• សកម្មជន និង​យុវជន​១១​នាក់​ត្រូវ​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់ខ្លួន​នៅ​តំបន់​អា​រ៉ែ​ង​

    • ថ្ងៃចេញផ្សាយ ១៥-កញ្ញា-២០១៤

    សកម្មជន និង​ក្រុម​យុវជន​១១​នាក់​ត្រូវបាន​អាជ្ញាធរ​ខេត្ត​កោះកុង ចាប់ខ្លួន​នៅ​តំបន់​អា​រ៉ែ​ង ខណៈ​ដែល​ពួកគេ​បិទផ្លូវ​រារាំង​មិន​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​ចិន​ ស៊ី​ណូហាយ​ដ្រូ (Shynohydro) មិនឲ្យ​ចូលទៅ​តំបន់ស្ទឹង​ឆាយ​អារ៉ែង​។​​ប្រធាន​កម្មវិធី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) លោក ហួន ជុន​ឌី ប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង​១១​នាក់​គឺ​ជា​សកម្មជន និង​សមាជិក​របស់​អង្គការ​មាតា​ធម្មជាតិ (Mother of Nature) និង​ក្រុម​យុវជន​មហា​នគរ ដែល​ក្នុងនោះ​ក៏​មាន​ប្រធាន​សមាគម​ចលនា​មាតា​ធម្មជាតិ​លោក អា​ឡិច ចាន់​ដ្រូ ផងដែរ​។​​សមាជិក​អង្គការ​មាតា​ធម្មជាតិ​លោក ស៊ីម សំណាង មានប្រសាសន៍ថា ក្រុម​សកម្មជន​ត្រូវបាន​ចាប់ខ្លួន​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ចន្ទ​នេះ ហើយ​លោក អា​ឡិច ចាន់​ដ្រូ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​ខេត្ត​កោះកុង​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។ ចំណែកឯ​អ្នក​ផ្សេង​ទៀត​ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ស្រុក​ថ្មបាំង​។​សកម្មជន​របស់​អង្គការ​មាតា​ធម្មជាតិ​មួយ​រូប​ទៀត​លោក ម៉េង ហេង ឲ្យដឹងថាឥ​វ៉ាន់​របស់​ប្រជាពលរដ្ឋ និង​សកម្មជន ដែល​ប្រើប្រាស់​ក្នុងពេល​បិទផ្លូវ​ត្រូវបាន​អាជ្ញាធរ​បញ្ជូន​ទៅកាន់ ទីរួមស្រុក​ថ្មបាំង​ដើម្បី​រក្សា​ទុក​។​​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​កោះកុង​លោក ថុង ណា​រ៉ុង មានប្រសាសន៍ថា លោក​ទទួលបាន​ដំណឹង​ថា​មាន​ការឃាត់ខ្លួន​សកម្ម​ជន​ការពារ​តំបន់​អា​រ៉ែ​ង​នេះ ដើម្បី​សួរនាំ ហើយ​តុលាការ​កំពុង​បន្ត​ការសាកសួរ​ដោយ​មិន​ទាន់​ដឹងថា បាន​លទ្ធផល​យ៉ាង​ណា​នៅឡើយ​ទេ​។​​កន្លង​មក​ប្រជា​សហគមន៍​អា​រ៉ែ​ង​ចលនា​មាតា​ធម្មជាតិ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​យុវជន​ខ្មែរ​មហានគរ ប្រកាស​ជំហរ​ប្តេជ្ញា​រួម​គ្នា​ទប់ស្កាត់ ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​ឆាយ​អា​រ៉ែ​ង ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន ​ស៊ី​ណូហាយ​ដ្រូ​( Sinohydro)​។​​ប្រធាន​សមាគម​ចលនា​មាតា​ធម្មជាតិ​លោក អា​ឡិច ចាន់​ដ្រូ ដែល​ត្រូវបាន​ចាប់​ខ្លួន​ធ្លាប់​មានប្រសាសន៍ថា ទំនប់​វា​រី​អគ្គិសនី​អា​រ៉ែ​ង​នេះ​ផ្តល់​ថាមពល​តិចតួច​ប៉ុណ្ណោះ តែ​វា​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​បរិស្ថាន​ធម្មជាតិ និង​សហគមន៍​មូលដ្ឋាន​ដែល​ជា​ជនជាតិដើម​ភាគតិច​៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៤។