• អ្នក​បុរី​កីឡា​តវ៉ា​សុំចូល​រួមការ​ពិភាក្សារ​វាង​មន្ត្រី​សាលា​រាជធានី សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​

    • ថ្ងៃចេញផ្សាយ ៥-កញ្ញា-២០១៤

    ប្រជា​សហគមន៍​បុរី​កីឡា​ប្រមាណ​២០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ តវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំចូល​រួម​ក្នុងការ​ពិភាក្សា​រក​ដំណោះស្រាយ​បញ្ហាដីធ្លី​រវាង មន្ត្រី​សាលា​រាជធានី សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​។​​ប្រជា​សហគមន៍​លើកឡើងថា​ពួកគាត់​ជា​ជនរងគ្រោះ​ពិតប្រាកដ ដូច្នេះ​ការពិភាក្សា​ត្រូវតែមាន​ការចូលរួម​ពី​ពួកគាត់​។​ក្រោយពី​ការតវ៉ា ចាប់ពី​ម៉ោង​៨​ព្រឹក តំណាង​របស់​ពួកគេ​ចំនួន​១០​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ការប្រជុំ នោះ​។ ​នៅ​ព្រឹក​នេះ មន្ត្រី​សាលា​រាជធានី តំណាង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ជួប​ជាមួយ​មន្ត្រី​សង្គម​ស៊ីវិល​មកពី​អង្គការ​៥ រួមមាន​លេខាធិការដ្ឋាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​ធាង​ធ្នោ​ត សមាគម​អាដហុក និង​អង្គការ​លីកាដូ​។​​កន្លងទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានប្រកាស​ឲ្យ​អ្នក​បុរី​កីឡា​ទាំង ១៦៤​គ្រួសារ​ដែល​មិនទាន់​ទទួលបាន​ដំណោះស្រាយ​សមរម្យ​ករណី​ជម្លោះ​ផ្ទះ និង​ដី ឲ្យ​ត្រៀម​ឯកសារ ឬ​ប័ណ្ណ​បញ្ជាក់​ពី​កម្មសិទ្ធិ ដើម្បី​ដោះស្រាយ​នៅពេល​ឆាប់ៗ​ខាងមុខ​។​​ប្រជា​សហគមន៍​បុរី​កីឡា​មាន​ជម្លោះ​អូសបន្លាយ​ច្រើន​ឆ្នាំ​មកនេះ​ជាមួយ ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដោយ​ពលរដ្ឋ​ចោទ​ក្រុមហ៊ុន​ថា​សន្យា​សាងសង់​អគារ​ចំនួន​១០​ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ជា​ថ្នូរ​នឹង​ការយក​ដី​នោះ​ទៅ​អភិវឌ្ឍ​។ តែ​ក្រុមហ៊ុន​សង់​បាន​៨​អគារ ក៏​បញ្ឈប់​ទៅវិញ ដោយ​អះអាងថា​ក្រុមហ៊ុន​មិនមាន​លទ្ធភាព​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេ្យ ចេញផ្សាយថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០១៤ ។