• ពលរដ្ឋ​៣​គ្រួសារ​នៅ​ពោធិ៍សាត់​ប្រឈមមុខ​ការចាប់ខ្លួន​ក្នុងករណី​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ទ្រី​ភាព​

    • ថ្ងៃចេញផ្សាយ ២៨-វិច្ឆិកា-២០១៤

    ពលរដ្ឋ​៣​គ្រួសារ​នៅ​ឃុំ ថ្មដា ស្រុក​វាលវែង ខេត្ដ​ពោធិ៍សាត់ អះអាងថា ប្រឈមមុខ​នឹង​ការចាប់ខ្លួន​ដោយ​កម្លាំង​សន្តិសុខ​ក្រុមហ៊ុន​ទ្រី​ភាព និង​សមត្ថកិច្ច​ស្រុក ដោយសារ​ពួកគាត់​ព្យាយាម​ប្រឆាំង​ការ​ឈូសឆាយ​លំនៅដ្ឋាន​របស់​ពួ​គាត់​ពី សំណាក់​កម្លាំង​សន្តិសុខ​ក្រុមហ៊ុន​ដែល​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍​នេះ ។​​អ្នកស្រី សុខ ដា ដែល​អះអាង​ជា​ប្រជាពលរដ្ឋ​ម្នាក់​នៅក្នុង​ចំណោម​នោះ​មានប្រសាសន៍ថា សមត្ថកិច្ច​គ្រោង​ចុះ​ចាប់​ពលរដ្ឋ​៣​គ្រួសារ​នេះ ដោយសារ​ពួកគាត់​ព្យាយាម​រារាំង​ក្រុមហ៊ុន​មិន​ឲ្យ​ឈូសឆាយ​លំនៅដ្ឋាន​កាលពី ព្រឹក​មិញ ។ អ្នកស្រី​បន្តថា រហូតមកដល់​ម៉ោង​១១​ថ្ងៃ​ត្រង់នេះ កងកម្លាំង​ចម្រុះ និង​សន្តិសុខ​ក្រុមហ៊ុន​ដែលមាន​ទាំង​កាំភ្លើង ដំបង បាន​ព័ទ្ធជុំវិញ​ពួកគាត់​ជាង​១០​នាក់ ហើយ​ព្រមាន​ចាប់ខ្លួន​ប្រសិនបើ​ពួកគាត់​បង្ក​ការរារាំង​ការ​ឈូសឆាយ ។ អ្នកស្រី​ថា ពលរដ្ឋ​ទាំងនោះ​កំពុង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​ពួកគេ ។​​អ្នកស្រី សុខ ដា បន្ថែមទៀតថា កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​ក្រុមហ៊ុន​ទាំងនោះ បាន​បិទផ្លូវ​នៅក្នុង​តំបន់​នោះ មិន​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​ចេញចូល​នោះទេ ។​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តពោធិសាត់ លោក អន សុខុន បដិសេធ​ការសាកសួរ ដោយ​លោក​អះអាងថា​កំពុង​ជាប់​ប្រជុំ ខណៈ​VOD​មិនអាច​ស្វែងរក​ប្រភព​ផ្ទាល់​ដើម្បី​ទាក់ទង​សន្តិសុខ​ក្រុមហ៊ុន សុំ​ការបំភ្លឺ​អំពី​ការចោទប្រកាន់​របស់​ព​ល​រដ្ឋ​បាន ។​មន្ត្រី​ឃ្លាំមើល​ការរំលោភ សិទ្ធិមនុស្ស​របស់​សមា​គម​អាដហុក​ប្រចាំខេត្ត​ពោធិ៍សាត់ លោក ភួង សុធា កាលពីពេល​ថ្មីៗ​នេះ បាន​ឲ្យ​VOD​ដឹងថា ពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង​នោះ​បានមក​រស់នៅ​ទីនោះ​ច្រើន​ឆ្នាំ​មកហើយ ។ ករណីនេះ លោក​ចាត់ទុក​វិធាន​ការចុះ​ឈូសឆាយ​លំនៅដ្ឋាន​របស់​ពលរដ្ឋ​ដោយ​មិនបាន​ផ្តល់ សំណង​បែបនេះ​ថា ជាការ​រំលោភ​សិទ្ធិមនុស្ស និង​ជំរុញ​ឲ្យ មន្ត្រី​រដ្ឋាភិបាល​ថ្នាក់លើ​អន្តរាគមន៍​ទប់ស្កាត់ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មាន​ហិង្សា​ផ្ទុះឡើង​។​​អ្នកភូមិ​អះអាងថា មកដល់ពេលនេះ​ផ្ទះ​ពលរដ្ឋ​១០​ខ្នង​ត្រូវបាន​រុះរើ ក្នុងនោះ​គ្រួសារ​កងទ័ព​៩​គ្រួសារ​បាត់បង់​ដីស្រែ​ចម្ការ​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) ចេញផ្សាយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ៕