• យឹម សុវណ្ណ​៖ ការឃាត់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​រឿង​នយោបាយ​

    • ថ្ងៃចេញផ្សាយ ៧-តុលា-២០១៤

    គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ការចាប់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​របស់ខ្លួន កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើបាតុកម្ម​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែកក្កដា​កន្លង​ទៅជា​រឿង​នយោបាយ និង​ជាការ​បង្ក​ភាព​អាប់អួ​រលើ​កិច្ចព្រមព្រៀង​។​​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការចាប់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​របស់​គណបក្ស​សង្គ្រោះ ជាតិ គឺធ្វើឡើង​ដោយ​មិនមាន​ហេតុផល​ច្បាស់លាស់ និង​អាថ៌កំបាំង​។ លោក​ចាត់ទុកថា ការចាប់ខ្លួន​នេះ​គឺជា​រឿង​នយោបាយ​សុទ្ធសាធ​។ លោក​បន្តថា ករណី​នៅលើ​ស្ពាន​នាគ គឺជា​រឿង​ដែល​បានបញ្ចប់​រួចរាល់​អស់ហើយ ក្រោយ​កិច្ចព្រមព្រៀង​នយោបាយ​របស់​គណបក្ស​ទាំងពីរ ហើយ​ការចាប់ខ្លួន​ជាថ្មី​នេះ គឺជា​ការបង្ក​បរិយាកាស​អាប់អួរ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង មិន​ឲ្យ​ដំណើរការ​ទៅដោយ​រលូន​។លោក​មានប្រសាសន៍ថា «​ឥឡូវ​គាត់​ត្រូវ បាន​គេ​ចាប់​យកទៅដាក់​នៅ​ពន្ធនាគារ​ព្រៃ​ស​។ គេ​ចោទប្រកាន់​ពីបទ​ពាក់ព័ន្ធ នឹង​អំពើហិង្សា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។ គណបក្ស​សង្គ្រោះ​ជាតិ​យល់ឃើញថា នេះ​ជា​រឿង​នយោបាយ ជាការ​គំរាមកំហែង​នយោបាយ​ដែល​ធ្វើ​ឲ្យ​បរិយាកាស​ហ្នឹង​អាប់អួរ​។ យើង​ស្នើសុំ​ឲ្យ​គណបក្ស​ប្រជាជន ដែលជា​ហត្ថលេខី​នៅក្នុង​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ថ្ងៃទី​២២ ខែ​៨​ហ្នឹង ត្រូវតែ​ធ្វើ​យ៉ាងម៉េច​គោរព​ឲ្យ​បាន​ត្រឹមត្រូវ រួចហើយ​កុំ​បង្ក​បរិយាកាស​អាប់អួរ​ទៅដល់​ស្ថានការណ៍​នយោបាយ​តទៅទៀត​»​។​​លោក យឹម សុវណ្ណ បន្ថែមថា ការចាប់ខ្លួន​នេះ​មិនមែន​ត្រឹមតែ​ជា​ចេតនា​បង្ក​ភាព​អាប់អួរ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​គំរាមកំហែង​ផ្នែក​ស្មារតី​ដល់​ក្រុមយុវជន និង​ប្រជាពលរដ្ឋ ដែល​គ្រោង​ធ្វើបាតុកម្ម​ចំនួន​៥​ថ្ងៃ​នៅ​ដើមខែ​តុលា​ស្អែក​នេះ ដើម្បី​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម​ធ្វើការ​សុំទោស ករណី​អ្នកនាំពាក្យ​ស្ថានទូត​នេះ​ថ្លែងថា ទឹកដី​កម្ពុជា​ក្រោម​គឺជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ មិនមែន​បានមក​ដោយ​បារាំង​កាត់​ចេញពី​កម្ពុជា​នោះទេ​។​​ទោះយ៉ាងណា​លោក យឹម សុវណ្ណ បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​គោរព និង​អនុវត្ត​កិច្ចព្រមព្រៀង​នយោបាយ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។​​ពាក់ព័ន្ធ​នឹង​ករណីនេះ VOD មិនអាច​សុំ​ការបំភ្លឺ​ពី​ស្នងការ​រាជធានី​ភ្នំពេញ​លោក ជួន សុវណ្ណ បានទេ​ដោយ​ទូរស័ព្ទ​លោក​មិនអាច​ទាក់ទង​បាន​។​​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ចាត់ទុក​ករណីនេះ​ថា ជាការ​អនុវត្ត​ច្បាប់​ដោយ​លម្អៀង គំរាមកំហែង​ផ្នែក​ស្មារតី​ដល់​អ្នក​តវ៉ា​ដទៃទៀត ដោយសារ​រដ្ឋាភិបាល​ធ្វើការ​ឃាត់ខ្លួន​តែ​ខាង​សកម្មជន និង​ពលរដ្ឋ​ដែល​ធ្វើ​ការតវ៉ា ដោយឡែក​ខាង​ក្រុម​សន្តិសុខ សមត្ថកិច្ច​ដែល​ប្រើ​ហិង្សា​រហូតដល់​មានការ​ស្លាប់​អ្នក​តវ៉ា​នា ពេលកន្លងមក​មិនមាន​ការស្រាវជ្រាវ និង​ឃាត់ខ្លួន​នៅឡើយ​។ លោកស្រី​បញ្ជាក់ថា «​វា អាចជា​សញ្ញាណ​មួយ បានន័យថា​សញ្ញាណ​នៃ​ការគំរាមកំហែង ដល់​សកម្មជន​ដទៃទៀត ដល់​សហគមន៍​ដទៃទៀត​ដែល​មានបំណង​ធ្វើបាតុកម្ម ឬក៏​ធ្វើ​ការតស៊ូ​មតិ​នានា ប៉ុន្តែ​ខ្ញុំ​គិតថា កាលដែល​យុវជន ឬក៏​សហគមន៍​នៅតែ​បន្តធ្វើ​បាតុកម្ម នេះ​ជាស​ញ្ញាណ​មួយ​ចង់​ប្រាប់​ទៅ​រដ្ឋាភិបាល​វិញ​ដែរ​ថា ការគំរាមកំហែង​ណាមួយ​គឺ​មិនបាន​បិទ​សំឡេង​របស់គាត់​នោះទេ ប៉ុន្តែ​នឹង​បន្ត​ឲ្យ​គាត់​ធ្វើ​ការតស៊ូ​បន្ថែមទៀត​»​។​​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌ​ច្បារអំពៅ​របស់​គណបក្ស​សង្គ្រោះ លោក សំ វុទ្ធី ត្រូវបាន​ចាប់ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សរ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើហិង្សា​នៅ​ស្ពាន​នាគ​កន្លងមក​។​​គួរ​កត់សម្គាល់ថា កាលពី​ពាក់កណ្ដាល​ខែសីហា​កន្លង​ទៅ ខណៈ​ក្រុមយុវជន​ធ្វើ​ការតវ៉ា​ប្រឆាំងនឹង​ស្ថានទូត​វៀតណាម អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​៣​រូប ហើយ​អ្នក​ទាំងនោះ​ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​បក្សប្រឆាំង និង​ការផ្អាក​ការធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤។