• យុវជន​៣​នាក់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​

    • ថ្ងៃចេញផ្សាយ ២២-សីហា-២០១៤

    សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាំង​៣​រូប ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ទាក់ទង​ករណី​ហិង្សា ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១៥ កក្កដា នៅ​ព្រឹក​នេះ ត្រូវបាន​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​នៅក្រៅ​ឃុំ ដោយ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។​​លោក ហ៊ូ វ៉ាន មានប្រសាសន៍​ក្រោយ​ចេញពី​សវនាការ​សាលាឧទ្ធរណ៍​លើ​ករណី​យុវជន​ទាំងបី​នាក់ ថា ការសម្រេច​ដាក់​ឲ្យ​យុវជន​ទាំង​៣​នាក់​នៅក្រៅ​ឃុំ​ដោយ​ស្ថិតក្រោម ការត្រួតពិនិត្យ​របស់​តុលាការ​នេះ គឺជា​យុត្តិធម៌​មួយ​សម្រាប់​ពួកគេ​។ លោក​ថា សម្រាប់​យុវជន​៥​នាក់​ផ្សេងទៀត​ដែល​នឹងត្រូវ​កោះហៅ​នាពេល​ខាងមុខនេះ គ្រាន់តែ​ជា​ឥទ្ធិពល​នៃ​នីតិវិធី​ប៉ុណ្ណោះ ប៉ុន្តែ​នឹងមិន​មាន​បញ្ហា​អ្វី​ចោទ​នោះទេ​។​​សម្រាប់​តំណាងរាស្ត្រ​ជាប់ឆ្នោត​ខេត្តស្វាយរៀង លោក រៀល ខេ​ម​រិ​ន្ទ្រ ដែល​បាន​ចូលរួម​តាមដាន​ក្នុង​សវនាការ​នោះដែរ មានប្រសាសន៍ថា យុវជន​ទាំង​៣​រូបនេះ ត្រូវបាន​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​នៅក្រៅ​ឃុំ តែ​សម្រាប់​សម្ភារ ដែល​តុលាការ​រឹបអូស ដូចជា រថយន្ត ទូរស័ព្ទដៃ​ជាដើម​នោះ នឹងត្រូវ​បើកសវនាការ​សម្រេច​ម្តងទៀត​នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៤ ខាងមុខ​។​​បើតាម​មេធាវី​របស់​យុវជន​ទាំង​៣​នាក់​នោះ លោក ជិន លីដា លើកឡើងថា ក្នុងការ​ដោះលែង​ឲ្យ​ស្ថិតនៅ​ក្រៅ​ឃុំ យុវជន​ទាំង​៣​នាក់​ត្រូវបំពេញ​លក្ខខណ្ឌ​របស់​តុលាកា​ចំនួន​៤ រួមមាន ទី​១ មិនត្រូវ​ចាកចេញ​ទៅ​ក្រៅប្រទេស ទី​២ មិនត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ ទី​៣ ពេល​តុលា​ការកោះហៅ​ត្រូវតែ​ចូលខ្លួន​តាម​ការ​កោះ និង​ទី​៤ ត្រូវដាក់​ប្រាក់​តម្កល់​១០​លាន​រៀល​ក្នុង​ម្នាក់​។​ អ្នកស្រី ង៉ូ​វ ភឿង ម្តាយ​របស់​យុវជន​សង្គ្រោះ​ជាតិ​គឺ​លោក នាង សុ​ឃុន ដែល​ទើបតែ​ត្រូវបាន​សម្រេច​ឲ្យ​នៅក្រៅ​ឃុំ សម្តែង​ពី​ការ​សាទរ​លើ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ថា អ្នកស្រី​សប្បាយរីករាយ​ណាស់​ដោយបាន​ឃើញ​កូន​ចេញពី​មន្ទីរឃុំឃាំង បើទោះជា​ត្រូវ​ស្ថិតនៅ​ក្រៅ​ឃុំ​ក៏ដោយ​។​​ពាក់ព័ន្ធ​នឹង​ការដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​នេះដែរ ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស​សមាគម​អាដហុក លោក នី ចរិយា យល់ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍​គ្រាន់តែ​ជា​រឿង​នយោបាយ​ដូច​ទៅនឹង​រឿង ចាប់ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក​ដែរ​។ លោក​ថា បើតាម​ផ្លូវច្បាប់​អ្នក​ទាំង​៣​នោះ​គឺ​មិន​មានទោស​នោះទេ ដូច្នេះ​តុលាការ​គ្រាន់តែ​ធ្វើ​ឲ្យ​ត្រឹមត្រូវ​តាម​នីតិវិធី​ប៉ុណ្ណោះ​។​​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាំង​៣​រូប​ដែល​ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន កាលពី​ថ្ងៃទី​២ ខែសីហា​នោះ រួមមាន លោក ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌ​ច្បារអំពៅ លោក សាន គីមហេង ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌទួលគោក និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌទួលគោក និង​លោក នាង សុ​ឃុន ហេរញ្ញិក​ចលនា យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ច្បារអំពៅ​។​​ដោយឡែក​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​នាក់​ផ្សេងទៀត​ត្រូវបាន​កោះហៅ​ឲ្យ​ចូល បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នាពេលខាងមុខ​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៤ ។