• ពលរដ្ឋ​មានទំនាស់​ដីធ្លី​នៅ​កំពង់ស្ពឺ​មក​ទាមទារ​រក​ដំណោះស្រាយ​ពី​ធនាគារ ANZ

    • ថ្ងៃចេញផ្សាយ ១៤-សីហា-២០១៤

    ប្រជាពលរដ្ឋ​ជាង​១០០​នាក់​មកពី​សហគមន៍​ថ្គ​ង់ និង​ឱ​រ៉ា​ល់​ក្នុង​ខេត្តកំពង់ស្ពឺ ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ របស់លោក លី​យ៉ុង​ផាត់ ឡើងមក​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​មុខ​ធនាគារ ANZ នៅ​ភ្នំពេញ ដោយ​ធនាគារ​នេះ​ធ្លាប់ជា​អ្នកផ្ដល់​ហិរញ្ញប្បទាន​ទៅ​ក្រុមហ៊ុន​។​​ក្រុមអ្នកតវ៉ា​ឲ្យ​ដឹងថា គោលបំណង​នៃ​ការជួបជុំ​នៅថ្ងៃនេះ គឺ​ទាមទារ​ឲ្យ​ធនាគារ​នេះ កំណត់​ថ្ងៃ​ប្រជុំ​ជាមួយ​តំណាង​សហគមន៍​ដូចដែល​ពួកគាត់​ធ្លាប់បាន​សំណូមពរ ។​​កាលពី​ថ្ងៃទី​១៣ ខែសីហា​ម្សិលមិញ​នេះ សហគមន៍​ខេត្តកំពង់ស្ពឺ​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៤ តំណាង​សហគមន៍​ឱ​រ៉ា​ល់ និង​សហគមន៍​ថ្គ​ង់​ក្នុង​ខេត្តកំពង់ស្ពឺ​ដែល​បាន​រង​ផលប៉ះពាល់​ជា​អវិជ្ជមាន ដោយ​ចម្ការ​អំពៅ​ដែល​បានទទួល​ហិរញ្ញប្បទាន​ពី ធនាគារ អេ អិន ហ្សិត (ANZ) បានដាក់​បណ្ដឹង​ទៅកាន់​ការិយាល័យ​កណ្ដាល​របស់​ធនាគារ​នេះ ។​​សេចក្ដីប្រកាស​ព័ត៌មាន​បន្តថា បណ្ដឹង​ដែល​ត្រូវបាន​ផ្ដិតមេដៃ​ដោយ​សហគមន៍​ជាង​៣០០​នាក់​នោះ ទាមទារ​ឲ្យ​ខាង​ធនាគារ​ឆ្លើយតប និង​រៀបចំ​កិច្ចប្រជុំ​មួយ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ តែ​មិនទាន់មាន​ការឆ្លើយតប​រហូតដល់​ពេលបច្ចុប្បន្ន ។​​នា​វេលា​ម៉ោង​ប្រមាណ​១១​និង​២០​នាទី​ថ្ងៃ​ព្រហស្បតិ៍​នេះ ខាង​ធនាគារ​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​៣​រូប​ចូលទៅ​ពិភាក្សា​ខាងក្នុង ធនាគារ តែ​ពុំទាន់​ទទួលបាន​លទ្ធផល​នៅឡើយ​ទេ ។​​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​ខែកក្កដា​កន្លងទៅ អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​អាយ​ឌី​អាយ​(IDI) នៅ​សហរដ្ឋអាមេរិក បានចេញ​លិខិត​រួមមួយ​ដោ​សរសេរថា ធនាគារ ANZ ផ្តាច់ទំនាក់ទំនង ពាណិជ្ជកម្ម ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​នៅ​កម្ពុជា​ឈ្មោះ ភ្នំពេញ​ស៊ូ​ហ្គ័​រ ដោយ​ពុំបាន​ដោះស្រាយ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដែល​កើត​ឡើងលើ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ក្នុងស្រុក​ថ្គ​ង និង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​​អង្គការ​ទាំង​២​នេះ​ក៏បាន​រកឃើញថា ចម្ការ​អំពៅ​នេះ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​កម្លាំង​ពលកម្ម​លើ​កុមារ ការចាប់ខ្លួន​ដោយ​បំពាន និង​ការគំរាមកំហែង​អ្នកភូមិ ព្រមទាំង​មាន​លក្ខខណ្ឌ​ការងារ​គ្រោះថ្នាក់ បណ្តាល​ឲ្យ​កម្មករ​ជាច្រើន​នាក់​បាត់​បង់ជីវិត​។​​នាយក​គ្រប់គ្រង​អង្គការ អាយ ឌី អាយ (IDI) លោក ដេ​វី ប្រេដ ត្រូវបាន​ដកស្រង់​សម្ដី​មក​សរសេរ​ក្នុង​លិខិត​នា​ថ្ងៃ​៧ ខែកក្កដា​នោះ​ថា ធនាគារ​ ANZ មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​ចំពោះ​ប្រជាព​រដ្ឋ ដែល​ដីធ្លី​របស់​ពួកគេ ត្រូវបាន​រំលោភ​យក ដោយ​បន្ថែមថា ប្រសិនបើ ក្រុមហ៊ុន ភ្នំពេញ​ស៊ូ​ហ្គ័​រ បដិសេធ​ក្នុង​ការសង​សំណង​ចំពោះ​ផលប៉ះពាល់​នេះ ធនាគារ ANZ គួរតែ​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​ទាំងនោះ​។​​នៅ​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ (Phnom Penh Sugar Co.LTD) របស់លោក លី យ៉ុង​ផាត់ បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល ទំហំ​ប្រហែល​៩​ពាន់​ហិកតា នៅក្នុង​ស្រុក​ថ្ពង និង​ជាង​១៣,៧៥២​ហិកតា នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៤ ។