• កម្មករ​រោងចក្រ​ស៊ីន​ហ្វាង​នៅ​សង្កាត់​ចោមចៅ ធ្វើបាតុកម្ម​ដុត​កង់​រថយន្ត​ទាមទារ​លក្ខខណ្ឌ​ការងារ​

    • ថ្ងៃចេញផ្សាយ ២៨-សីហា-២០១៤

    ​កម្មករ​ប្រមាណ​២៥០​នាក់ មកពី​រោងចក្រ​ស៊ីន​ហ្វាង ខេ​ម​បូឌា ហ្គាម​មែន ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បន្ត​ធ្វើ​បាតុកម្ម​ដុត​កង់​រថយន្ត ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការបញ្ឈប់​កម្មករ និង​លក្ខខណ្ឌ​ការងារ​មួយចំនួន​ទៀត​។​​អ្នកស្រី ឆេន វណ្ណា អាយុ​៣៤​ឆ្នាំ ជា​ប្រធាន​សហជីព​នៅ​ក្នុង​រោងចក្រ និង​ត្រូវបាន​បញ្ឈប់​កាលពី​ថ្ងៃ​ទី​០៧​ខែ​ឧសភា​ឆ្នាំ​២០១៤ មានប្រសាសន៍​ថា​អ្នកស្រី និង​កម្មករ​ផ្សេង​ទៀត បាន​តវ៉ា​តាំងពី​ថ្ងៃ​ទី​១៨​ខែ​សីហា ដោយ​ទាមទារ​ឲ្យ​យក​កម្មករ​បីនាក់​ចូលធ្វើការ​វិញ រួម​មាន​អ្នកស្រី អ្នកស្រី ហង្ស ដា​នី ជា​ប្រធាន​ផ្នែក និង​អ្នកស្រី​សុ​ត ច​ន្ធូ ជា​សកម្មជន​សហជីព ដែល​ត្រូវបាន​បញ្ឈប់​អំឡុងពេល​ធ្វើ​បាតុកម្ម​។ អ្នកស្រី​បន្ត​ថា កម្មករ​ក៏​ទាមទារ​លុយ​ថ្លៃ​បាយ​ថ្ងៃត្រង់​ចំនួន​២០០០​រៀល លុយ​ធ្វើ​ដំណើរ​ចំនួន​១៥​ដុល្លារ និង​លក្ខខណ្ឌ​ជាង​១០​ចំណុច​ផ្សេងទៀត ដូចជា​ការបញ្ឈប់​គំរាមកំហែង​សហជីព ការគោរព​សិទ្ធិ​កម្មករ និង​ការផ្លាស់ប្តូរ​ធុង​ញ៉ាំ​ទឹក​ជាដើម​។ ​អ្នកស្រី​បន្ត​ថា ភាគី​រោងចក្រ មិន​បាន​ចេញមុខ​ដោះស្រាយ​ដោយ​ថា​រង់ចាំ​ថៅកែ​ជនជាតិ​តៃវ៉ាន់ ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១២​ខែ​កញ្ញា​។​​លោក វង់ ថា​វិន ដែល​អះអាងថា​ជា​លេខា​ថៅកែ​រោងចក្រ មានប្រសាសន៍ថា រូបលោក​ជា​បុគ្គលិក​ថ្នាក់ក្រោម មិន​អាច​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​លុយកាក់​បានទេ ដោយ​ស្នើ​កម្មករ​ឲ្យ​រង់ចាំ​ការដោះស្រាយ​ពី​ថៅកែ​រោងចក្រ​នៅ​ថ្ងៃទី​១២​ខែ កញ្ញា​។​​តែ​កម្មករ​ថា​ពួកគាត់​មិនអាច​រង់ចាំ​បានទេ និង​ទាមទារ​ដំណោះស្រាយ​ឲ្យបាន​មុន​ពេល​បើក​ប្រាក់ខែ​នៅ​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ខាង​មុខ​។​​ភាគី​រោងចក្រ​បាន​ស្នើ​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី អហិង្សា និង​ស្រប​ច្បាប់ កុំឲ្យ​មាន​ការដុត​កង់​រថយន្ត ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​ស្ថានីយ​ប្រេង​នៅក្បែរនោះ និង​អ្នកជិតខាង​។​​លោក វង់ ថា​វិន​បញ្ជាក់ថា​«​ការធ្វើ​បាតុកម្ម​ជា​សិទ្ធិ​របស់​កម្មករ​។ យើង​មិន​ហាមឃាត់​អី​ទេ តែ​កុំឲ្យ​តែ​ដុត​កង់ឡាន​»​។​​លោក ស៊ា​ង យ៉ូត មន្ត្រី​ដោះស្រាយ​វិវាទ​របស់​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ មានប្រសាសន៍ថា ថៅកែ​រោងចក្រ​គេចវេស​មិន​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៤។​