• អ្នកភូមិ​ឡ​ពាង​៣​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ខណៈ​ពួកគេ​ហែ​ក្បួន​ថ្មើរជើង​មករក​អន្តរាគមន៍​មក​ភ្នំពេញ​

    • ថ្ងៃចេញផ្សាយ ១២-សីហា-២០១៤

    ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ភូមិ​ឡ​ពាង ខេត្តកំពង់ឆ្នាំង ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បីនាក់ នៅ​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​នេះ នៅត្រង់ចំណុច​ភូមិ​អូ​រូង ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈ​ពួកគេ​ដើរ​ហែ​ក្បួន​ចេញពី​ភូមិ​មកកាន់​រាជធានី​ភ្នំពេញ​នេះ ។​​តំណាង​ពលរដ្ឋ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​មាន​លោក ស្ងួន ញ៉េ​ន លោក ស្រ៊ុន ថា និង លោក គុច ហុក​។ បន្ទាប់ពី​ចាប់ខ្លួន​តំណាង​៣​នាក់​នេះ ប្រជាពលរដ្ឋ​ផ្សេងទៀត​សម្រេច​ផ្អាក​ការហែក្បួន​មកកាន់​ភ្នំពេញ ដោយ​អះអាងថា ពលរដ្ឋ​មួយចំនួន​រងរបួស​ពេល​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច ចំណែក​ឆ្នាំងបាយ និង អង្ករ ដែល​ពួកគាត់​ត្រៀម​បរិភោគ​តាម​ផ្លូវត្រូវ​សមត្ថកិច្ច​ជាង​១០០​នាក់​បំផ្លាញ ចោល​អស់​។ VOD មិន​សុំ​ការឆ្លើយតប​ពី​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បានឡើយ​ទេ នៅ​ថ្ងៃត្រង់​ថ្ងៃ​អង្គារ​នេះ​។​​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ អ្នកមាន​ជម្លោះដីធ្លី​នៅ​ភូមិ​ឡ​ពាង ខេត្តកំពង់ឆ្នាំង​ជាង​៧០​នាក់​បាន​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​មួយ ប្រាវ ដោយ​ពួកគេ​ទម្លុះ​របាំង​ការពារ​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​រារាំង​ពួកគេ​មិន​ឲ្យ​ចេញពី​ភូមិ ដើម្បី​មក​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ធំៗ​នៅ​ភ្នំពេញ​។​​​ប្រជាពលរដ្ឋ​ដែល​ហែ​ក្បួន​ជា​ពលរដ្ឋ​មកពី​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ ក្រុមហ៊ុន KDC របស់លោក​ស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ។​​ក្រុមអ្នកតវ៉ា​អះអាងថា ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោកស្រី ជា ខេង នេះ បានអូសបន្លាយ​ជិត​១០​ឆ្នាំ​មកហើយ ដែល​ធ្វើ​ឲ្យ​តំណាង​អ្នកភូមិ​យ៉ាងតិច​៨​នាក់​ត្រូវ ក្រុមហ៊ុន​ចាប់​ដាក់ពន្ធនាគារ ដោយសា​តែ​ចេញមុខ​ការពារ​ដី​របស់ខ្លួន​។ ក្នុងនោះ​៦​នាក់ បាន​ទទួលទោស​រួចហើយ ពីរ​នាក់​ផ្សេងទៀត​កំពុង​ឃុំខ្លួន និង​៨​នាក់​បន្ថែមទៀត​កំពុង​ប្រឈម​នឹង​ការចាប់ខ្លួន​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៤ ។