• សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​តុលាកា​រដាក់​ឲ្យ​ឋិត​ក្រោម​ការត្រួតពិនិត្យ​

    • ថ្ងៃចេញផ្សាយ ២៧-សីហា-២០១៤

    ​ចៅក្រម​សាលាដំបូង សម្រេច​ដាក់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រ​សំណាង អោយ​ឋិត​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ពី​បទ​ចូលរួម​ធ្វើ​កុបកម្ម​ប្រឆាំង​នឹង​មន្ត្រីរាជការ​សាធារណៈ និង​ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា​។​​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ លោក កែវ មុនី នេះ គឺ​បន្ទាប់ពី​បាន​សាកសួរ លោក អ៊ុក ពេជ្រ​សំណាង រយៈពេល ៣​ម៉ោង នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ក្នុង​ហេតុផល​ដើម្បី​ធានា​ថា លោក ពេជ្រ​សំណាង នឹង​បង្ហាញ​ខ្លួន​គ្រប់​ពេល​ដែល​នីតិវិធី​តុលាការ​ត្រូវការ​។យ៉ាងណា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រូបនោះ ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយចំនួន​រួមមាន មិន​ត្រូវ​ចាកចេញ​ពី​ប្រទេស ឬ​ផ្លាស់ប្ដូរ​ទីលំនៅ​ដោយ​ពុំ​ផ្ដល់ដំណឹង​ដល់​ចៅក្រម​ស៊ើបសួរ ត្រូវ​បង្ហាញខ្លួន​នៅ​ស្នងការ​នគរបាល​ចំនួន ២​លើក​ក្នុង​មួយខែ និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​របស់​ចៅក្រម​ស៊ើបសួរ​។​​លោក អ៊ុក ពេជ្រ​សំណាង ដែល​មាន​វ័យ ៥១​ឆ្នាំ មាន​មុខរបរ​រត់​រ៉ឺម៉ក​ទេសចរណ៍ និង​ជាងកាត់សក់ ថ្លែង​នៅ​ខាង​មុខ​តុលាការ​នៅ​ក្រោយពេល​ចេញពី​សាកសួ​រ​នោះ​ថា ចៅក្រម​ហាក់​ពុំ​មាន​ភស្តុតាង​ដើម្បី​ចោទប្រកាន់​រូប​លោក​ឡើយ​។ លោក​គិតថា ការចោទប្រកាន់​រូប​លោក ជា​ការគំរាមកំហែង​នយោបាយ ច្រើន​ជាង​ការអនុវត្ត​ច្បាប់​ដ៏​ត្រឹមត្រូវ​មួយ​៖ «​ខ្ញុំ​ដេញដោល​សួរ បញ្ហា​ហ្នឹង ហេតុផល​ហ្នឹង​អោយ​ច្បាស់លាស់ តើ​អ្នក​ឯង​ចោទប្រកាន់​ខ្ញុំ​សូម​ឯកសារ សូម​អោយ​មើល​ឃើញ​ទិដ្ឋភាព​ជាក់ស្តែង ដែល​ទង្វើ​ដែល​ខ្ញុំ​បាន​ធ្វើ​អ្វីខ្លះ ឃុបឃិត​ទៅលើ​មុខងារ​ហ្នឹង​ប្រឆាំង​មន្ត្រីរាជការ​ហ្នឹង សុំ​បង្ហាញ​អោយ​ច្បាស់ អត់​ទាំង​ឆ្លើយ​ខ្ញុំ​ផង ហី​មក​ចោទ​ខ្ញុំ​ទាំង​ងងើល​»​។​​ក្រៅពី​ការសាកសួរ លោក ពេជ្រ​សំណាង តុលាការ​មាន​ដីកា​កោះហៅ​សកម្មជន​គណបក្ស​នេះ​ចំនួន ៣​រូប​ទៀត​មក​សាកសួរ គឺ​លោក អាន បឋម លោក សាន សី​ហៈ និង ទេព ណារិន​។ អ្នក​ទាំងនោះ​ក៏​នឹង​ត្រូវ​ចូល​ខ្លួន​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែ​សីហា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដូចគ្នានេះដែរ​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៤។