-
តុលាការកោះហៅមេដឹកនាំសហជីព២រូបទៀតចូលបំភ្លឺ មេដឹកនាំសហជីពធំៗចំនួនពីរ
- ថ្ងៃចេញផ្សាយ ២៧-តុលា-២០១៤
មេដឹកនាំសហជីពធំៗចំនួនពីរ ត្រូវសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យចូលបំភ្លឺនៅចុងខែតុលានេះដោយចោទពីបទពាក់ព័ន្ធនឹងអំពើហិង្សានៅផ្លូវវ៉េងស្រេង។ដីកាបង្គាប់ឲ្យចូលខ្លួនចុះហត្ថលេខាដោយ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ជា សុខហៀង ចុះថ្ងៃទី០៩ ខែតុលា ដែល VOD ទើបទទួលបាននៅថ្ងៃចន្ទនេះឲ្យដឹងថា ប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន និងប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ត្រូវចូលខ្លួនទៅបំភ្លឺនៅក្នុងសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៣១ ខែតុលា វេលាម៉ោង៨និង៣០នាទីដើម្បីសួរចម្លើយ។ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ឲ្យ VOD ដឹងថា ខ្លួននឹងចូលបំភ្លឺតាមការបង្គាប់របស់តុលាការ ព្រោះអ្នកស្រីមិនបានធ្វើអ្វីខុសទេ ហើយថាការបង្គាប់របស់តុលាការធ្វើឡើងផ្ទុយពីការពិតទាំងស្រុង។ អ្នកស្រីរិះគន់ថា តុលាការកម្ពុជាបច្ចុប្បន្ន ធ្វើការមិនឯករាជ្យស្ថិតក្រោមសម្ពាធអ្នកមានលុយ និងអ្នកមានអំណាច។ អ្នកស្រីបញ្ជាក់ថា «តុលាការធ្វើអ្វីៗទៅតាមអ្នកមានលុយ អ្នកមានអំណាច ពីព្រោះប្រសិនណាអ្នកមានអំណាច អ្នកមានលុយ ប្តឹងជនណាម្នាក់ ឬក៏ប្តឹងប្រជាពលរដ្ឋក្រីក្រ ជនស្មោះត្រង់ យើងឃើញថា តុលាការតែងកោះហៅ ពួកគាត់ជានិច្ច។ អ៊ីចឹងកន្លែងនេះមួយខ្ញុំយល់ឃើញថា តុលាការនៅក្រោមសម្ពាធអ្នកមានលុយ អ្នកមានអំណាច អ៊ីចឹងឆ្លុះបញ្ចាំងថា រដ្ឋាភិបាលប្រទេសកម្ពុជា ក៏ដូចជាតុលាការនៅក្នុងប្រទេសកម្ពុជា គ្មានភាពយុត្តិធម៌ចំពោះជនស្លូតត្រង់ ឬប្រជាពលរដ្ឋក្រីក្រទេ»។ចំណែកឯប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ឲ្យ VOD ដឹងនៅថ្ងៃចន្ទនេះថា តុលាការចោទប្រកាន់រូបលោកនេះមិនត្រឹមត្រូវទេ ព្រោះថ្ងៃទាំងនោះលោកមិនបានស្ថិតនៅកន្លែងកើតហេតុឡើយ។ លោកបន្តថា បើទោះជាថ្ងៃនោះ លោកនៅកន្លែងកើតហេតុនោះ ក៏លោកមិនខុសដែរ ព្រោះលោកត្រូវតែការពារសមាជិករបស់ខ្លួន ដែលគ្រាន់តែទាមទារប្រាក់ឈ្នួលសមរម្យប៉ុណ្ណោះ។លោកបន្ថែមថា តុលាការធ្វើការបម្រើឲ្យតែអ្នកមានអំណាច ខណៈឃាតករបាញ់សម្លាប់កម្មករ មិនត្រូវបានតុលាការចាប់ដាក់ទោស ផ្ទុយទៅវិញមកចាត់ការក្រុមសហជីពដែលគ្រាន់តែទាមទារប្រាក់ឈ្នួល សមរម្យជូនកម្មករ ។ លោកថា «អ្វីដែលអ្នកប្រព្រឹត្តជាក់ស្តែង អ្នកបាញ់សម្លាប់កម្មករ បង្កឲ្យកម្មកររងរបួស បែរជាតុលាការមិនចេញដីកា នាំខ្លួនជនល្មើសទាំងអស់នោះ បែរជាមកកោះហៅមេសហជីពទៅសាកសួរទៅវិញ។ ទង្វើនេះបង្ហាញឲ្យឃើញកាន់តែច្បាស់ថា តុលាការមិនបានអនុវត្តទៅតាមក្រមវិជ្ជាជីវៈរបស់ខ្លួន គ្រាន់តែធ្វើជាឧបករណ៍សម្រាប់អ្នកមានអំណាចប្រើប្រាស់»។តាមខ្លឹមសារដីកាកោះចំនួនពីរ ចុះថ្ងៃជាមួយគ្នា បានចោទប្រកាន់លោក រ៉ុង ឈុន និងអ្នកស្រី យ៉ាង សោភ័ណ្ឌ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស គំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងប្រើមធ្យោបាយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដែលប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤៕ដកស្រង់ចេញពី សារពត៏មាន VOD ចេញផ្សាយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ។