• ក្រុមអង្គការសិទ្ធិមនុស្សអំពាវនាវឲ្យបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន

    • ថ្ងៃចេញផ្សាយ ២-វិច្ឆិកា-២០១៤

    មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCiM និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ព្រមទាំងអង្គការ ដែលធ្វើការលើវិស័យព័ត៌មាន និងការបញ្ចេញមតិ បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី៣១ តុលា។ ជាសេចក្តីថ្លែងការណ៍អំពាវនាវឲ្យបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានតាមរយៈការការពារសេរីភាពបញ្ចេញមតិ។ក្រុមអង្គការសង្គមស៊ីវិលបានអំពាវនាវដល់រដ្ឋាភិបាលទៅលើចំណុចមួយចំនួន ដែលក្នុងនោះក៏មានការអំពាវនាវឲ្យរដ្ឋាភិបាល ស្វែងរកយុត្តិធម៌ចំពោះករណីសម្លាប់អ្នកកាសែត និងអំពាវនាវឲ្យកែប្រែរដ្ឋធម្មនុញ្ញលើមាត្រាមួយចំនួន ដើម្បីធានាដល់សុវត្ថិភាពអ្នកកាសែតនៅកម្ពុជា។ក្នុងសេចក្តីថ្លែងការដដែលបានឲ្យដឹងថា វប្បធម៌និទណ្ឌភាព ធ្វើឲ្យអន្តរាយដល់ការរីកចម្រើននៃការអភិវឌ្ឍន៍ប្រជាធិបតេយ្យនៅកម្ពុជា ដោយបំបិទសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដែលមិនអាចខ្វះបាន ដើម្បីធ្វើឲ្យពលរដ្ឋបានទទួលព័ត៌មាន និងមានការចូលរួមក្នុងការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ។អ្នកស្រីចក់ សុភាព នាយិកាប្រតិបត្តិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថានិទណ្ឌភាពបានរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋាន ពោលគឺសេរីភាពនៃការបញ្ចេញមតិ និងធ្វើឲ្យអន្តរាយដល់និតិរដ្ឋ និងគោលការណ៍មូលដ្ឋានរបស់លទ្ធិប្រជាធិបតេយ្យ។ បើវប្បធម៌និទណ្ឌភាពនៅតែបន្ត នោះវានឹងធ្វើឲ្យអ្នកសារព័ត៌មានមួយចំនួនមានការខ្លាចរអាក្នុងការបំពេញបេសកកម្មរបស់ខ្លួន ហើយមានតែរដ្ឋាភិបាលទេ ដែលដើរតួសំខាន់ក្នុងការលុបបំបាត់នូវវប្បធម៌នេះ។លោកខៀវ សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់វិទ្យុបារាំង ថាក្រសួងមហាផ្ទៃនៅតែបន្តធ្វើការស៊ើបអង្កេត ដរាបណាជនល្មើសមិនទាន់ត្រូវបាននាំទៅកាន់តុលាការដើម្បីផ្តន្ទាទោស ពោលគឺសំណុំរឿងនោះនៅតែបើចំហរនៅឡើយ។ លោកបន្ថែមថា បើកម្ពុជាមាននិទណ្ឌភាពមែន នោះពន្ធនាគារប្រហែលជាមិនមានអ្នកទោសច្រើនទេ។សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ តុលា អ្នកកាសែតខ្មែរម្នាក់ទៀត ក៏ត្រូវបានសម្លាប់ក្នុងបេសកកម្មយកព័ត៌មានពីការកាប់ឈើខុសច្បាប់ ក្នុងខេត្រក្រចេះ ហើយបើគិតតាំងពីឆ្នាំ១៩៩៤មក មានអ្នកកាសែត ១៣នាក់បានស្លាប់។អង្គការអ្នកកាសែតគ្មានព្រំដែនបានឲ្យដឹងថាមានករណីសម្លាប់អ្នកកាសែតជាង៩០ភាគរយ មិនទាន់ត្រូវបានវែកមុខឃាតករ និងផ្តន្ទាទោសជនល្មើសនៅឡើយទេ។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ មានអ្នកកាសែត ៨០០នាក់នៅទូទាំងពិភពលោក ត្រូវបានសម្លាប់ នៅក្នុងពេល ដែលពួកគេកំពុងអនុវត្តការងារ៕ដកស្រង់ចេញពីវិទ្យុបារាំងRFI ចេញផ្សាយនៅថ្ងៃទី 2014-11-02 ។