• ព្រះសង្ឃ​មួយអង្គ​គង់នៅ​វត្ត​នាគ​វន្ត​រង​សម្ពាធ​ពេល​ចូលប្រឡូក​សកម្មភាព​ទាមទារ​យុត្តិធម៌​សង្គម​

    • ថ្ងៃចេញផ្សាយ ១៧-វិច្ឆិកា-២០១៤

    ព្រះសង្ឃ​មួយអង្គ​ដែល​ចូលរួម​ទាមទារ​យុត្តិធម៌​សង្គម​ញឹកញាប់ គង់នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​អះអាង​មក​ថា ប្រឈម​នឹង​ការចាប់​ព្រះកាយ​ពី​កម្លាំង​អាជ្ញាធរ បើ​នៅតែ​បន្ត​ចេញ​ធ្វើ​សកម្មភាព​ដូច​មុន​។​​ព្រះ​តេជគុណ កែវ សុមាលី គង់នៅ​វត្ត​នាគ​វន្ត ដែល​ព្រះចៅអធិការ​វត្ត ចេញប្រកាស​កាលពី​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៤ ទុកពេល​ឲ្យ​៤៨​ម៉ោង ឲ្យ​និមន្ត​ចេញពី​វត្ត មុន​ប្រគល់​ឲ្យ​អាជ្ញាធរ ចាត់វិធានការ​នោះ ឲ្យ​VOD​ដឹង​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​នេះ​ថា ព្រះចៅអធិការ បានសម្រេច​លុបចោល​កា​រ​បណ្តេញ​ព្រះអង្គ​ចេញពី​វត្ត បន្ទាប់ពី​ព្រះអង្គ ទៅសុំ​ខមាទោស នៅ​ព្រះវិហារ រាល់​ពាក្យពេចន៍​ទាំងឡាយ ដែល​ព្រះអង្គ​មាន​ដីកា​ជ្រុលជ្រួស ទៅលើ​ថ្នាក់ដឹកនាំ​សង្ឃ​ប្រចាំ​វត្ត​រូបនោះ​។​​ប៉ុន្តែ​ព្រះ​តេជគុណ កែវ សុមាលី បញ្ជាក់ថា ព្រះចៅអធិការ​នៅតែ​សម្រេច ដកតំណែង​ព្រះអង្គ​ពី​ប្រធាន​កុដិ លេខ​៦​ដដែល​។ ម្យ៉ាងវិញទៀត ព្រះចៅអធិការ នឹងមិន​ធានា​ពី​ការចាប់​ព្រះកាយ​ណាមួយ ពី​កម្លាំង​សមត្ថកិច្ច​ទេ បើ​ព្រះអង្គ​នៅតែ​បន្ត​ចេញ​ធ្វើ​សកម្មភាព​ក្រៅ​វត្ត ដូច​មុនៗ​នោះ​។​​ព្រះ​តេជគុណ កែវ សុមាលី ត្រូវ​ព្រះចៅអធិការ​វត្ត​នាគ​វន្ត ព្រះនាម ងិន ឃីម ចេញ​លិខិតផ្លូវការ ទុកពេល​៤៨​ម៉ោង ឲ្យ​ចេញពី​វត្ត ដោយ​គ្មាន​លក្ខខណ្ឌ បើ​ពុំ​នោះទេ​នឹង​ប្រគល់​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​ចោទថា ព្រះ​តេជគុណ កែវ សុមាលី ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើ​ហិង្សា បង្ក​ឲ្យ​ព្រះសង្ឃ​ដូចគ្នា រងរបួស​លើ​ព្រះ​កេស​។​​ប៉ុន្តែ​ការចោទប្រកាន់​នោះ ត្រូវ​ព្រះ​តេជគុណ កែវ សុមាលី ច្រានចោល ដោយ​អះអាងថា អ្វីៗ​ដែល​កើតឡើង​ពេលនោះ ជាការ​រៀបចំ​ទុក ទម្លាក់កំហុស​លើ​ព្រះអង្គ ដើម្បី​បណ្ដេញ​ព្រះអង្គ​ចេញពី​វត្ត ដោយសារ​ព្រះអង្គ​ចូលរួម​ចលនា​សង្គម ដែល​ព្រះចៅអធិការ​យល់ថា ជា​ចលនា​ប្រឆាំងនឹង​រដ្ឋាភិបាល​។​​យ៉ាងណាក៏ដោយ​ព្រះ​តេជគុណ កែវ សុមាលី អះអាងថា ព្រះអង្គ​នៅតែ​បន្តធ្វើ​សកម្មភាព​នោះ​ដដែល ដោយ​មិន​បារម្ភ​ពី​ការចាប់​ព្រះកាយ​ទេ ដោយ​ព្រះអង្គ​យល់ថា ការតវ៉ា​ដោយ​សន្តិវិធី ជំរុញ​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស មាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ(VOD)ចេញផ្សាយថ្ងៃទីិ១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ។