• ពលរដ្ឋ​នៅ​ខេត្តសៀមរាប នាំគ្នា​សង់ផ្ទះ​លើដី​មាន​ជម្លោះ ខណៈ​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​

    • ថ្ងៃចេញផ្សាយ ៧-សីហា-២០១៤

    ​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ស្ថិតនៅ​ភូមិ​ភ្នំ​ក្រោម ក្រុង​សៀមរាប ខេត្ដ​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រមូលផ្តុំ​គ្នា​សង់ផ្ទះ​លើដី​មាន​ជម្លោះ​ជាមួយ​ន្ដ្រី​យោធា​យោធភូមិភាគ ទី​៤ ខណៈដែល​ពួកគេ​ចោទថា អាជ្ញាធរ​មិនមាន​សមត្ថភាព​ក្នុងការ​ដោះស្រាយ​។​​ពលរដ្ឋ​ម្នាក់​ដែលមាន​ទំហំ​ដី​៨០​ម៉ែត្រ​គុណ​៨០​ម៉ែត្រ លោក គ្រុំ វ៉េ​ត ប្រាប់ VOD នៅ​ថ្ងៃទី​៧ ខែសីហា​នេះ​ថា ការដែល​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១០០​នាក់ នាំគ្នា​សង់ផ្ទះ​លើដី​មាន​ជម្លោះ​នោះ ដោយសារតែ​មន្ត្រី​យោធភូមិភាគ​ទី​៤ ជា​គូ​ជម្លោះ​នោះ​បន្ត​សង់ផ្ទះ​លើដី​នោះដែរ បើទោះបីជា​ខាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​បាន​ចុះ​ហាមឃាត់​ជាច្រើនលើក​ក៏ដោយ​។ លោក​បន្ថែមថា ដូចនេះ​គាត់​ត្រូវតែ​សង់ផ្ទះ​លើដី​មាន​ជម្លោះ​នោះដែរ ដើម្បី​ឲ្យ​ស្មើភាព​គ្នា​។​​លោក គ្រុំ វ៉េ​ត ឲ្យ​ដឹង​ទៀតថា ខណៈពេល​ពលរដ្ឋ​សង់ផ្ទះ​នេះ មាន​ទាហាន​ជិត​៣០​នាក់ មក​ឃ្លាំមើល ប៉ុន្តែ​មិនទាន់មាន​ការប៉ះទង្គិច​កើតឡើង​ទេ​។​​ស្មៀន​សង្កាត់​សៀមរាប លោក ហឿន ហៀ​ង មានប្រសាសន៍ថា ការដែល​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​សង់ផ្ទះ​លើដី​មាន​ជម្លោះ​នោះ ដោយ​ពួកគេ​គិតថា ខាង​ទាហាន​សង់​បាន ដូចនេះ​ពលរដ្ឋ​ក៏ត្រូវ​តែ​សង់​បាន​ដូចគ្នា​។ តែ​លោ​កថា កន្លង​ទៅខាង​អាជ្ញាធរ ធ្លាប់បាន​ចុះ​ផ្អាក​ការ​សាង​សាង់​ផ្ទះ​របស់​មន្ត្រី​យោធា​ពីរដង​ទៅហើយ ប៉ុន្តែ​មន្ត្រី​រូបនោះ​នៅតែ​បន្តធ្វើ​ដោយសារ​មាន​អ្នកមានអំណាច​ចាំ​ជួយ​។​​លោក ហឿន ហៀ​ង សំណូមពរ​ឲ្យ​ពលរដ្ឋ​ស្ងប់ស្ងៀម​មួយរយៈ​សិន ដោយ​រង់ចាំ​ដំណោះស្រាយ កុំ​ឲ្យ​មាន​ហិង្សា​កើតឡើង​។​​បើតាម​ពលរដ្ឋ គឺ​ដី​ទំនាស់​នេះ មាន​ទំហំ​សរុប​ជាង​១០​ហិកតា មាន​ជម្លោះ​ជាមួយ​ទាហាន​យោធា​ភូមិភាគ​ទី​៤ បានអូសបន្លាយ​ជាច្រើន​ឆ្នាំ ដោយ​ពួកគេ​បានដាក់​ពាក្យបណ្តឹង​ចំនួន​៣​លើក​មកហើយ ប៉ុន្ដែ​អាជ្ញាធរ​មិន​យក​ចិ​ត្ដ​ទុកដាក់​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ឡើយ​៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយ ថ្ងៃទី​០៧​​ ខែសីហា ឆ្នាំ ២០១៤។