• សហគមន៍​ព្នង​ខេត្តមណ្ឌលគិរី​គ្រោង​ធ្វើបាតុកម្ម​លើក​ទី​៣​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន​

    • ថ្ងៃចេញផ្សាយ ៨-តុលា-២០១៤

    សហគមន៍​ព្នង​នៅ​ខេត្តមណ្ឌលគិរី គ្រោង​ធ្វើបាតុកម្ម​លើក​ទី​បី​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន​ដែល​បានធ្វើ​ឲ្យ ប៉ះពាល់​ជីវភាព​រស់នៅ​សហគមន៍​និង​ធនធានធម្មជាតិ ប្រពៃណី​វប្បធម៌ អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​។ គម្រោង​ធ្វើបាតុកម្ម​នេះ​កើតមានឡើង​បន្ទាប់ពី​ក្រុម​អាជ្ញាធរខេត្ត​មិន បានផ្ដល់​លទ្ធផល​ស្វែង​ដំណោះស្រាយ​សមស្រប​អាច​ឲ្យ​អ្នកភូមិ​ទទួលយកបាន​។​​ជាង​បី​សប្ដាហ៍​កន្លងទៅនេះ​សមាជិក​សហគមន៍​ប៊ូ​ស្រា ៨៥០​គ្រួសារ រង់ចាំ​លទ្ធផល​ដំណោះស្រាយ​ការតវ៉ា​របស់​ពួកគាត់​តាម​ការសន្យា​របស់ អាជ្ញាធរខេត្ត​មណ្ឌលគិរី បន្ទាប់ពី​ពួកគាត់​បានធ្វើ​បាតុកម្ម​ពីរលើក​នៅមុខ​សាលាឃុំ​ប៊ូ​ស្រា និង​មុខ​សាលាស្រុក​ពេ​ជ្រា​ដា កាលពី​ពាក់កណ្ដាល​ខែកញ្ញា​។​​ក្រោយ​បាតុកម្ម​ទាំង​ពីរលើក​អាជ្ញាធរ​ស្រុក​ពេ​ជ្រា​ដា បានរៀបចំ​កម្មវិធី​ចុះ​ដោះស្រាយ​បញ្ហា​តវ៉ា​ជូន​សហគមន៍​ប៊ូ​ស្រា ចាប់ពី​ថ្ងៃទី​២៦ ខែកញ្ញា រួមមាន​៖ ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ ៥​គ្រួសារ​ជាមួយ​ក្រុមហ៊ុន ណា​វ៉ា រ៉ាស៊ី (Nava Rasy)​។ ករណី​ក្រុមហ៊ុន​ដាក់​ឡាក់ (DaklaK) ជីក​ប្រឡាយ​កាត់​ផ្លូវ​ប្រជាពលរដ្ឋ​។ ករណី​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការ​នៅ​ប៉ុស្តិ៍​៦ ហើយ​កម្លាំង​ការពារ​មិន​អនុញ្ញាត និង​បញ្ហា​បុគ្គលិក​ក្រុមហ៊ុន អិ​ល​.​ខេ​.​អិ​ល នៅ​តំបន់​នោះ​គំរាម​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ជាដើម​។​​តំណាង​សហគមន៍ លោក មើល ចេ​វ ថ្លែងថា មិនមាន​លទ្ធផល​ណាមួយ​គួរកត់សំគាល់​ក្នុង​ការចុះ​ដោះស្រាយ​បញ្ហា​ជូន ប្រជាពលរដ្ឋ ជាពិសេស​ការសន្យា​លុប​ប្រឡាយ​របស់​ក្រុមហ៊ុន​ដាក់​ឡាក់ ជីក​កាត់​ផ្លូវ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ក៏ត្រូវ​ពន្យារពេល​ដែរ​។​​លោក​បន្តថា អ្នកភូមិ​នឹង​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​បន្តទៀត​នៅ​ថ្នាក់ស្រុក ឬ​ខេត្ត​ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ការតវ៉ា​របស់​ពលរដ្ឋ​៖ «​តាម ពិត​គេ​ដោះស្រាយ​ជា​លក្ខណៈ​បុគ្គល ប៉ុន្តែ​ប្រជាពលរដ្ឋ​គាត់​អត់​ទទួលស្គាល់​ទេ​តាម​សហគមន៍​ហ្នឹង គឺ​តស៊ូ​មតិ​ម្ដងទៀត​នៅ​សាលាខេត្ត​ចុងក្រោយ​នេះ​។​សហគមន៍​កំពុង​ពិភាក្សា គ្នា​ដាក់​កំណត់​ថ្ងៃ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​»​។​​តំណាង​សហគមន៍​មកពី​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ប៊ូ​ស្រា កាលពី​សប្ដាហ៍​មុននេះ​បាន​ជួបប្រជុំគ្នា​ពីរលើក​ដើម្បី​រៀបចំ យុទ្ធសាស្ត្រ​ធ្វើបាតុកម្ម​លើក​ទី​បី រួមមាន​ការដាក់​លិខិត​ជម្រាបជូន​អាជ្ញាធរខេត្ត​ស្ដីពី​ការធ្វើ បាតុកម្ម និង​អំពាវនាវ​ឲ្យ​សហគមន៍​ជនជាតិដើម​មកពី​បណ្ដា​ស្រុក​នានា ចូលរួម​បាតុកម្ម​លើក​ទី​បី​ទ្រង់ទ្រាយ​ធំ​នៅ​ក្រុង​សែន​មនោ​រម្យ នៅ​ចុងខែ​តុលា ឬ​ដើមខែ​វិច្ឆិកា​។​​តំណាង​សហគមន៍​មួយរូប​ទៀត គឺ​លោក ក្រោះ សុខ រៀបរាប់​ដែរ​ថា បាតុកម្ម​នៅ​ក្រុង​សែន​មនោ​រម្យ អាច​នឹងមាន​ការបិទ​ផ្លូវ​ដើម្បី​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ការទាមទារ របស់​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​។​​លោក​បន្តថា ការសន្យា​របស់​មន្ត្រី​អាជ្ញាធរ​រហូតមកទល់​នឹង​ថ្ងៃទី​៧ ខែតុលា មិនមាន​សញ្ញា​វិជ្ជមាន​ណាមួយ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលយក​បានឡើយ​៖ «​ម្នាក់ៗ នៅតែមាន​គំនិត​ថា យើង​នៅតែ​ធ្វើ​បន្ត​គម្រោង​បាតុកម្ម គាត់​ចង់​ឲ្យ​យើង​រៀបចំ​ឲ្យ​ស្រួល​ដើម្បី​ឲ្យ​យល់ថា បាតុកម្ម​នេះ​ខ្លាំង​ជាង​មុន​។ មួយទៀត​យើង​ចង់​ឲ្យ​ស្របទៅតាម​ច្បាប់​បាតុកម្ម​ដែរ ហើយ​បណ្ដាញ​ផ្សេង​តាម​យើង​ដឹង​ខាង​ដាក់​ដាំ​ស្អី​គាត់​សួរ​យើង​ត្រូវការ គាត់​អត់ បើ​យើង​ធ្វើ​ខាងមុខនេះ​»​។​​កាលពី​ពាក់កណ្ដាល​ខែកញ្ញា សហគមន៍​ប៊ូ​ស្រា ចេញ​សេចក្ដីថ្លែងការណ៍​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​អន្តរាគ​មន៍​ដោះស្រាយ ជម្លោះដីធ្លី ការបាត់បង់​ធនធានធម្មជាតិ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ការគោរព​សិទ្ធិ​ជនជាតិដើម​ភាគតិច​នៅ​ភូមិ​ចំនួន​ប្រាំពីរ រួមមាន​៖ ភូមិ​ពូ​លុ ពូ​ចារ ពូ​ទឺ​ត ឡាំ​មេះ ប៊ូ​ស្រា ពូ​រាំង និង​ភូមិ​ពូ​ទឹល​។​​តំណាង​អ្នកភូមិ​បាន​នាំយក​លិខិត​ថ្លែងការណ៍​ដាក់ជូន​ស្ថាប័ន​ព្រឹទ្ធ សភា រដ្ឋសភា ក្រសួង​វប្បធម៌ ក្រសួង​កិច្ចការនារី ស្ថានទូត​អាមេរិក តំណាង​សហគមន៍​អឺរ៉ុប ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ កម្ពុជា​។ ដោយឡែក​ស្ថានទូត​វៀតណាម និង​ស្ថានទូត​ចិន មិន​ទទួល​លិខិត​ថ្លែងការណ៍​នោះទេ​។​​ទាក់ទិន​គម្រោង​ធ្វើបាតុកម្ម​លើក​ទី​បី​របស់​សហគមន៍​ប៊ូ​ស្រា​នេះ អភិបាលរង​ខត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អៀង និង​អភិបាលស្រុក​ពេ​ជ្រា​ដា លោក នួន សារ៉ន នៅ​ថ្ងៃទី​៧ ខែតុលា បដិសេធ​មិន​អធិប្បាយ​ដោយសារ​ហេតុផល​លោក​ទាំងពីរ​ជាប់​ប្រជុំ​។ ក៏ប៉ុន្តែ​កន្លងទៅនេះ ក្នុងការ​សន្យា​ជាមួយ​ពលរដ្ឋ​លោក​ទាំង​ពីរបាន​អះអាងថា បញ្ហា​ដែល​កើតឡើង​ក្រោម​សមត្ថកិច្ច​របស់​អាជ្ញាធ​រ​ខេត្ត​ពួកគេ​នឹងធ្វើ ការដោះស្រាយ​ជូន​ពលរដ្ឋ​។ ចំណែក​បញ្ហា​ណា​ទាក់ទិន​សមត្ថកិច្ច​អាជ្ញាធរ​ថ្នាក់ជាតិ អាជ្ញាធរខេត្ត​នឹង​រាយការណ៍​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់វិធានការ​បន្ត​។​​របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក (Adhoc) ខេត្តមណ្ឌលគិរី បច្ចុប្បន្ននេះ​សហគមន៍​ប៊ូ​ស្រា មិនទាន់​ទទួលបាន​ការលើកទឹកចិត្ត​ដូច​ការសន្យា​របស់​មន្ត្រី​អាជ្ញាធរ មូលដ្ឋាន​នោះ​នៅឡើយ​។ ដោយឡែក​អាជ្ញាធរ​ថ្នាក់ជាតិ​ក៏​មិនបាន​ឆ្លើយតប ឬ​បញ្ចេញ​ប្រតិកម្ម​ណាមួយ​ទាក់ទិន​សេចក្ដីថ្លែងការណ៍​របស់​សហគមន៍​នោះ ដែរ​។​​ប្រធាន​កម្មវិធី​ដីធ្លី​ធនធានធម្មជាតិ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ឡា​ត់ គី សំដែង​ទុទ្ទិដ្ឋិនិយម​ចំពោះ​មន្ត្រី​រាជរដ្ឋាភិបាល ក៏​ដួច​ជា​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​អនុវត្ត​តួនាទី​ការពារ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ជាពិសេស​ជនជាតិដើម​ភាគតិច​ងាយ​រងគ្រោះ​។​​លោក​ថ្លែងថា បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​តម្រូវ​ឲ្យ​មានការ​ស្រាវជ្រាវ​ទប់ស្កាត់​ផល