-
សកម្មជនម្នាក់ទៀតរបស់បក្សប្រឆាំងត្រូវអាជ្ញាធរឃាត់ខ្លួន
- ថ្ងៃចេញផ្សាយ ១៣-វិច្ឆិកា-២០១៤
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្លាំងនគរបាលស្នងការក្រុងភ្នំពេញបានឃាត់ខ្លួនសកម្មជនម្នាក់ទៀតរបស់គណបក្សសង្គ្រោះជាតិ គឺ លោកទេព ណារិន។ នេះបើតាមការបញ្ជាក់របស់កញ្ញាកឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ។ ការចាប់ខ្លួននេះ អាជ្ញាធរមិនបានបញ្ជាក់ពីមូលហេតុនៅឡើយទេ។ពីរថ្ងៃបន្ទាប់ពីចាប់ខ្លួនលោក មៀច សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរបានបន្តឃាត់ខ្លួនសកម្មជនម្នាក់ទៀតគណបក្សសង្ក្រោះជាតិ គឺលោក ទេព ណារិន ។ លោកទេព ណារិន គឺជាបុគ្គលិកចលនាមហាជនរបស់គណបក្សសង្គ្រោះជាតិអនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា ការចាប់ខ្លួននោះបានធ្វើឡើងក្រោយពីលោកទេព ណារិនបានចូលទៅបង្ហាញខ្លួនតាមការកំណត់របស់តុលាការនៅស្នងការរាជធានីភ្នំពេញ។ លោក ជួន ណារិន ស្នងការរងរាជធានីភ្នំពេញ មិនបានបង្ហាញពីមូលហេតុនៃការឃាត់ខ្លួននោះទេ ប៉ុន្តែលោកបញ្ជាក់វិទ្យុបារាំងអន្តរជាតិដែរថា ការឃាត់ខ្លួនលោកទេព ណារិន គឺសមត្ថកិច្ចអនុវត្តតាមដីកាឲ្យនាំខ្លួនរបស់តុលាការ។បើតាមស្នងការរងរូបនេះ លោកទេព ណារិន ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវលេខ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។សូមបញ្ជាក់ថា លោកទេព ណារិន គឺជាសកម្មជនគណបក្សសង្គ្រោះជាតិទី៣ ហើយដែលត្រូវបានអាជ្ញាធរក្រុងភ្នំពេញឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងពេលថ្មីៗកន្លងទៅនេះ។កាលពីថ្ងៃអង្គារ លោក មៀច សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ និងបានបន្តបញ្ជូនទៅឃុំខ្លួននៅឯពន្ធនាគារព្រៃសរ។ ហើយកាលពីពុធ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងអំពាវនាវឲ្យមានការដោះលែងសកម្មជនរបស់ខ្លួនដោយគ្មានលក្ខខណ្ឌ។យ៉ាងណាក៏ដោយ ករណីឃាត់ខ្លួនសកម្មជនម្នាក់ទៀតនៅពេលនេះក៏មិនខុសគ្នានឹងករណីឃាត់ខ្លួននាពេលកន្លងមកដែរ។កញ្ញាកឹម មនោវិទ្យា បានលើកឡើងថា លោកទេព ណារិន ត្រូវបានអាជ្ញាធរចោទប្រកាន់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលថ្ងៃទី១៥ កក្កដា កន្លងទៅ។ កញ្ញាកឹម មនោវិទ្យា បានបន្ថែមថា នៅពេលនេះគណបក្សសង្គ្រោះជាតិកំពុងរៀបចំមេធាវី ដើម្បីជួយការពារក្នុងករណីនេះ៕ដកស្រង់ចេញពីវិទ្យុបារំាងជាភាសាខ្មែរ RFI ចេញផ្សាយនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ។