• សមត្ថកិច្ច​បិទផ្លូវ​ម្តុំ​ស្ថានទូត​អូស្ត្រាលី រារាំង​ការតវ៉ា​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​ទទួល​ជនភៀសខ្លួន​

    • ថ្ងៃចេញផ្សាយ ២៦-កញ្ញា-២០១៤

    ​កម្លាំង​សមត្ថកិច្ច​រាប់សិប​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បិទផ្លូវ​ចេញចូល​ទាំងអស់​នៅ​ម្តុំ​រដ្ឋសភាជាតិ ក្រសួងការបរទេស និង​ស្ថានទូត​អូស្ត្រាលី ដើម្បី​រារាំង​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ប្រឆាំងនឹង កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​អូស្ត្រាលី ក្នុងការ​ទទួលយក​ជ​ន​ភៀសខ្លួន​មកពី​អូស្ត្រាលី​។​​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី​សម្រេច​ចុងក្រោយ​ក្នុងការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ទទួលយក ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​តាំង​ទីលំនៅ​ក្នុងប្រទេស​ក​ម្ពុ​ជា នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង​៣​រសៀល​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​​តាម​គម្រោង​អ្នករងគ្រោះ​ដីធ្លី និស្សិត​បញ្ញវន្ត និង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ នៅ​ព្រឹក​នេះ​នឹង​តវ៉ា​នៅមុខ​ស្ថានទូត​អូស្ត្រាលី រដ្ឋសភា និង​ក្រសួងមហាផ្ទៃ ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​កិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​អូ​ស្រា្ត​លី​មក កម្ពុជា ដោយ​សំអាងថា កម្ពុជា​ត្រូវ​ដោះស្រាយ​ជម្លោះដីធ្លី​ក្នុងប្រទេស​ជាមុនសិន​។​​អ្នកមាន​ជម្លោះ​ដី​ធី្ល​ទាំងនោះ​មកពី​សហគមន៍​បុរី​កីឡា អ្នក​បឹ​កក​ក់ អ្នក​ឡ​ពាង និង​អ្នកភូមិ​គាស់ក្រឡ​។​ពួកគេ​នឹង​ហែ​ញត្តិ​ទៅ​ស្ថានទូត​អូស្ត្រាលី បន្ទាប់មក​ទៅ​រដ្ឋសភា និង​ក្រសួងមហាផ្ទៃ​។​​តំណាង​អ្នកភូមិ​ឡ​ពាង អ្នកស្រី អ៊ុំ សុ​ភី មានប្រសាសន៍ថា ពួកគេ​តវ៉ា​ដាច់ខាត​ចំពោះ​ការទទួល​ជនភៀសខ្លួន​នេះ ដោយ​អះអាងថា​រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​លើ​ពលរដ្ឋ​រងគ្រោះ​របស់ខ្លួន សិន​។ អ្នកស្រី​បន្តថា ពលរដ្ឋ​ជាតិ​សាសន៍​ខ្លួនឯង​កំពុង​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី មិនទាន់​ដោះស្រាយបាន​ផង បែរ​ទៅជា​ទទួលយក​ជនភៀសខ្លួន​ខុសច្បាប់​ឲ្យ​ចូលមកក្នុង​ប្រទេស​ខ្លួន​ទៅវិញ ។​អ្នកស្រី​បន្តថា​គាត់​ព្រួយបារម្ភ​ថា​ជនភៀសខ្លួន​ទាំងនោះ​នឹងរង​គ្រោះ ដូច​ពួកគាត់​ដែរ ដោយសារ​កម្ពុជា​កំពុង​រំលោភ​សិទ្ធមនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​​រហូតមកដល់​ពេលនេះ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​រិះគន់​ទៅលើ​គម្រោង​នៃ​ការចុះ​កិច្ចព្រមព្រៀង​ទទួលយក​ជនភៀសខ្លួន​នេះ ដោយសារ​កម្ពុជា​មិនមាន​សមត្ថភាព​គ្រប់គ្រាន់ និង​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន​ពី​អូស្ត្រាលី មក​ស្នាក់នៅ​នៅពេលនេះ​។ ចំណុច​ខ្វះខាត​មួយចំនួនទៀត រួមមាន​អត្រា​មិនមាន​ការងារ​ធ្វើ​ខ្ពស់ ប្រព័ន្ធ​អប់រំ​នៅមាន​កម្សោយ ប្រព័ន្ធ​សុខាភិបាល​មិន​គ្រប់គ្រាន់ បញ្ហា​អំពើពុករលួយ ការគោរព​សិទ្ធិមនុស្ស​នៅមានកម្រិត និង​បញ្ហាដីធ្លី​។​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា​កម្ពុជា​នឹង​ទទួលយក​ជនភៀសខ្លួន​តិចតួច​សិន​ក្នុងដំណាក់កាល សាកល្បង មុននឹង​ឈាន​ទៅយក​រាប់រយ​នាក់​។​លោក​បន្តថា​រដ្ឋាភិបាល​នឹង​បន្តធ្វើ ការងារ​នេះ ដើម្បី​ធានាថា​កិច្ចព្រមព្រៀង​ស្ថិតក្នុង​អត្ថប្រយោជន៍​របស់​កម្ពុ​ជា​។​ លោក ស្កុ​ត ម៉ូ​រី​សុន​(Scott Morrison) រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍ និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី ប្រាប់​សារព័ត៌​មាននៅ​ទីក្រុង​កង់​បេ​រ៉ា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នឹងមិន​មានការ​កំណត់​អំពី​ចំនួន​ជនភៀសខ្លួន​ដែល​អនុញ្ញាត​ឲ្យ​តាំង​ទីលំនៅ ក្នុងប្រទេស​កម្ពុជា​ទេ​។​លោក​បន្តថា ការរៀប​ចំនេះ​ជាការ​ស្ម័គ្រចិត្ត ហើយ​អ្នកណា​ដែល​ជ្រើសរើស​ទៅ​កម្ពុជា សម្រេច​ដោយ​ខ្លួនឯង​។​លោក​បញ្ជាក់ថា​ការតាំង​ទីលំនៅ​នឹងមាន​លក្ខណៈ អចិន្ត្រៃយ៍​សម្រាប់​អ្នក​ដែល​ជ្រើស​រើសយក​ការរៀបចំ​នេះ​ដោយ​មិន​កំណត់ ចំនួន​។​​រដ្ឋាភិបាល​អូស្ត្រាលី គ្រោង​នឹង​ផ្ទេរ​ជនភៀសខ្លួន​ចំនួន​១០០០​នាក់ ចេញពី​មណ្ឌល​ឃុំឃាំង Nauru ដើម្បី​ធ្វើ​ឲ្យ​មណ្ឌល​នេះ​ទូលាយ​ជាង​មុន ដោយសារតែ​បច្ចុប្បន្ន​មាន​មនុស្ស​ជាប់ឃុំ​នៅក្នុង​នោះ រហូតដល់​ទៅ​១១៤៦ នាក់​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិតេយ្យ ចេញផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៤។