• អង្គការសិទ្ធិមនុស្សដាក់ញត្តិគាំទ្រជារូបថតទៅក្រសួងយុត្តិធម៌ឲ្យបញ្ចប់និទណ្ឌភាព

    • ថ្ងៃចេញផ្សាយ ៨-ធ្នូ-២០១៤

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិគាំទ្រដោយមានរូបថតប្រមាណ២៧០សន្លឹក នៅលើផ្ទំាងបដាធំមួយដាក់ ទៅកាន់ ក្រ សួងយុត្តិធម៌នៅថ្ងៃអង្គារនេះ ដើម្បីជំរុញឲ្យស្ថាប័នពាក់ព័ន្ធបញ្ចប់និទណ្ឌភាពនៅកម្ពុជា ។យុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ ពីមជ្ឈ មណ្ឌលសិទ្ធិមនុស្សទទួលបានរូបថតប្រមាណ២៧០សន្លឹកក្នុងរយៈពេល១ខែ ពីអ្នករងគ្រោះដីធ្លី សកម្មជនសិទ្ធិមនុស្ស និស្សិត និងពលរដ្ឋមួយចំនួនទៀតដែលកំពុងរងការគំរាមកំហែងពីសំណាក់អាជ្ញាធរ ។នាយិកា ប្រតិបត្តិ មជ្ឈ មណ្ឌលសិទិ្ធមនុស្សកម្ពុជា (ម.ស.ម.ក) លោកស្រី ចក់ សុភាព ឲ្យ VOD ដឹងថា ជនល្មើស មួយចំនួន ដែល បាញ់សម្លាប់អ្នកកាសែត សកម្មជនដីធ្លី និងការប្រើហិង្សាលើប្រជាពលរដ្ឋកន្លងមក អាជ្ញាធរមិនទាន់វែកមុខឃាតករ ពិត មកផ្តន្ទា ទោសនៅឡើយ ។ ហេតុនេះលោកស្រីក៏ធ្វើយុទ្ធនានេះឡើង ។លោកស្រីបញ្ជាក់ថា «គោលបំណង យើងគឺចង់ផ្ញើ អំពាវនាវ ដល់ រដ្ឋាភិបាល ជាពិសេសតាមរយៈក្រសួងយុត្តិធម៌ ឲ្យធានានូវប្រព័ន្ធ យុត្តិធម៌ ជាពិសេសលុបបំបាត់នូវវប្បធម៌និទណ្ឌភាពនៅក្នុងប្រទេសកម្ពុជាយើង» ។បើតាមលោកស្រី ចក់ សុភាព ញត្តិដែល មាន ភ្ជាប់រូបថតអ្នកគាំទ្រនេះ ត្រូវបានមន្ត្រីខុទ្ទកាល័យក្រសួងយុត្តិធម៌ទទួលយក ហើយសន្យាថា នឹងបញ្ជូនទៅរដ្ឋមន្ត្រីសិក្សាលើបញ្ហានេះ ។ទោះជាយ៉ាងណា លោកស្រីឲ្យដឹងថា នៅថ្ងៃទី៩ ដល់ថ្ងៃ១៣ ខែធ្នូនេះ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជានឹងធ្វើយុទ្ធនាការថ្មីមួយទៀត ដោយមានតំាងពិព័ររូបថត “ឯណាទៅយុត្តិធម៌ខ្ញុំ” នឹងមានអ្នកចូលរួមច្រើនផងដែរ ។របាយការណ៍នានាបង្ហាញថា ២១ឆ្នាំ ក្រោយ ពី អ្នកនយោបាយប្រកាសដឹកនាំប្រទេសតាមបែប លទ្ធិប្រជាធិបតេយ្យ មាន អ្នក សារ ព័ត៌មានយ៉ាងតិច១៣នាក់ត្រូវបានគេសម្លាប់ ។ អ្នកសារព័ត៌មានទាំងនោះមានដូចជា អ្នកកាសែតមនសិការខ្មែរលោក ឃឹម សំបូរ និងអ្នកកាសែតផ្សេងទៀត មានលោក ហង្ស សេរីឧត្តម លោក ឯក មង្គល ជាដើម ។មកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ វែកមុខជនដៃដល់មកផ្តន្ទាទោស បើទោះបីឃាតកម្មថ្មីៗនៅខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំង ត្រូវបានចាប់ខ្លួនក៏ដោយ ។ចំណែក អ្នកយកព័ត៌មាន VOD លោក ឡាយ សាមាន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ ក៏ត្រូវបាន ក្រុម សន្តិសុខ ខណ្ឌដូន ពេញ ច្រើននាក់ ព្រួតគ្នាប្រើដំបងវាយលើដងខ្លួន និងបាក់ឆ្អឹងផ្ទៃមុខ រហូតសន្លប់ ខណៈអ្នកព័ត៌មានរូបនោះ តាមផ្តិតយក សកម្មភាព ក្រុម សន្តិសុខដេញបង្ក្រាបពលរដ្ឋ នៅជិតទីលានប្រជាធិបតេយ្យ។ការសិក្សាស្រាវជ្រាវរបស់អង្គការតម្លាភាពកម្ពុជា ដោយមានលោក កែម ឡី ជាអ្នកដឹកនាំស្រាវជ្រាវ បានរកឃើញថា ប្រព័ន្ធតុលាការ នៅកម្ពុជាមានភាពទន់ខ្សោយខាងផ្នែកសុចរិតភាព ជាងគេបំផុត បើប្រៀបធៀបទៅនឹងស្ថាប័នរដ្ឋ និងឯកជនដទៃទៀត ។ការសិក្សានេះ បានដាក់ពិន្ទុឲ្យប្រព័ន្ធតុលាការ ទាបជាងគេ គឺមានពិន្ទុតែ១៦ ខណៈស្ថាប័ននីតិបញ្ញតិមានពិន្ទុ៣០ ។ រីឯសង្គម ស៊ីវិល មានពិន្ទុ៤៨ គឺខ្ពស់ជាងគេ និងតាមពីក្រោយ ដោយស្ថាប័ននីតិប្រតិបត្តិដែលបានទទួលពិន្ទុ៤៣ ៕ដកស្រង់ចេញពីសារព័ត៌មាន វិទ្យុសម្លេងប្រជាធិបតេយ្យ វីអូឌី ចេញនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៤ ។