ប៉ះពាល់​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​ទំនង​បទ​បញ្ហា​ប្រមុខ​រាជរដ្ឋាភិបាល​ទាក់ទិន​បញ្ហា​នេះ​មិន ត្រូវបាន​មន្ត្រី​ថ្នាក់ក្រោម​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​មាន ប្រសិទ្ធភាព​នោះឡើយ​។ យ៉ាងណា​លោក​អំពាវនាវ​ផងដែរ​ឲ្យ​សមត្ថកិច្ច​ផ្ដល់ឱកាស​ឲ្យ​សហគមន៍​បញ្ចេញ មតិ និង​មិនត្រូវ​ធ្វើទុក្ខបុកម្នេញ​គំរាមកំហែង​សិទ្ធិ​តស៊ូ​មតិ​ដោយ សន្តិវិធី​របស់​សហគម​ន៍​ឡើយ​។ ចំណែក​សហគមន៍​ក៏ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការតស៊ូ​មតិ​បែប​អហិង្សា ដើម្បី​បំពេញ​សិទ្ធិ​តវ៉ា​របស់ខ្លួន​តាមផ្លូវ​ច្បាប់​។​​លោក ឡា​ត់ គី​៖ «​ការស្វែងរក​ដំណោះស្រាយ បើកាលណា​ដំណោះស្រាយ​អត់​បានទទួល​អ៊ីចឹង​យុទ្ធនាការ​ក្នុងការ​ស្វែងរក ដំណោះស្រាយ ទោះបី​លើក​ទី​បី លើក​ទី​បួន លើក​ទី​ប្រាំ​ទៀត​វា​ជា​រឿង​តម្រូវការ​ដែលជា​សេរីភាព​របស់​ពួកគាត់​។ នេះ​ជា​មូលដ្ឋាន​ក្នុងការ​ប្រើប្រាស់​សិទ្ធិ​រប​ស់​ពួកគាត់​ដើម្បី​ការពារ ធនធាន​ពួកគាត់​ឲ្យ​បាន​គង់វង្ស​»​។​​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៥ ដែល​សហគមន៍​ប៊ូ​ស្រា ធ្វើបាតុកម្ម​ប្រឆាំង រួមមាន ក្រុមហ៊ុន អិ​ល​.​ខេ​.​អិ​ល (LKL) ក្រុមហ៊ុន​ខេ​-​ហ្វើ​ស (K-First) ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស (Mega-First) ក្រុមហ៊ុន​សុខ​ហ្វី​ន ខេ​ស៊ី​ឌី (Socfin-KCD) និង​ក្រុមហ៊ុន​ដាក់​ឡាក់​។ ដោយឡែក​សហគមន៍​ប៊ូ​ស្រា កំពុង​សិក្សា​ពី​លទ្ធភាព​ប្តឹង​ក្រុមហ៊ុន​សុខ​ហ្វី​ន ខេ​ស៊ី​ឌី ដែលជា​ក្រុមហ៊ុន​មួយ​របស់​បារាំង តាមផ្លូវ​តុលាការ​ប្រទេស​បារាំង ដោយសារតែ​ក្រុមហ៊ុន​នេះ​ធ្វើ​ឲ្យ​គ្រួសារ​ទាំងឡាយ​នៃ​សហគមន៍​ប៊ូ​ស្រា បាត់បង់​របរ​​ចិញ្ចឹមជីវិត​បែប​ប្រពៃណី និង​កំពុង​រស់នៅក្នុង​សភាព​ក្រីក្រ​។​​អ្នកភូមិ​មួយចំនួន​ត្រូវ​បណ្ដេញចេញ​ដោយ​គ្មាន​សំណង ឬ​ស្ទើរ​គ្មាន​សំណង គ្រួសារ​ទាំងនោះ​រង​ការខូចខាត​ផ្នែក​សម្ភារៈ​ធ្ងន់ធ្ងរ និង​ជាងនេះទៅទៀត អ្នកភូមិ​រង​នូវ​ការឈឺចាប់​ផ្លូវចិត្ត​ដោយសារ​ក្រុមហ៊ុន​បំផ្លាញ​ព្រៃ អារក្ខ​និង​ព្រៃ​ដូនតា​ពួកគេ​អស់​ជាច្រើន​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤។