់ថា ការឃាត់ខ្លួន និង​ឃុំខ្លួន​កូនក្ដី​លោក​នៅ​ពេល​នេះ គឺ​បាន​ធ្វើ​ខុស​នីតិវិធី​៖ «​ចៅក្រម​ស៊ើបសួរ​មិន​បាន​ប្រើប្រាស់​នូវ នីតិវិធី ដែល​មានចែង​ក្នុង​នីតិវិធី​ក្រមព្រហ្មទណ្ឌ​ទេ គឺ​ថា​មិន​បាន​ចេញ​ដីកា​កោះហៅ​គាត់​អោយ​ចូលមក​បំភ្លឺ ហើយ​ប្រសិនបើ​គាត់​មិន​ចូលខ្លួន​ហ្នឹង គឺ​អាច​ចេញ​ដីកា​នាំខ្លួន ឬ​ចាប់ខ្លួន​»​។​​យុវជន​ទាំង​បី​រូប​នោះ​រួមមាន លោក ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក នាង សុ​ឃុន ជា​ហិរញ្ញិ​កចលនា​យុវជ​ន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខណ្ឌ​ច្បារអំពៅ និង​លោក សាន គឹម​ហេង ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក​។ ពួកគេ​ត្រូវ​នគរបាល​ចាប់ខ្លួន​បន្តបន្ទាប់​គ្នា​នៅ​ថ្ងៃ​ទី​២ ខែ​សីហា និង​ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់​មក​ទៅ​តុលាការ និង​ចុងក្រោយ ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស រង់ចាំ​ការសាកសួរ​។​​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដីថ្លែងការណ៍​ភ្លាមៗ​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ថ្កោលទោស​ចំពោះ​ការចាប់ខ្លួន​នេះ និង​អំពាវនាវ​អោយ​ដោះលែង​អ្នក​ទាំងនោះ​ដោយ​គ្មាន​លក្ខខណ្ឌ​។ លើសពីនេះ គណបក្ស​នេះ​បាន​បញ្ជាក់​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា អោយ​បញ្ឈប់​ការគំរាមកំហែង​។​​ស្របគ្នា​នឹង​ការចាប់ខ្លួន​សកម្មជន​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​កោះហៅ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៩​នាក់ ក្នុងនោះ​មាន លោក កឹម សុខា ផង ឲ្យចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ សីហា សាកសួរ​អំពី​ការដឹកនាំ​ធ្វើបាតុកម្ម​កាលពី​ថ្ងៃ​ទី​១៥ សីហា​។​​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែងថា ករណីនេះ​ជា​ការគំរាមកំហែង​នយោបាយ​។ យ៉ាងណា គណបក្ស​លោក​នឹង​នៅតែ​ប្រកាន់​ជំហរ​មិន​ផ្លាស់ប្ដូរ​ទេ ចំពោះ​ការទាមទារ​ដើម្បី​ផលប្រយោជន៍​ជាតិ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៖ «​យើង មានការ​គោលការណ៍ យើង​ចង់អោយ​មាន​ការកែទម្រង់ ស្អី​ដែល​យើង​ទាមទារ​ដោយ​អប្បបរមា​នោះ យើង​នៅតែ​ទាមទារ​ដដែល មិន​អាច​ទៅ​ក្រោម​ហ្នឹង​ទៀត​ទេ ទោះបី​មាន​ការគំរាមកំហែង​ក៏ដោយ ព្រោះនេះ​ជា​ប្រយោជន៍​របស់​ប្រជាជន​»​។​​ចំពោះ​អ្នក​ឃ្លាំ​មើល​ករណី​នេះ លោក អំ សំអាត ចាត់ទុក​ករណី​នេះ​ថា​ជា​សម្ពាធ​ផ្នែក​នយោបាយ​ដែរនោះ បាន​អំពាវនាវ​អោយ​គណបក្ស​ទាំង​២ ពិភាក្សា​គ្នា​ដោយ​សន្តិវិធី ដើម្បី​ចៀសវាង​បញ្ហា​ចម្រូងចម្រាស​ដែល​អាច​កើតឡើង​ដោយ​បញ្ហា​នេះ​៖ «​រឿង អ្វីៗ​នឹង​កើត​ជា​យថាហេតុ​បន្តទៀត យើង​អត់​មើល​ឃើញ​ទេ ចឹង​យើង​សង្គម​ស៊ីវិល យើង​ចង់​ឃើញ​គណបក្ស​ទាំង​២​ឈរ​លើ​ឧត្តម​ប្រយោជន៍​ជាតិ ប្រយោជន៍​ពលរដ្ឋ​ជាធំ ហើយ​ធ្វើ​ការដោះស្រាយ​»​។​​ទាក់ទង​នឹង​ករណី​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ កក្កដា បេក្ខជន​តំណាងរាស្ត្រ​គណបក្សប្រឆាំង ៧​នាក់ និង​សកម្មជន​ម្នាក់ ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​ចំនួន ១​សប្ដាហ៍ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ដឹកនាំ​កុបកម្ម បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បទ​ផ្ដើមគំនិត​ក្នុង​អំពើហិង្សា ប៉ុន្តែ​ត្រូវ​ដោះលែង​មកវិញ​នៅ​ថ្ងៃ​ទី​២២ កក្កដា នៅ​ក្រោយ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​ភាពជាប់គាំង​នយោបាយ​៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី ០២​ ខែសីហា ឆ្នាំ២០១៤។